website_news:2023080203

ថៅកែថៃបញ្ឈប់ពលករខ្មែរជាច្រើនដោយមិនបញ្ជាក់មូលហេតុ

https://www.rfa.org/khmer/news/human-rights/many-cambodian-workers-in-thailand-have-been-fired-by-their-employers-02072023080736.html ដោយ យ៉ង ចាន់តារា2023.02.07

ពលរដ្ឋខ្មែរធ្វើការក្នុងរោងចក្រវិចខ្ចប់មួយ នៅខេត្តរ៉ាក់យ៉ង (Rayong) ប្រទេសថៃ(Thaland) ជាង២០នាក់ ត្រូវបានថៅកែថៃ បញ្ឈប់ពីការងារ ដោយមិនបញ្ជាក់មូលហេតុ។ មន្ត្រីសង្គមស៊ីវិលធ្វើការងារទាក់ទងពលករលើកឡើងថា ការបញ្ឈប់ការងារនេះ គឺថៅកែថៃរំលោភច្បាប់ការងាររបស់ប្រទេសនេះ។ ថៅកែជនជាតិថៃ ដែលបញ្ឈប់ពលករខ្មែរពីការងារ មិនបានផ្ដល់ដំណឹងជូនពលករជាមុនទេ ហើយក៏មិនទាន់ផ្ដល់ប្រាក់សំណងឱ្យពលករវិញដែរ។ ពេលនេះក្រុមពលករកំពុងប្រឈមបញ្ហាជីវភាព ក្នុងគ្រាដែលគ្មានការងារធ្វើ។ ពលករខ្មែរធ្វើការងារផ្នែកធ្វើថង់ប្លាស្ទិក លោកស្រី ព្រំ សំណាង ឱ្យវិទ្យុអាស៊ីសេរីដឹងថ្ងៃទី០៧ ខែកុម្ភៈ ថា ថៅកែថៃ បានហៅលោកស្រីទៅចុះហត្ថលេខាលើលិខិតបញ្ឈប់ពីការងារកាលពីថ្ងៃទី០៣ ខែកុម្ភៈ ដោយមិនប្រាប់លោកស្រីថា នោះជាលិខិតបញ្ឈប់ពីការងារទេ។ លោកស្រីឱ្យដឹងទៀតថា ពេលនោះលោកស្រី និងពលករផ្សេងទៀត មិនដឹងត្រូវធ្វើបែបណា ក៏យល់ព្រមចុះហត្ថលេខាលើពាក្យលាឈប់នោះ។ លោកស្រីថា ពេលនេះក្រុមពលករដែលត្រូវថៅកែបញ្ឈប់ពីការងារ បានដាក់ពាក្យប្ដឹងទៅក្រសួងការងារថៃ និងអង្គការសង្គមស៊ីវិលនៅប្រទេសថៃដើម្បីជួយធ្វើអន្តរាគមន៍។ លោកស្រី ព្រំ សំណាង៖ «គេ(ថៅកែ)ហៅទៅគេឱ្យស៊ីញ៉េ គេថា ស៊ីញ៉េវីសា ដល់ទៅដល់លើគេបង្ខំអ៊ីចឹងគ្រប់គ្នា»។

ពលករម្នាក់ទៀតដែលត្រូវថៅកែបញ្ឈប់ពីការងារដែរនោះ លោកស្រី ជិន ស៊ីឡាត់ ប្រាប់ថា ថៅកែថៃមិនទាន់ផ្ដល់ប្រាក់ឈ្នួលចុងក្រោយ និងប្រាក់ជំងឺចិត្តនោះទេ។ លោកស្រីឱ្យដឹងទៀតថា មុនពេលបញ្ឈប់ពីការងារថៅកែថៃ បានកាត់លុយលោកស្រីចំនួន ៤ពាន់ ៥០០បាត(៤.៥០០) ឬប្រមាណ ១៤០ដុល្លារ ដើម្បីរត់ការធ្វើទិដ្ឋាការការងារ(វីសា)។ ប៉ុន្តែពេលថៅកែបញ្ឈប់លោកស្រីពីការងារដូច្នេះ ថៅកែមិនទាន់ផ្ដល់ប្រាក់ធ្វើ វីសានោះមកវិញទេ។ លោកស្រី ជិន ស៊ីឡាត់៖ «គ្នាធ្វើការមានអ្នក១០ឆ្នាំ មានអ្នក៥ឆ្នាំទៀត ថា ខ្ញុំទើបបាន១ឆ្នាំអីហ្នឹងឯង បើថា គ្នាឡើងបួនប្រាំឆ្នាំគ្នាមិនបានអីមកវិញផង»។ រោងចក្រថៃដែលបញ្ឈប់ពលករខ្មែរនេះឈ្មោះ ធី ភី ប៊ី អាយ ភុបប្លីក (TPBI PUBLIC CO,LTD) មានទីតាំងនៅខេត្តរ៉ាក់យ៉ង(Rayong) ក្នុងតំបន់ឧស្សាហកម្ម ផាត់តានា ប្រទេសថៃ។ វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងថៅកែ ឬតំណាងរោងចក្រ ដើម្បីសាកសួរអំពីរឿងនេះបាននៅឡើយទេ។

ទាក់ទងរឿងនេះដែរ មន្ត្រីផ្នែកការពារសិទ្ធពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន ដែលបានចុះអង្កេតបញ្ហានេះយល់ថា ការបញ្ឈប់ការងារនេះ ថៅកែធ្វើដោយរំលោភច្បាប់ការងារប្រទេសថៃ។ លោកថា តាមនីតិវិធី ភាគីថៅកែត្រូវជូនដំណឹងជាមុនក្នុងរយៈពេល៣ខែ និងត្រូវទូទាត់ប្រាក់សំណងជូនពលករ។ លោកបន្ថែមថា ពេលនេះ លោកបានយកករណីនេះដាក់ជូនអាជ្ញាធរថៃ និងអង្គការសង្គមស៊ីវិលនៅប្រទេសនេះដើម្បីជួយដោះស្រាយ។ លោក លឹង សុផុន៖ «បង្ខំឱ្យស៊ីញ៉េហើយបញ្ឆោតថា តប័ណ្ណ តវីសា តឯកសារអ៊ីចឹងណា ក្រដាសហ្នឹងគាត់មិនដឹងថា ក្រដាសអីដែរ ប៉ុន្តែផ្ទុយទៅវិញបន្ទាប់ពីគាត់ស៊ីញ៉េលើក្រដាសហ្នឹងរួចរាល់ហើយគេថា លិខិតបញ្ឈប់ពីការងារ លក្ខណៈរំលោភបំពានច្បាប់ការងារហើយណាមួយទៀតរំលោភសិទ្ធិពលករអ៊ីចឹងធ្វើឱ្យបងប្អូនពលករមួយចំនួនហ្នឹងមានការភ័យខ្លាច»។ លោក លឹង សុផុន ឱ្យដឹងដែរថា លោកបានផ្ដល់ដំណឹងនេះទៅមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ហើយមន្ត្រីស្ថានទូតក៏បានមកជួបពលករ និងបានសន្យាថា នឹងជួយអន្តរាគមន៍ករណីនេះទៅអាជ្ញាធរថៃ។

ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីមន្ត្រីស្ថានទូតកម្ពុជាធ្វើការងារផ្នែកពលករ បានទេនៅថ្ងៃទី០៧ ខែកុម្ភៈ។ ក្រុមពលករស្នើទៅថៅកែថៃ ឱ្យសងប្រាក់ជំងឺចិត្តចំពោះការបញ្ឈប់ពីការងារនេះ និងទាមទារឱ្យថៅកែសងប្រាក់ថ្លៃធ្វើវីសាការងារឱ្យពួកគេវិញ៕

website_news/2023080203.txt · Last modified: 2023/02/08 09:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki