website_news:2023081201

រាជរដ្ឋាភិបាល និងសង្គមស៊ីវិល បើកយុទ្ធនាការ «តើអ្នកអាចឃើញខ្ញុំទេ?» ដើម្បីបញ្ជ្រាបការយល់ដឹងនៃអំពើជួញដូរមនុស្ស និងការជួយរាយការណ៍

https://freshnewsasia.com/index.php/en/localnews/320258-2023-12-07-06-26-28.html 2023-12-07 01:26pm

(ភ្នំពេញ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងលោក នីកូឡាស ខេន សហស្ថាបនិក និងជានាយកប្រតិបត្តិនៃមូលនិធិអេ២១ (A21) បានអញ្ជើញបើកយុទ្ធនាការ «តើអ្នកអាចឃើញខ្ញុំទេ?» ដើម្បីបញ្ជ្រាបពីការយល់ដឹងនៃអំពើជួញដូរមនុស្ស និងការជួយរាយការណ៍ បើសិនជាមានអំពើនេះកើតឡើង។

ក្នុងកម្មវិធីដែលត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្កាម៉ល ក៏មានដាក់បញ្ចាំងខ្សែភាពយន្តអប់រំខ្លីចំនួន២ រួមមាន៖ រឿង «សន្យា» និងរឿង «ស្នេហ៍តាមអនឡាញ»។ រឿងទាំងពីរនេះ ត្រូវបានសហការផលិតដោយអង្គការ A21 និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

រឿង «សន្យា» គឺជាសាច់រឿងរបស់ក្មេងស្រី ២នាក់ ឈ្មោះ សិលា និងចន្រ្ទា ដែលជាមិត្តសម្លាញ់នឹងគ្នា។ ពួកគេត្រូវបានជ្រឿសរើសចេញពីភូមិទៅធ្វើការនៅប្រទេសដទៃ ដោយសន្យាថានឹងទទួលបានការងារល្អនិងប្រាក់កម្រៃខ្ពស់។ ពេលទៅដល់ប្រទេសគោលដៅ ពួកគេត្រូវបានជួញដូរក្នុងគោលបំណង រៀបការដោយបង្ខំ រងបំពានផ្លូវភេទ រងការធ្វើបាបរាងកាយ និងផ្លូវចិត្ត ព្រមទាំងបង្ខំឲ្យពពោះ យកកូនឲ្យគ្រួសារបរទេសមួយ។ ការវិលត្រឡប់មកប្រទេសកំណើតវិញ និងការទាមទារយុត្តិធម៌និងឯករាជ្យភាពវិញ គឺជាបញ្ហាស្លាប់រស់សម្រាប់ពួកគេទាំងពីរ។

ចំពោះរឿង «ស្នេហ៍តាមអនឡាញ» វិញ បង្ហាញថា បន្ទាប់ពីជួបរឿងលំបាកជាច្រើនក្នុងជីវិត ក្មេងស្រីម្នាក់ ដែលមានបងប្អូន៣នាក់ រស់នៅតំបន់ដាច់ស្រយាលមួយក្នុងប្រទេសកម្ពុជា ក៏បានបាត់បង់ម្ដាយជាទីស្រឡាញ់ ដោយសារតែជំងឺមហារីក រីឯឪពុកក៏បាត់បង់ការងារ។ នាងត្រូវបង្ខំចិត្តបោះបង់ការសិក្សាដើម្បីរកការងារចិញ្ជឹមគ្រួសារ។ ជីវិតនាងហាក់គ្មានអ្វីល្អសោះ។ នាងថែមទាំងបានចាញ់បោកស្នេហាតាមអនឡាញ ដែលធ្វើឲ្យជោគវាសនាជីវិតនាងកាន់តែលំបាកលំបិន។ នៅជុំវិញពិភពលោក គ្រោះច្នាក់នៃការកេងប្រវ័ញ្ចកុមារតាមអនឡាញកំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំង។

បើតាមប្រភពពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដើម្បីរាយការណ៍អំពីការរំលោភបំពានផ្លូវភេទលើកុមារ សូមទូរសព្ទទៅលេខ (+៨៥៥) ០៩២ ៣១១ ៥១១ ឬបើស្ថិតក្នុងគ្រោះថ្នាក់ភ្លាមៗ សូមទូរសព្ទទៅនគរបាលតាមលេខ ១២៨៨៕

website_news/2023081201.txt · Last modified: 2023/12/08 10:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki