website_news:2023080903

អភិបាលខេត្តកណ្តាលជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

https://www.postkhmer.com/national/2023-09-07-1605-254283.html បូរ ពេជ្យហ្សាលីន | Publication date 07 September 2023 | 16:05 ICT

កណ្ដាលៈអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានជំរុញឱ្យកងកម្លាំង អាជ្ញាធរក្រុង-ស្រុកទាំង ១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធក្នុងមូលដ្ឋានខេត្តកណ្តាទាំងអស់ឱ្យខិតខំពង្រឹងការអនុវត្តច្បាប់ និងត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពថែមទៀត។ ការជំរុញនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល កាលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ដើម្បីពិនិត្យលើសមិទ្ធផលការងារជាច្រើន រួមជាមួយសំណូមពរ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្ត។

ក្នុងឱកាសនោះ លោក គង់ សោភ័ណ្ឌ បានណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៣ ពិសេសអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្ត ត្រូវពង្រឹងការអនុវត្តច្បាប់ និងត្រូវចាត់វិធានការបង្ក្រាបបទល្មើសគ្រប់ប្រភេទ។ លោកថ្លែងថា៖ «សូមឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងច្បាប់ និងត្រូវចាត់វិធានការ បង្ក្រាបបទល្មើសគ្រប់ប្រភេទដូចជា ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងការបង្ខិតបង្ខំពលកម្ម ឱ្យមានប្រសិទ្ធភាពនិងឱ្យបានតឹងរ៉ឹងជាប់ជាប្រចាំថែមទៀត»។

ជាមួយគ្នានេះ លោកក៏ណែនាំឱ្យអាជ្ញាធរបន្តចុះមូលដ្ឋានឱ្យបានជាប្រចាំ និងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព ជាពិសេសដោះស្រាយរាល់សំណូមពរ និងបញ្ហាប្រឈមដែលត្រូវបានលើកឡើងក្នុងវេទិកាសាធារណៈ នាពេលកន្លងមកផងដែរ។

អភិបាលខេត្តកណ្តាលបានបន្តថា៖« អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ហើយចំពោះការផ្ដល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែ១វិញក៏ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវលើកិច្ចការងារ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវារដ្ឋបាល កាន់តែងាយស្រួល និងកាន់តែឆាប់ប្រកបដោយតម្លាភាព»។

ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ លោក អំ សំអាត បានថ្លែងថា ការជំរុញឱ្យមានការពង្រឹងការអនុវត្តច្បាប់ និងត្រូវចាត់វិធានការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រឿងញៀន និងការជួញដូរមនុស្សគឺជាកិច្ចការសំខាន់ ដែលអាជ្ញាធរពាក់ព័ន្ធត្រូវចាត់វិធានការបន្ទាន់។ លោកបានបញ្ជាក់ថា៖ «ដើម្បីសម្រេចកិច្ចការងារនេះ បញ្ហានេះ គឺទាមទារឱ្យពង្រឹងការអនុវត្តច្បាប់របស់សមត្ថកិច្ច ជាពិសេសការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែល្អ និងមានប្រសិទ្ធភាពថែមទៀត និងត្រូវបង្កើនកិច្ចសហការល្អជាមួយភាគីពាក់ព័ន្ធឱ្យបានកាន់តែរឹងមាំថែមទៀត»។

រដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងដែរថា ពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយសារមានការខិតខំប្រឹងប្រែងពីអាជ្ញាធរបានធ្វើឱ្យបទល្មើសនានាថយចុះគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងក្នុងឆ្នាំ២០២២ បទល្មើសមានការថយចុះ៧៨ភាគរយ គួបផ្សំប្រតិ បត្តិការបង្ក្រាបទទួលបានលទ្ធផលខ្ពស់រហូតដល់ ៩៦ភាគរយ លើកលែងតែគ្រោះថ្នាក់ចរាចរណ៍ ដែលមានការកើនឡើង១៩លើក ស្មើនឹង១០ភាគរយ។

នៅក្នុងកិច្ចប្រជុំនេះ ក្រៅពីស្នើឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ និងត្រូវចាត់វិធានការបង្ក្រាបបទល្មើសគ្រប់ប្រភេទហើយនោះ លោក គង់ សោភ័ណ្ឌ ក៏បានណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៣ នៅក្នុងខេត្ត រួមជាមួយខណ្ឌរដ្ឋបាលជលផលខេត្តត្រូវបង្ក្រាបឱ្យបានបទល្មើសនេសាទខុសច្បាប់នៅតាមស្ទឹង បឹង ព្រែក ពិសេសបទល្មើសឆក់ត្រីតាមដងទន្លេនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលផងដែរ៕

website_news/2023080903.txt · Last modified: 2023/09/08 11:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki