website_news:2023071101

ស្ត្រីខ្មែររងការបោកប្រាស់កេងប្រវ័ញ្ចពលកម្ម និងផ្លូវភេទនៅចិន «កំពុងកើនឡើង»

https://www.rfa.org/khmer/news/human-rights/ngos-report-the-deception-of-cambodian-women-to-exploit-labor-and-sex-trafficking-in-china-does-not-decrease-11062023103346.html ដោយ ថា ថៃ2023.11.06

អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលកត់សំគាល់ឃើញថា រយៈពេល១០ឆ្នាំចុងក្រោយនេះ អំពើបោកបញ្ឆោតមនុស្ស និងស្ត្រីពីកម្ពុជាយកទៅជួញដូរផ្លូវភេទ និងកេងប្រវ័ញ្ចកម្លាំងនៅប្រទេសចិនកំពុងកើនឡើង ដោយមិនមានការថយចុះទេ។ ពួកគាត់មើលឃើញថា ការកើនឡើងនេះដោយសារតែមន្ត្រីពុករលួយមួយចំនួនមានជាប់ពាក់ព័ន្ធ និងសកម្មភាពនេះ ព្រមទាំងប្រព័ន្ធតុលាការក៏មានវិធានការយឺតយ៉ាវក្នុងការចាប់ខ្លួនជនល្មើសជាដើម។

ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន កំពុងតែខិតខំជួយសង្គ្រោះជនរងគ្រោះដោយសារអំពើជួញដូរកម្លាំងពលកម្ម និងជួញដូរផ្លូវភេទ ពីប្រទេសចិនឱ្យត្រឡប់មកមាតុភូមិ ព្រមទាំងធ្វើយុទ្ធនាការតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយកុំឱ្យប្រជាពលរដ្ឋចាញ់បោក មេខ្យល់ ហើយធ្វើចំណាកស្រុកចេញទៅរកការងារធ្វើ នៅក្រៅប្រទេសដោយប្រថុយប្រថាន។ ការប្រឹងប្រែងរបស់អង្គការសិទ្ធិមនុស្សនេះ ខណៈបច្ចុប្បន្នអំពើបោកបញ្ឆោតមនុស្សពីកម្ពុជាយកទៅជួញដូរកម្លាំងពលកម្មនិងជួញដូរផ្លូវភេទនៅឯប្រទេសចិនកំពុងកើនឡើង។

នាយកប្រតិបត្តិអង្គការសង់ត្រាល់ (Central) លោក មឿន តុលា មានប្រសាសន៍ថា ក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ ក្រុមជនខិលខូច ដែលដើរបោកបញ្ឆោតមនុស្ស និងស្ត្រីពីកម្ពុជាយកទៅជួញដូរកម្លាំងពលកម្ម និងទៅរៀបការជាមួយបុរសចិន កំពុងកើតមានយ៉ាងខ្លាំង មិនថយចុះទេ។ លោក មឿន តុលា ឱ្យដឹងទៀតថា ក្នុងរយៈពេលជាង១០ឆ្នាំមកហើយ ដែលអង្គការរបស់លោកតែងតែជួយសង្គ្រោះពលរដ្ឋខ្មែរ និងស្ត្រីពីប្រទេសចិន ឱ្យត្រឡប់មកស្រុកវិញ ដោយយ៉ាងហោចណាស់ ក៏ចំនួនពី៧ទៅ១០នាក់ដែរក្នុង១ឆ្នាំៗ។ បច្ចុប្បន្ននេះមានជនខិលខូចខ្លះតែងតែដើរទៅតាមតំបន់ដាច់ស្រយាលតាមបណ្ដាខេត្តមួយចំនួន ហើយបោកបញ្ឆោតមនុស្ស ដែលពេញកម្លាំងធ្វើការព្រមទាំងស្ត្រីក្មេងៗមានរូបសម្រស់ស្អាតថា ទៅធ្វើការនៅប្រទេសចិន គឺបានប្រាក់ខែថ្លៃ ២ ទៅ ៣ពាន់ដុល្លារក្នុងមួយខែ ហើយស្របពេល ដែលមនុស្សជាច្រើនកំពុងតែមានជីវភាពខ្វះខាតចង់បានការងារធ្វើផងនោះ ក៏ត្រូវមេខ្យល់ធ្វើលិខិតឆ្លងដែន និងទិដ្ឋាការ តាមរូបភាព ជាអ្នកទេសចរណ៍ទៅដើរកំសាន្តនៅប្រទេសចិន។ ក៏ប៉ុន្តែពេលទៅដល់ប្រទេសចិន គេក៏ដកលិខិតឆ្លងដែនរបស់គាត់ ហើយខ្លះលក់ទៅឱ្យធ្វើការដោយមិនមានប្រាក់ខែ និងស្ត្រីខ្លះទៀតត្រូវគេបង្ខំឱ្យរៀបការជាមួយបុរសចិន ដែលភាគច្រើនគឺជាមនុស្សមិនសូវគ្រប់លក្ខណៈដើម្បីបង្កើតកូនឱ្យគេ ព្រមទាំងបង្ខំឱ្យបំរើគ្រួសាររបស់គេ និងធ្វើការងារដោយមិនគិតថ្លៃ។

លោក មឿន តុលា៖ «បើតាមជនរងគ្រោះគាត់លើកឡើងថា មានស្ត្រីច្រើនមានបុរសខ្មែរខ្លះដែរប៉ុន្តែស្ត្រីច្រើនជាង ហើយនៅខេត្តក្វាងចូវ ក៏ច្រើនជាងគេដែរ»។ បើសិនជាស្ត្រី គឺគេយកទៅឱ្យរៀបការជាមួយបុរសជនជាតិចិនដោយបង្ខំ។ ពីព្រោះនៅស្រុកចិនកន្លងមកមានគោលនយោបាយគ្រួសារមួយកូន១ ដូច្នេះចិនមានអតិផរណា នៃចំនួនបុរសច្រើនជាងស្ត្រីធ្វើឱ្យបុរសចិនពិបាករកប្រពន្ធណាស់ដោយសារស្ត្រីតិចជាងអីចឹង ហើយបានជាអ្នកអត់មានកាយសម្បទាគ្រប់គ្រាន់ប្រឹងរកប្រពន្ធពីប្រទេសផ្សេងៗ យកស្ត្រីពីភូមា ពីកម្ពុជា វៀតណាម ឡាវជាដើម។ លោក មឿន តុលា បញ្ជាក់ទៀតថា ភាគច្រើនមេខ្យល់តែងនាំកម្លាំងពលកម្ម និងស្ត្រីយកទៅជួញដូរនៅប្រទេសចិននោះ តាមជើងយន្តហោះ និងផ្លូវគោកតាមច្រករបៀងព្រំដែនឆ្លងកាត់ប្រទេសវៀតណាម។

ជនរងគ្រោះជាស្ត្រីវ័យក្មេងម្នាក់ឈ្មោះ ឱ សុជី អាយុប្រហែល ១៧ឆ្នាំ នៅឃុំប៉ាលហាល នៃស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ រៀបរាប់ថា នាងបាន ចាញ់បោកមេខ្យល់តាំងពីឆ្នាំ២០២១។ ជនរងគ្រោះរូបនេះ ក៏បានថ្លែងប្រាប់បន្ថែមទៀត អំពីការធ្វើទុក្ខបុកម្នេញលើរូបនាងនៅឯប្រទេសចិនតាមបណ្ដាញសង្គម (Facebook) ដោយទទូចសុំឱ្យរដ្ឋាភិបាលខ្មែរជួយរំដោះរូបនាងបានវិលត្រឡប់មកស្រុកកំណើតជួបជុំគ្រួសារវិញ។ យុវតី ឱ សុជី៖ «ខ្ញុំចាញ់បោកមេខ្យល់គេយកមកលក់នៅប្រទេសចិន។ គេវាយដុំ ទះទាត់ និងឃុំឃាំងខ្ញុំនៅក្នុងបន្ទប់ ហើយលក់ខ្ញុំពីម្នាក់ទៅម្នាក់ ខ្ញុំមានតែលើកម្រាមដៃ១០ទេ ឱ្យបងប្អូនអ្នកស្រុកខ្មែរជួយយកខ្ញុំទៅផ្ទះផង។ សូមជួយ Share ដើម្បីឱ្យអ្នកធំបានឃើញខ្ញុំនិងជួយខ្ញុំ»។ ប៉ុន្តែគួរឱ្យស្ដាយអង្គការសិទ្ធិមនុស្ស និងសង្គមស៊ីវិលជាច្រើនមិនអាចតាមរកនាង ឱ សុជី ឃើញឡើយដោយសារតែក្រុមគ្រួសាររបស់នាងមិនសហការព្រមទាំងផ្លាស់ប្ដូរទីលំនៅចេញបាត់ពីភូមិដែលធ្លាប់រស់នៅ។

មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ទទួលបន្ទុកការងារស្ត្រី និងកុមារប្រចាំខេត្តព្រះវិហារអ្នកស្រី ហ៊ូ ម៉ាបូណ្ណី មានប្រសាសន៍ថា សមាគមអាដហុកបានព្យាយាមខ្នះខ្នែងជួយក្មេងស្រី ឱ សុជី នេះក៏ប៉ុន្តែម្ដាយរបស់នាងដែលជាប់ចោទពីបទលក់កូនស្រីរបស់ខ្លួននោះ មិនព្រមសហការជាមួយក្រុមអង្គការក្រៅរដ្ឋាភិបាល ដើម្បីផ្ដល់ព័ត៌មានពីកន្លែងដែលកូនរបស់គាត់ស្នាក់នៅក្នុងប្រទេសចិនទេ។ អ្នកស្រី ហ៊ូ ម៉ាបូណ្ណី៖ «អត់ទាន់ជួយបានមកដល់ទេកូនហ្នឹង ណាមួយយើងព្យាយាមជួបម្ដាយ ដើម្បីឱ្យដឹងថា តើអាដហុកអាចជួយបានយ៉ាងដូចម្តេច ប៉ុន្តែក្រុមគ្រួសារបែរជាផ្លាស់ទីលំនៅមិនដឹងទៅរស់នៅទីណា? ហើយមេខ្យល់ក្នុងរឿងហ្នឹង ក៏បានចាប់ខ្លួនយកទៅដាក់ពន្ធនាគាររួចហើយដែរ»។

ជនរងគ្រោះជាស្ត្រីខ្មែរម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ រស់នៅស្រុករវៀង ខេត្តព្រះវិហារដែលទើបតែជួយសង្គ្រោះឱ្យវិលត្រឡប់ពីប្រទេសចិនវិញ នាង បានប្រាប់វិទ្យុអាស៊ីសេរីថា មេខ្យល់បានបោកបញ្ឆោតរូបនាងយកទៅស្រុកចិន តាំងតែពីចុងឆ្នាំ២០១៥។ មេខ្យល់បានឱ្យប្រាក់ទៅម្ដាយរបស់នាងចំនួន១ពាន់ដុល្លារអាមេរិក ហើយប្រាប់ថា នាំរូបនាងទៅធ្វើការនៅប្រទេសចិនបានប្រាក់ខែច្រើន។ បន្ទាប់មក មេខ្យល់នាំរូបនាងឆ្លងព្រំដែនតាមប្រទេសវៀតណាម ហើយស្នាក់នៅក្នុងប្រទេសវៀតណាមប្រហែលជាកន្លះខែ។ ពេលស្នាក់នៅក្នុងប្រទេសវៀតណាមនោះនាងបានដឹងថា គេមិនមែននាំរូបនាងទៅធ្វើការនៅប្រទសចិនទេ គឺយករូបនាងទៅលក់ឱ្យរៀបការជាមួយបុរសចិនម្នាក់ ដែលជាប្រភេទមនុស្សមិនសូវគ្រប់ទឹក។

ស្ត្រីដដែលបញ្ជាក់ទៀតថា បើទោះបីជានាងដឹងថា បុរសដែលនាងត្រូវរៀបការជាមួយគឺជាមនុស្សដែលមិនគ្រប់លក្ខណៈក៏ដោយក៏រូបនាងមិនអាចប្រកែកបានទេ ពីព្រោះខ្លាចគេធ្វើបាប។ នាងមិនដឹងថា មេខ្យល់ដែលនាំនាងទៅនោះ គេទទួលបានប្រាក់ចំនួនប៉ុន្មានពីបុរសចិននោះទេ ប៉ុន្តែនាងដឹងត្រឹមតែថា ម្ដាយរបស់នាងទទួលបានប្រាក់តែ១ពាន់(១.០០០)ដុល្លារគត់ មុនពេលគេនាំរូបនាងចេញពីផ្ទះ។ ស្ត្រីរងគ្រោះម្នាក់ខាងលើ៖ «គេធ្វើបាបផ្លូវចិត្តណាស់ គេមិនចាត់ទុកខ្ញុំ ដូចជាប្រពន្ធទេគឺចាត់ទុកដូចជាស្ត្រីកំដរអារម្មណ៍។ និយាយទៅគេចង់បានតែកូន។ គេជេរ គេស្ដី គេស្អប់គេមិនវាយធ្វើបាបទេគ្រាន់តែគេមិនពេញចិត្ត ហើយខ្ញុំរស់នៅជាមួយគេមិនចុះសម្រុង។ ខ្ញុំកើតកូនបាន ១ខែមិនទាន់ទេ គឺគេចង់រួមភេទបង្ខំចង់បានកូនប្រុស ព្រោះអីកូនទី១ របស់ខ្ញុំជាកូនស្រី។ ខ្ញុំពិបាករស់នៅជាមួយដោយសារតែឱ្យបាយ ឱ្យចំណីហូប ប៉ុន្តែលុយមិនឱ្យទេ បញ្ហាមួយទៀតមិនឱ្យខ្ញុំទាក់ទងមកម៉ែពុកនៅស្រុកខ្មែរ សូម្បីតែទូរស័ព្ទក៏មិនឱ្យលេងដែរ»។

អ្នកស្រី ហ៊ូ ម៉ាបូណ្ណី ឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ សមាគមការពារសិទ្ធិមនុស្ស ADHOC បានជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ ដែលគេជួញដូរទៅប្រទេសចិនឱ្យវិលត្រឡប់មកផ្ទះវិញ បាន៧ករណីហើយ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថារូបភាពនៃអំពើជួញដូរមនុស្សទៅកាន់ប្រទេសចិនភាគច្រើន គឺចាញ់បោកមេខ្យល់តាមរយៈមិត្ត ភក្ដិ ឬក៏សាច់ញាតិបញ្ចុះបញ្ចូល ឱ្យយល់ព្រមទៅធ្វើការ ដោយសារតែឃើញមនុស្សខ្លះ ដែលគេទៅធ្វើការនៅចិន មានលុយច្រើនជីវិតបែបហ៊ឺហាជាដើម។ រូបភាពខ្លះទៀតគឺរបៀបជារៀបការជាមួយបុរសចិនក៏មាន ប៉ុន្តែពេលដែលចេញពីកម្ពុជាទៅដល់ប្រទេសចិនទើបដឹងខ្លួនថាចាញ់បោកគេ។ លោក ស៊ឹង សែនករុណា៖ «ពេលខ្លះយើងជួយត្រឡប់មកវិញបាន និងពេលខ្លះក៏ពិបាកជួយត្រឡប់មកវិញដែរ ដោយសារតែជនខិលខូចមានល្បិច ក្នុងការលាក់បាំង ក្នុងការទប់ស្កាត់មិនឱ្យពួកគាត់មានឱកាសវិលត្រឡប់មកវិញអីជាដើម។ យើងមានការព្រួយបារម្ភណាស់ដូច្នេះហើយបានជាខិតខំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការយល់ដឹង គិតពិចារណាឱ្យបានខ្ពស់មុននឹងធ្វើចំណាកស្រុកចេញទៅក្រៅប្រទេសទៅអីជាដើម»។

បើទោះបីជាយ៉ាងណាវិទ្យុអាស៊ីសេរី មិនអាចសុំការពន្យល់ពីអ្នកនាំពាក្យក្រសួងការបរទេសលោក អាន សុខខឿន និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកប្រឆាំងការជួញដូរស្ត្រី និងការពារអនីតិជន អ្នកស្រី ជូ ប៊ុនអេង បានថាយ៉ាងណានៅឡើយនៅថ្ងៃទី៤ ខែវិច្ឆិកា។

នាយកប្រតិបត្តិអង្គការសង់ត្រាល់លោក មឿន តុលា ឱ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះអំពើបោកបញ្ឆោតនាំមនុស្សទៅជួញដូរកម្លាំងពលកម្ម និងផ្លូវភេទពីកម្ពុជាទៅប្រទេសចិនមិនថយចុះទេ បើទោះបីជាក្រសួងការបរទេសកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជាធ្លាប់បានពង្រឹងកិច្ចសហប្រតិបត្តិការដោយរឹតត្បិតក្នុងការចេញទិដ្ឋាការឱ្យស្ត្រីខ្មែរទៅលេងនៅចិនមានកំរិតមែន ក៏ប៉ុន្តែការនាំស្ត្រីខ្មែរដោយធ្វើដំណើរតាមយន្តហោះបានថយចុះ ហើយការធ្វើដំណើរតាមផ្លូវគោក នៃច្រករបៀងព្រំដែនកម្ពុជា-វៀតណាមបានកើនឡើង។

បើទោះបីជាអង្គការក្រៅរដ្ឋាភិបាលទទួលស្គាល់ថា សកម្មភាពនាំយកមនុស្សទៅជួញដូរនៅប្រទេសចិន កំពុងកើនឡើងក៏ដោយក៏គេមិនដឹងពីតួលេខច្បាស់លាស់ថា ចំនួនប៉ុន្មាននាក់ ក្នុង ១ឆ្នាំៗនោះទេ។ ប៉ុន្តែផ្អែកតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានប៉ានប្រមាណថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានពលរដ្ឋកម្ពុជាប្រមាណ ១០ម៉ឺន បានរងគ្រោះដោយសារអំពើជួញដូរមនុស្ស។ ជនរងគ្រោះទាំងនោះ ត្រូវគេនាំយកទៅជួញដូរកម្លាំងពលកម្មនិងផ្លូវភេទនៅប្រទេសចិន និងប្រទេសមួយចំនួនទៀតក្នុងតំបន់ដូចជានៅម៉ាឡេស៊ី និងប្រទេសថៃជាដើម។

គេហទំព័រឈ្មោះម៉ូឌើន ឌីប្លូម៉ាស៊ី (Modern Diplomacy) បានដកស្រង់របាយការណ៍អង្គការសហប្រជាជាតិស្ដីពីគ្រឿងញៀន និងឧក្រិដ្ឋកម្មមកផ្សាយកាលពីថ្ងៃទី៣ ខែវិច្ឆិកា ថាការជួញដូរមនុស្ស និងពេស្យាចារនៅកម្ពុជា បានកើតមាននៅខេត្តព្រះសីហនុតាំងពីឆ្នាំ២០១៩ នៅតាមកន្លែងលេងល្បែងស៊ីសងស្របច្បាប់ជាច្រើន។ ប្រទេសកម្ពុជាមិនត្រឹមតែជាប្រភពដែលផ្គត់ផ្គង់ពេស្យាចារទៅឱ្យប្រទេសដទៃទៀតក្នុងការជួញដូរផ្លូវភេទប៉ុណ្ណោះទេ កម្ពុជាក៏ជាចំណុចឆ្លងកាត់ របស់ក្រុមជួញដូរមនុស្សមកពីប្រទេសចិន វៀតណាមនិងថៃផងដែរ។

អង្គការសហប្រជាជាតិស្ដីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម បានរកឃើញទៀតថា បច្ចុប្បន្ននេះក្រៅពីការនាំស្ត្រីទៅជួញដូរនៅក្រៅប្រទេសគឺស្ត្រីជាច្រើនទៀតត្រូវគេជួញដូរពីតំបន់មួយទៅតំបន់មួយនៅក្នុងប្រទេសកម្ពុជា ដូចជាខេត្តសៀមរាប ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ ក្នុងតម្លៃខ្លួនដែលបុរសបរទេសហ៊ានចំណាយប្រាក់ពី៨០០ ទៅ ៤.០០០ដុល្លារដើម្បីរួមភេទ។

ក្រុមអង្គការក្រៅរដ្ឋាភិបាលយល់ថា បច្ចុប្បន្ននេះ ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សចេះតែកើនឡើងគឺដោយសារតែការបង្ក្រាបមិនមានប្រសិទ្ធភាព ពីព្រោះតែមន្ត្រី និងកងកម្លាំងសន្តិសុខរបស់ រដ្ឋាភិបាលខ្លះ មានជាប់ពាក់ព័ន្ធនិងឃុបឃិតជាមួយបណ្ដាញឧក្រិដ្ឋជន ហើយប្រព័ន្ធតុលាការទៀតសោត ក៏មានអំពើពុករលួយទទួលសំណូកជាថ្នូរនឹងការមិនចោទប្រកាន់ និងផ្ដន្ទាទោសទៅលើក្រុមឧក្រិដ្ឋជនទាំងនោះជាដើម៕

website_news/2023071101.txt · Last modified: 2023/11/07 11:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki