website_news:2023070902

ប្រមុខការទូតខ្មែរ៖ អាស៊ាន ត្រូវតែយកចិត្តទុកដាក់រួមគ្នា ប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព

https://dap-news.com/national/2023/09/06/356562/ BySS107Posted on September 6, 2023 8:57

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៧ នាថ្ងៃទី៤ កញ្ញា ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា ប្រទេសសមាជិកអាស៊ាន ត្រូវតែយកចិត្តទុកដាក់រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ឆ្លងដែនគ្រប់រូបភាព ដែលត្រូវបានមើលឃើញថា មាននិន្នាការកើនឡើង ក្រោមជំនួយផ្នែកបច្ចេកវិទ្យា ។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី៥ កញ្ញា បានឲ្យដឹងថា កិច្ចប្រជុំនេះបានស្វាគមន៍ ចំពោះការខិតខំប្រឹងប្រែង របស់ប្រទេសសមាជិកអាស៊ាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធ និងលេខាធិការដ្ឋានអាស៊ាន ដែលបានអនុវត្តបន្ទាត់សកម្មភាព នៃផែនការលម្អិតស្តីពីសហគមន៍នយោបាយ-សន្តិសុខអាស៊ានឆ្នាំ២០២៥ ដោយសម្រេចដល់ទៅ ៩៩% ដែលសកម្មភាពទាំងនោះក៏បានគ្រប់ដណ្តប់លើវិស័យពាក់ព័ន្ធនឹងទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត បញ្ញាសិប្បនិមិ្មត បដិវត្តន៍ឧស្សាហកម្មទី៤ សេដ្ឋកិច្ចបៃតង ការឆ្លើយតបរបស់អាស៊ានចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ (WPS) និងរបៀបវារៈយុវជន សន្តិភាព និងសន្តិសុខ (YPS) ផងដែរ។

ក្នុងកិច្ចប្រជុំនោះឧបនាយករដ្ឋមន្រ្តី សុខ ចិន្ដាសោភា បានវាយតម្លៃថា «សន្តិភាព និងស្ថិរភាព គឺជាឆ្អឹងខ្នងដ៏សំខាន់នៃរាល់ការអភិវឌ្ឍទាំងអស់ ហើយយន្តការដែលដឹកនាំដោយអាស៊ានត្រូវបន្តលើកកម្ពស់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ ជាពិសេស បញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងបញ្ហាដែលនឹងកើតឡើងនាពេលអនាគត។ ស្របពេលជាមួយគ្នានេះដែរ ប្រទេសសមាជិកអាស៊ានត្រូវតែយកចិត្តទុកដាក់រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព ដែលត្រូវបានមើលឃើញថា មាននិន្នាការកើនឡើងក្រោមជំនួយផ្នែកបច្ចេកវិទ្យា» ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ាន ដែលបានរួមចំណែកដល់ដំណើរការមជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន (ARMAC) និងអំពាវប្រទេសសមាជិកអាស៊ានទាំងអស់ផ្តល់ ការគាំទ្រចាំបាច់នានាដល់មជ្ឈមណ្ឌល ARMAC ៕

website_news/2023070902.txt · Last modified: 2023/09/07 11:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki