website_news:2023070903

ស្នងការរងនគរបាលថៃស្នើឱ្យមានកិច្ចសហការបង្ក្រាបក្រុមឆបោកមជ្ឈមណ្ឌលហៅទូរស័ព្ទ

https://www.khmertimeskh.com/501355786// Khmer Times September 6, 2023

អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ស៊ូរ៉ាឆាត ហាក់ផាន (Surachate Hakparn) កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកកិច្ចសហការពីនគរបាលកម្ពុជា ក្នុងការតាមចាប់ខ្លួនជនសង្ស័យជនជាតិថៃ និងចិន ៩នាក់ ដែលធ្វើការក្នុងក្រុមឆបោកមជ្ឈមណ្ឌលហៅទូរស័ព្ទ ។ ពួកគេត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការស្លាប់របស់សមាជិកគ្រួសារថៃបីនាក់និងការប៉ុនប៉ងធ្វើអត្តឃាតរបស់មេគ្រួសារ។ លោក ស៊ូ រ៉ាឆាត មានដីកាចាប់ខ្លួនដែលចេញដោយតុលាការថៃ។

ហេតុការណ៍ឆបោករបស់មជ្ឈមណ្ឌលហៅទូរស័ព្ទនៅប្រទេសកម្ពុជា បានកើតឡើងនៅពេលដែលបុរសម្នាក់នៅខេត្តសាមុតប្រាកាន (Samut Prakan) បានសម្លាប់ប្រពន្ធ និងកូនពីរនាក់ដោយកាំបិត ហើយប៉ុនប៉ងធ្វើអត្តឃាត ដោយកាំបិតដូចគ្នានៅផ្ទះរបស់ពួកគេកាលពីថ្ងៃទី២៨ ខែសីហា។ បុរសនោះបានរួចផុតពីការប៉ុនប៉ងធ្វើអត្តឃាតនោះ។

នគរបាលស៊ើបអង្កេតបានរកឃើញថាប្រពន្ធបានខ្ចីប្រាក់ពីវេទិកាអនឡាញមួយដែលដំណើរការដោយក្រុមឆបោក ដែលសន្យាថា មិនយកការប្រាក់។ ក្រោយមក ក្រុមជនឆបោកនោះ បានគិតការប្រាក់គាត់ច្រើនលើសលប់ រហូតដល់បំណុលរបស់គាត់កើនឡើងដល់ប្រហែល ១,៧ លានបាត។ ប្តីរបស់គាត់ត្រូវបញ្ចាំផ្ទះ ប៉ុន្តែនៅតែមិនអាចសងបំណុលគេបាន។ ដោយក្តីអស់សង្ឃឹម គាត់បានសម្រេចចិត្តសម្លាប់មនុស្សជាទីស្រលាញ់របស់គាត់ និងបានធ្វើអត្តឃាត។ ស្ត្រីម្នាក់ដែលបើកគណនីធនាគារ«មេ»(mule bank account) ឲ្យក្រុមឆបោកនេះត្រូវបានចាប់ខ្លួននៅច្រកព្រំដែនក្នុងស្រុកអារញ្ញប្រាថេត កាលពីថ្ងៃទី៣០ សីហា នៅពេលស្ត្រីនោះព្យាយាមគេចខ្លួនមកកម្ពុជា។

នាយឧត្តមសេនីយ៍ ស៊ូរ៉ាឆាត បានប្រាប់អ្នកសារព័ត៌មានថា លោកសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការល្អពីនគរបាលកម្ពុជា។ លោកក៏បានជួបជាមួយឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីវិធីជួយជនជាតិថៃជាច្រើននាក់ ដែលត្រូវបានគេបោកបញ្ឆោតឱ្យធ្វើការឱ្យក្រុម ឆបោកមជ្ឈមណ្ឌលហៅទូរស័ព្ទនៅក្នុងប្រទេសកម្ពុជា៕ Thai PBS World

website_news/2023070903.txt · Last modified: 2023/09/07 11:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki