website_news:2023090201

ប្រទេសថៃ មានករណីពពោះជំនួសចំនួន ៦២១ ករណី នៅ ៧ ឆ្នាំចុងក្រោយ

https://www.postkhmer.com/international/2023-02-07-1816-246736.html វណ្ណ ស័ក្ដិ | Publication date 07 February 2023 | 18:16 ICT

ប្រទេសថៃ មានករណីពពោះជំនួសចំនួន ៦២១ ករណី នៅ ៧ ឆ្នាំចុងក្រោយកន្លងទៅនេះ។ ករណីពពោះជំនួសទាំងអស់នោះត្រូវបានអនុម័តនៅក្នុងប្រទេសថៃ ចាប់តាំងពីថៃបានបង្កើតច្បាប់ស្ដីពីសេវាពពោះជំនួស។ នេះបើយោងតាមលោកវេជ្ជបណ្ឌិត Sura Visetsak អគ្គនាយកនៃនាយកដ្ឋានគាំទ្រសេវាសុខភាពរបស់ក្រសួងសុខាភិបាលថៃ ដែលថ្លែងប្រាប់អ្នកកាសែត។ លោកវេជ្ជបណ្ឌិត Sura Visetsak មានប្រសាសន៍ថា ច្បាប់ការពារកុមារដែលកើតដោយសារជំនួយបច្ចេកវិទ្យាសម្រាប់បន្តពូជត្រូវបានអនុម័ត ដើម្បីអនុញ្ញាតឱ្យគូស្វាមីភរិយាដែលរៀបការស្របច្បាប់ ប៉ុន្តែគ្មានកូនអាចបង្កើតកូន បានមួយវិញទៀតច្បាប់នេះមិនអនុញ្ញាតឱ្យមានការទិញដូរសម្រាប់សេវាពពោះជំនួសនេះឡើយ។

លោកបានពន្យល់ថា តាមច្បាប់ថៃគូស្វាមីភរិយាដែលអាចស្វែងរកសេវាពពោះជំនួសត្រូវតែទទួលបានការយល់ព្រមពីគណៈកម្មាធិការដែលមានភារកិច្ចការពារទារក។ លោកបន្ថែមថា៖ «មានតែគូស្នេហ៍ថៃដែលរៀបការរួចប៉ុណ្ណោះដែលអាចស្វែងរកសេវាពពោះជំនួសនៅប្រទេសថៃបាន។ យ៉ាងហោចណាស់ប្ដីប្រពន្ធម្នាក់ត្រូវមានសញ្ជាតិថៃ និងត្រូវតែរៀបការរួចយ៉ាងហោចណាស់បីឆ្នាំ។ ចំពោះអ្នកពពោះជំនួសត្រូវតែមានកូនយ៉ាងតិចម្នាក់។ ប្រសិនបើស្ត្រីរៀបការរួចចង់ពពោះជំនួស នាងត្រូវតែទទួលបានការយល់ព្រមពីប្តីរបស់នាងជាមុនសិន»។ នៅប្រទេសថៃ ច្បាប់ថៃបានហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាបន្តពូជដើម្បីជួញដូរ។ ម្យ៉ាងទៀតអំពើទិញដូរអូវុល មេជីវិតឈ្មោល និងអំប្រ៊ីយ៉ុង ក៏ត្រូវចាត់ទុកថាជាអំពើខុសច្បាប់។

ទាក់ទងនឹងសេវាសុខភាពបន្តពូជវិញលោកវេជ្ជបណ្ឌិត Sura Visetsak និយាយថា នៅពេលដែលជំងឺ COVID-19 ធូរស្រាលមានគូស្វាមីភរិយាបរទេសមួយចំនួនបានទៅលេងប្រទេសថៃ ដើម្បីទទួលការព្យាបាលលើបញ្ហាដែលពួកគេមិនអាចមានកូនបាន ។ លោកវេជ្ជបណ្ឌិត Sura Visetsak ថា មានមន្ទីរពេទ្យ និងគ្លីនិករដ្ឋ និងឯកជនជាច្រើនដែលផ្តល់សេវា ព្យាបាលបញ្ហាគ្មានកូននេះ ហើយពួកគេអាចរកប្រាក់ចំណូលយ៉ាងច្រើនសម្រាប់កំណើនសេដ្ឋកិច្ចរបស់ថៃ៕

website_news/2023090201.txt · Last modified: 2023/02/09 09:53 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki