website_news:2023070803

យល់ដឹងផ្នែកច្បាប់៖ បទល្មើសពាក់ព័ន្ធរូបភាព និងសម្ភារៈអាសអាភាស

https://plus.freshnewsasia.com/index.php/en/freshnewsplus/303381-2023-08-06-07-11-08.html 2023-08-06 02:11pm

(ភ្នំពេញ)៖ សកលលោកកាន់តែមានភាពរីកចម្រើន ប្រព័ន្ធបច្ចេកវិទ្យាក៏កាន់តែទំនើប ដែលបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់នៅទូទាំងសកលលោក ដែលអាចដឹងអំពីព័ត៌មានទាំងអស់ដែលកើតមានប្រចាំថ្ងៃ មិនថានៅក្នុងប្រទេស ឬនៅទីកន្លែងណានោះទេ គឺបច្ចេកវិទ្យាអាចបង្ហាញឱ្យដឹងតាមរយៈការចែករំលែកនូវសកម្មភាព រូបភាព ក៏ដូចជាបង្ហាញពីអារម្មណ៍នៅលើប្រព័ន្ធទំនាក់ទំនងសង្គមជាដើម។

មិនត្រឹមតែប៉ុណ្ណោះ យើងសង្កេតឃើញថា មានអ្នកប្រើប្រាស់មួយចំនួនធំបានទាញយកភាពជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យានេះ ទៅប្រើប្រាស់ក្នុងគោលបំណងវិជ្ជមាន ដើម្បីអាចបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ដទៃទៀត ក៏ដូចជាចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ទៅកាន់សកលលោកតាមរយៈភាពទំនើបនៃបច្ចេកវិទ្យានេះ។

ប៉ុន្តែមានមួយភាគតូច ដែលមានគំនិតអវិជ្ជមាន បានឆ្លៀតយកទំនើបកម្មនៃបច្ចេកវិទ្យានេះ ទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ រហូតដល់មានការប្រកបអាជីវកម្ម ចែកចាយ និងឈានទៅរកការប្រព្រឹត្តបទល្មើសផ្សេងៗផងដែរ។ ជាងនេះទៅទៀត ក៏មានអ្នកប្រើប្រាស់ខ្លះទៀតមិនបានដឹងថា សកម្មភាពរបស់ខ្លួនដែលបង្ហាញតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមអាចបង្កទៅជាបទល្មើស ឬការចែករំលែកនូវសកម្មភាព រូបភាព សម្ភារៈដែលហាមឃាត់ផ្សេងៗ ដោយមិនដឹងថាអំពើទាំងនោះជាបទល្មើសនោះទេ។

ដើម្បីអាចយល់កាន់តែច្បាស់ ថាតើសកម្មភាពណាខ្លះដែលត្រូវបានហាមឃាត់ និងអាចឈានទៅមានបទល្មើសនោះ?

សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «បទល្មើសពាក់ព័ន្ធរូបភាព និងសម្ភារៈអាសអាភាស» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ឱ្យបានជ្រាបកាន់តែច្បាស់។

នៅក្នុងប្រទេសដែលប្រកាន់យកនយោបាយប្រជាធិបតេយ្យ គឺផ្តល់នូវសិទ្ធិសេរីភាពពេញលេញដល់ប្រជាជនរបស់គេ មិនខុសគ្នានឹងប្រទេសកម្ពុជានោះទេ គឺប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ប៉ុន្តែសិទ្ធិសេរីភាពទាំងនោះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ កេរ្តិ៍ឈ្មោះ កិត្តិយស សកម្មភាពរបស់អ្នកដទៃនោះទេ ។ ជាងនេះទៅទៀត កម្ពុជាក៏មិនបានហាមឃាត់ក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗនោះដែរ ពោលគឺប្រជាជនមានសិទ្ធិសេរីភាពក្នុងការបង្ហាញ បញ្ចេញមតិ ផ្សព្វផ្សាយ ចែករំលែក នូវសកម្មភាពផ្សេងៗដែលកើតមាននៅក្នុងសង្គមជាក់ស្តែង។

ប៉ុន្តែយើងសង្កេតឃើញថាមានប្រជាជនមួយភាគតូច ដែលមានចេតនាក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ក៏ដូចជាប្រព័ន្ធផ្សេងៗទៅប្រព្រឹត្តអំពើដែលច្បាប់ហាមឃាត់ដូចជា៖ ការចែកចាយរូបភាពអាសអាភាស ការលក់ផលិតផលសម្ភារៈអាសអាភាស (លិង្គសិប្បនិម្មិត ប្រដាប់រួមភេទសិប្បនិម្មិត ឧបករណ៍ជំនួយដល់ការរួមភេទ…) ការបង្កើតក្រុមដើម្បីចែករំលែករូបភាព ឬវីដេអូអាសអាភាស ការផ្សព្វផ្សាយលក់វីដេអូ និងរូបភាពអាសអាភាស ការបន្តផ្ទាល់ (Live) ក្នុងគោលបំណងអាជីវកម្មផ្លូវភេទ ការថតសកម្មភាព ឬវីដេអូដែលធ្វើឱ្យរំជួលដល់ចំណង់ផ្លូវភេទ បង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គម ជាដើម ។ល។ មាត្រា ៣៨ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានឱ្យនិយមន័យ នៃរូបភាព និងសម្ភារៈអាសអាភាស ថា៖ រូបភាព និងសម្ភារៈអាសអាភាស គឺជាសម្ភារៈដែលអាចមើលឃើញនឹងភ្នែកដូចជា រូបថត ខ្សែវីដេអូ រួមទាំងសម្ភារៈអេឡិចត្រូនិច ដែលពិពណ៌នាអំពីកេរភេទ ឬភាពអាសអាភាស ប្រហាក់ប្រហែលផ្សេងទៀតដែលធ្វើឱ្យរំភើប ឬរំជួលដល់ចំណង់ផ្លូវភេទ។

ដូចនេះ ចំពោះជនណាដែលចែកចាយ កាន់កាប់ លក់ ជួល ដឹកជញ្ជូន នាំចូល នាំចេញ ដាក់តាំង បញ្ចាំង ឬបង្ហាញនៅទីសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ថ្ងៃ ដល់ ១ (មួយ) ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ដល់ ២០០.០០០ (ពីរសែន) រៀល (ស្របតាមមាត្រា ៣៩ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ)។

មិនត្រឹមតែប៉ុណ្ណោះ រាល់សកម្មភាព សម្ភារៈអាសអាភាស ឬបទល្មើសពាក់ព័ន្ធនឹងកុមារ គឺត្រូវបានហាមឃាត់ជាដាច់ខាត និងមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាង ពោលគឺ ជនណាដែលចែកចាយ កាន់កាប់ លក់ ជួល ដឹកជញ្ជូន នាំចូល នាំចេញ ដាក់តាំង បញ្ចាំង ឬបង្ហាញនៅទីសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន) រៀល ។

ជនណាផលិតរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ដល់ ១០ (ដប់) ឆ្នាំ បន្ថែមពីនេះប្រសិនបើមានករណីយករូបភាព និងសម្ភារៈអាសអាភាសទាំងនោះក្នុងគោលដៅយកទៅប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសណាមួយ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ដល់ ២០ (ម្ភៃ) ឆ្នាំ (មាត្រា ៤១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ)។ ដោយសង្កេតឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជាមួយចំនួនតូចមានចេតនាក្នុងការផលិត ចែកចាយបន្ត ដាក់បង្ហាញ និងធ្វើអាជីវកម្ម លើរូបថត ខ្សែវីដេអូ ក៏ដូចជាសម្ភារៈអាសអាភាស ជាសាធារណៈនៅតាមប្រព័ន្ធបណ្តាញសង្គមផ្សេងៗជាហេតុនាំឱ្យការប្រព្រឹត្តបទល្មើសមានចំនួនកើនឡើង។

សរុបជារួមមក កម្ពុជាមិនបានហាមប្រាមសិទ្ធិក្នុងការផ្សព្វផ្សាយ ការចែកចាយ ការបង្ហាញ ការប្រកបអាជីវកម្មនោះទេ តែរាល់សកម្មភាពទាំងនោះត្រូវតែស្របតាមច្បាប់កំណត់ ទោះបីជាសកម្មភាពមួយចំនួនជាសិទ្ធិសេរីភាពរបស់អ្នកប្រើប្រាស់ក៏ពិតមែន ប៉ុន្តែត្រូវប្រាកដថា សកម្មភាពទាំងនោះមិនត្រូវបានហាមឃាត់ដោយច្បាប់ផ្សេងៗ ឬសកម្មភាពខ្លះអាចជំរុញឱ្យមានបទល្មើសក៏ថាបាន។ ដើម្បីចៀសវាងចំពោះសកម្មភាពល្មើសណាមួយកើតឡើង គប្បីឈ្វេងយល់ឱ្យបានច្បាស់លាស់ មុននឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ ចែករំលែក ឬផ្សព្វផ្សាយបន្ត ទោះជាយើងបានឃើញអំពើទាំងនោះពីអ្នកដទៃក៏ដោយ គួរណាកុំចែកចាយ ឬណែនាំទៅអ្នកផ្សេង ឬផ្សព្វផ្សាយបន្តជាសាធារណៈជាដាច់ខាត។

រៀបរៀងដោយ៖ លោកស្រីមេធាវី នូ ពិសី និងលោក ហេង សុគន្ធ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ president@ciclf.com, គេហទំព័រ៖ www.ciclf.com, ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm៕

website_news/2023070803.txt · Last modified: 2023/08/07 09:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki