website_news:2023081102

លោកជំទាវ ជូ ប៊ុនអេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ សិក្ខាសាលាទិវាជាតិអន្តរសាសនា

https://www.hotnews-asia.com/detail/225098 ចេញផ្សាយ ថ្ងៃទី 7 ខែ វិច្ឆិកា ឆ្នាំ 2023

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ សិក្ខាសាលាទិវាជាតិអន្តរសាសនា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអង្គការជាដៃគូរ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកជំទាវ ជូ ប៊ុនអេង បានថ្លែងនូវមតិស្វាគមន៍ ព្រមទាំងថ្លែងនូវអំណរគុណចំពោះ ការអញ្ជើញចូលរួមរបស់តំណាងមកពីក្រសួងពាក់ព័ន្ធ និងតំណាងអង្គការជាដៃគូរដែលចូលរួមកិច្ចប្រជុំនាពេលនេះ។

ជាមួយគ្នានោះលោកជំទាវក៏បានលើកឡើងនៅមូលហេតុនៃការលើកពេលចំពោះការរៀបចំសិក្ខាសាលាទិវាជាតិអន្តរសាសនា ដែលគ្រោងរៀបចំនៅថ្ងៃទី២០ ខែសីហាកន្លងទៅ តែដោយរាជរដ្ឋាភិបាលរៀបចំសមាសភាពគណៈរដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលថ្មីដែលធ្វើឱ្យការរៀបចំ សិក្ខាសាលាទិវាជាតិអន្តរសាសនា ហួសថ្ងៃកំណត់ ។

លោកជំទាវមានប្រសាស៍ លើកឡើងថាកិច្ចប្រជុំនាពេលនេះ ដើម្បីត្រៀមរៀបចំសិក្ខាសាលាទិវាជាតិអន្តរសាសនានេះ នៅវេលាសមស្របណាមួយ ព្រមទាំងត្រូវត្រៀមលក្ខណៈឱ្យល្អប្រសើរ ស្របតាមបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ស្វែងរកធាតុចូល ការកំណត់រកទិសដៅជាប្រធានបទមួយ សម្រាប់ជាប្រយោជន៍រួមដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហា ការរងគ្រោះនៃអំពើរជួញដូរមនុស្ស។

សូមជម្រាបជូនថា ជារៀងរាល់ឆ្នាំព្រះរាជាណាចក្រកម្ពុជាកំណត់យកថ្ងៃទី២០ ខែសីហា ជាថ្ងៃប្រារព្ធទិវាជាតិអន្តរសាសនា ការរៀបចំទិវានេះឡើង ដើម្បីបញ្ជាក់ពីភាពសុខដុមរមនាសាសនាទាំងឡាយនៅកម្ពុជា និងបានបង្ហាញពីឆន្ទៈមោះមុតពីថ្នាក់ដឹកនាំ និងបព្វជិតនៃនិកាយសាសនាទាំងឡាយក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាទម្រង់អមនុស្សធម៌មួយនៃការរំលោភបំពានលើសិទ្ធិ សេរីភាព និងកេងប្រវ័ញ្ជលើរាងកាយ សតិបញ្ញា កម្លាំងពលំរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ។ក្នុងនោះ ជំនឿសាសនា គឺជាផ្នែកមួយនៃការអប់រំខ្ពស់ផ្នែកស្មារតី និងឥរិយាបថក្នុងការរស់នៅឱ្យប្រកបដោយគុណធម៌ មនុស្សមានស្មារតីភ្ញាក់រលឹក ស្គាល់ខុស ស្គាល់ត្រូវ និងខិតខំកសាងខ្លួនឲ្យមនុស្សល្អក្នុងសង្គមបានដោយ៕

website_news/2023081102.txt · Last modified: 2023/11/08 11:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki