website_news:2023070905

បច្ចុប្បន្នមានពលរដ្ឋនិងនិស្សិតខ្មែរជាង២.២ម៉ឺននាក់បានទៅធ្វើការ និងសិក្សានៅម៉ាឡេស៊ី

https://freshnewsasia.com/index.php/en/localnews/309273-2023-09-06-09-37-43.html 2023-09-06 04:37pm

(ភ្នំពេញ)៖ តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ម៉ាឡេស៊ី ពិសេសលើវិស័យការងារ និងវិស័យអប់រំ ជួយឱ្យប្រជាពលរដ្ឋនិងនិស្សិតខ្មែរជាង២.២ម៉ឺននាក់បានទៅធ្វើការ និងសិក្សានៅប្រទេសម៉ាឡេស៊ី ដើម្បីកសាងសមត្ថភាព និងស្វែងរកចំណូលផ្គត់ផ្គង់គ្រួសារ។ នេះបើតាមការបញ្ជាក់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ក្នុងឱកាសចូលរួមក្នុងពិធីបុណ្យជាតិលើកទី៦៦នៃប្រជាជនម៉ាឡេស៊ី នាល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី ហេង សួរ ក្នុងនាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជារដ្ឋាភិបាលកម្ពុជាបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនិងនិស្សិតខ្មែរដែលកំពុងមានវត្តមាននៅទីនោះ។ លោកបានបញ្ជាក់ថា «ប្រជាពលរដ្ឋនិងនិស្សិតខ្មែរជាង ២.២ម៉ឺននាក់ កំពុងធ្វើការនិងសិក្សានៅប្រទេសម៉ាឡេស៊ី ដើម្បីកសាងសមត្ថភាព និងស្វែងរកចំណូលផ្គត់ផ្គង់គ្រួសារ»។

លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជានិងម៉ាឡេស៊ីបានខិតខំកសាងនូវមិត្តភាពដ៏ល្អនិងយូរអង្វែង និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតមួយក្នុងតំបន់អាស៊ាន។ ប្រទេសទាំងពីរនៅតែបន្តពង្រឹងពាណិជ្ជកម្មទ្វេភាគី បន្តពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជនយ៉ាងស្អិតល្មួតជាមួយគ្នា។ ជាក់ស្តែង ទំហំពាណិជ្ជកម្មបានកើនឡើងពី ៥០០លានដុល្លារ នៅឆ្នាំ២០២១ ដល់ ៦២០លានដុល្លារ នៅឆ្នាំ២០២២ ហើយ៧ខែ ដើមឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មបានកើនដល់ ៣៧៧លានដុល្លារអាម៉េរិក។ ក្នុងនោះដែរ យើងឃើញថាម៉ាឡេស៊ីឈរលំដាប់ថ្នាក់ទី៦ ក្នុងចំណោមប្រទេសដែលបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា។

មួយវិញទៀត ភ្ញៀវទេសចរម៉ាឡេស៊ីដែលមកទស្សនានៅកម្ពុជាបានកើនឡើងជាលំដាប់ ពោលគឺចាប់ពីជាង ២.៥ម៉ឺននាក់ នៅឆ្នាំ២០២០ កើនឡើងមកដល់ជាង ៥.៣ម៉ឺននាក់ នៅឆ្នាំ២០២២។ បើគិតត្រឹម៧ខែ ដើមឆ្នាំ២០២៣នេះ ភ្ញៀវទេសចរម៉ាឡេស៊ីជាង ៥.២ម៉ឺននាក់ បានមកទស្សនានៅកម្ពុជា៕

website_news/2023070905.txt · Last modified: 2023/09/07 11:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki