website_news:2023081104

ជនជាតិឥណ្ឌាដែលគេបង្ខាំងនៅកម្ពុជាត្រូវបានជួយសង្គ្រោះ

https://www.khmertimeskh.com/501388402//?p=1388402 November 7, 2023

បុរសអាយុ២៧ ឆ្នាំម្នាក់មកពី NR Pura ស្រុក Chikkamagaluru ត្រូវបានគេបង្ខាំងខ្លួននៅ កម្ពុជាត្រូវបានគេជួយសង្គ្រោះ និងកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។

Arathi Krishna អនុប្រធាននៃ NRI Forum រដ្ឋាភិបាលនៃរដ្ឋ Karnataka បាននិយាយថា កិច្ចខិតខំប្រឹងប្រែងកំពុងបន្តជួយសង្គ្រោះឪពុកកូនពីរនាក់ពីក្រុង Kolar ដែលគេដឹងត្រូវបានបង្ខាំងខ្លួននៅក្នុងប្រទេសនោះផងដែរ។ នៅក្នុងខែសីហា ឆ្នាំ២០២៣ ដែល Ashok កូនប្រុសរបស់ប្តីប្រពន្ធកម្មករនៅ NR Pura បានមកប្រទេសកម្ពុជា បន្ទាប់ពីគាត់ត្រូវបានសន្យាថានឹងទទួលបានការងារនៅក្នុងក្រុមហ៊ុនចិនមួយ។ ពេលមកដល់ គាត់ត្រូវបានគេឲ្យទៅធ្វើការនៅក្រុមហ៊ុនផ្សេងនៅព្រំដែនកម្ពុជា-វៀតណាម។ នៅក្នុងខែតុលា ឪពុកម្តាយរបស់គាត់ បានទទួលដំណឹងពីស្ថានភាពរបស់ Ashok ។

Krishna បាននិយាយថា ឪពុកម្តាយរបស់ Ashok និងអាជ្ញាធរមូលដ្ឋានបានទាក់ទងគាត់កាលពីថ្ងៃទី ២៥ ខែតុលា។ យោងតាម Krishna ក្រុមហ៊ុនដែលផ្តល់ការងារឱ្យ Ashok គឺពាក់ព័ន្ធនឹងការលួចយកទិន្នន័យ (hacking) និងសកម្មភាពខុសច្បាប់នានា។ គាត់បាននិយាយថា៖ «គាត់ចង់លាឈប់ ខណៈគាត់បដិសេធមិនព្រមធ្វើការ ហើយលិខិតឆ្លងដែនរបស់គាត់ត្រូវបានប្រគល់ទៅអាជ្ញាធរមូលដ្ឋាន»។ គាត់បាននិយាយថា Ashok មានការព្រួយបារម្មណ៍ ហើយសុំជំនួយ ដើម្បីឱ្យគេបញ្ជូនខ្លួនត្រឡប់ទៅផ្ទះវិញ។ គាត់បានប្រាប់ឪពុកម្តាយគាត់ថា គាត់ត្រូវបានគេបង្ខាំងខ្លួន ហើយត្រូវបានគេធ្វើបាបផ្លូវកាយ។ “គាត់ត្រូវបានគេធ្វើទារុណកម្ម ពេលគាត់មិនព្រមធ្វើការងារឱ្យគេ។ គេវាយគាត់ ហើយធ្វើបាបគាត់។ គាត់មិនអាចចេញពីកន្លែងនោះបានទេ ព្រោះវាមានការយាមកាមយ៉ាងល្អ ហើយចាប់តាំងពីគាត់ចូលធ្វើការ លិខិតឆ្លងដែនគាត់ត្រូវបានក្រុមហ៊ុនយកទុក»។

“ខ្ញុំបានដឹងថា ភ្នាក់ងារការងារបានជូនដំណឹងដល់គ្រួសារថាពួកគេត្រូវតែបង់ប្រាក់ចំនួន១៣លានរូពី ទៅឱ្យក្រុមហ៊ុនដើម្បីដោះលែង Ashok ។ គេប្រមូលលុយដើម្បីលោះកូនប្រុសគាត់មកវិញ។ ខ្ញុំបានសុំឱ្យពួកគេកុំទាន់ផ្ញើប្រាក់ឱ្យសោះ យើងបានស្នើទៅក្រសួងកិច្ចការបរទេស ដែលសម្របសម្រួលជាមួយផ្នែកកុងស៊ុល ផ្នែកលិខិតឆ្លងដែន និងផ្នែកទិដ្ឋាការ ហើយបានជួបឯកអគ្គរាជទូតកម្ពុជា និងវៀតណាមនៅទីក្រុងដេលី។ Krishna បានរៀបរាប់ថា ពួកគេបានទាក់ទងជាមួយក្រសួងមហាផ្ទៃកម្ពុជា។ ការសង្គ្រោះនឹងធ្វើឡើងនាពេលខាងមុខ”។ នាងបានប្រាប់សារព័ត៌មាន TOI កាលពីថ្ងៃអាទិត្យថា “កាលពីថ្ងៃសុក្រ លិខិតឆ្លងដែនរបស់ Ashok ត្រូវបានប្រគល់ទៅឱ្យគាត់ ហើយគាត់ត្រូវបានគេនាំទៅទីតាំងដែលមានសុវត្ថិភាព។ គាត់ត្រូវបានគ្រោងនឹងបញ្ជូនតាមជើងយន្តហោះត្រឡប់ទៅកាន់ Bengaluru នៅថ្ងៃអាទិត្យ”។

Krishna បាននិយាយថា ក្នុងរយៈពេលបីខែកន្លងទៅនេះ មានករណីក្លែងបន្លំការងារជាច្រើននៅអាស៊ីបូព៌ា ដោយក្រុមហ៊ុនចិន ដោយពួកគេមិនអាចដឹងថាតើភ្នាក់ងារការងារដែលទាក់ទងនោះពិតឬអត់។ “យើងនឹងសរសេរលិខិតទៅក្រសួងការបរទេស ស្នើសុំការត្រួតពិនិត្យ មុនពេលពួកគេចាកចេញទៅធ្វើការក្រៅប្រទេស ដើម្បីកុំឱ្យពួកគេជាប់ពាក់ព័ន្ធជាមួយភ្នាក់ងារ និងក្រុមហ៊ុនក្លែងបន្លំ។ ពីមុន យើងឃើញករណីបែបនេះកើតឡើងពីបណ្តាប្រទេសឈូងសមុទ្រ ប៉ុន្តែឥឡូវនេះវាកើតមានឡើងក្នុងបណ្តាប្រទេសអាស៊ីបូព៌ាផងដែរ»។

website_news/2023081104.txt · Last modified: 2023/11/08 11:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki