website_news:2023080901

ប្រធានរដ្ឋសភាកូរ៉េខាងត្បូង សន្យាជំរុញការផ្តល់ជំនួយនានា និងបង្កើនកូតាពលករដល់កម្ពុជា

https://www.kampucheathmey.com/local-news/573827 ថ្ងៃព្រហស្បតិ៍ ៧ កញ្ញា ២០២៣ដោយ sopheak khoun

នៅចំពោះមុខប្រធានរដ្ឋសភាកម្ពុជា ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានសន្យាថា នឹងខិតខំជំរុញការផ្តល់ជំនួយនានាដល់កម្ពុជា។ ក្នុងនោះ ក៏មានការបង្កើនកូតាពលករ និងបច្ចេកទេសកសិកម្ម ជាដើម។ ការសន្យានេះ បានធ្វើឡើងបានលើកឡើងនៅក្នុងជំនួបទ្វេភាគីរវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោក គីម ជីន ព្យូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ នៅវិមានរដ្ឋសភា។

នៅក្នុងជំនួបសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើលោក គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ជួយជំរុញលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឲ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ពោលធ្វើយ៉ាងណាឲ្យទំនាក់ទំនង នៃប្រទេសទំាងពីរ បានឈានដល់ “ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” រួមទាំងវិនិយោគ និងពាណិជ្ជកម្ម។

សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ភាគីរដ្ឋសភាកូរ៉េបន្តគំាទ្រកិច្ចព្រមព្រៀង និងអនុស្ស រណៈយោគយល់នានា ដែលរដ្ឋាភិបាលប្រទេសទំាងពីរ (កម្ពុជា-កូរ៉េ) បានធ្វើកន្លងមក ដូចជាការនាំចូលផលិតផលពីកម្ពុជា អភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មកែច្នៃ និងបន្តជួយជំរុញនិងគាំទ្ររដ្ឋា ភិបាលកូរ៉េ បន្តការគាំទ្រដល់ពលករ និងពលរដ្ឋកម្ពុជា ដែលកំពុងបម្រើការនិងស្នាក់នៅក្នុងប្រទេសកូរ៉េ។ លើសពីនេះ សម្តេចរដ្ឋសភាធិបតី ក៏បានលើកជាសំណើដល់ប្រធានរដ្ឋសភាកូរ៉េ បង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា ឲ្យកាន់តែស៊ីជម្រៅ និងជិតស្និទ្ធថែមទៀតនៅគ្រប់កម្រិត តាំងពីកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាពសភា រហូតដល់កម្រិតមន្ត្រីជំនាញ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្នែកព័ត៌មានវិទ្យា និងការស្រាវជ្រាវ ជាដើម។

ក្នុងជំនួបទ្វេភាគីនេះ លោក គីម ជីន ព្យូ បានសម្តែងការអបអរសាទរចំពោះការបង្កើតនូវរាជរដ្ឋាភិបាលនិងរដ្ឋសភាអាណត្តិថ្មី ដែលជាអ្នកបន្តវេនពោរពេញដោយថាមពល នៅក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកប្រធានរដ្ឋសភា បានអបអរសាទរចំពោះសម្តេចរដ្ឋសភាធិបតី ដែលជាស្រ្តីដំបូងនៅកម្ពុជា បានក្លាយជាប្រធានរដ្ឋសភា។ លោក គីម ជីន ព្យូ បានគូសបញ្ជាក់ថា រដ្ឋសភាសាធារណរដ្ឋកូរ៉េត្រៀមខ្លួនជានិច្ច នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព រវាងរដ្ឋសភា និងរដ្ឋា ភិបាលប្រទេសទំាងពីរ ឲ្យកាន់តែរឹងមាំឡើង។

លោក គីម ជីន ព្យូ បានលើកឡើងថា ទំនាក់ទំនងប្រទេសកម្ពុជា និងកូរ៉េ មានការរីកចម្រើនជាលំដាប់ ទំាងវិស័យការទូត និងពាណិជ្ជកម្ម។ ការវិនិយោគនៅកម្ពុជារបស់កូរ៉េ បានកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្មរថយន្ត។ ប្រធានរដ្ឋសភាកូរ៉េ បានសន្យាថា នឹងខិតខំជំរុញការផ្តល់ជំនួយនានាដល់កម្ពុជា នៅក្នុងនោះក៏មានការបង្កើនកូតាពលករ បច្ចេកទេសកសិកម្ម និងការបណ្តុះបណ្តាល សមត្ថភាពមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ជាដើម។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភ គាំទ្រការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ជាការពិតណាស់ គោលដៅអភិវឌ្ឍន៍របស់កម្ពុជានឹងមិនអាចសម្រេចបានទេ ប្រសិនបើមិនមានកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសជាមិត្ត និង ដៃគូអន្តរជាតិ ដូចជាសាធារណរដ្ឋកូរ៉េ ជាដើម៕

website_news/2023080901.txt · Last modified: 2023/09/08 10:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki