website_news:2023090304

អាជ្ញាធររកឃើញអ្នកចាញ់បោកមេខ្យល់ កើនដល់ ១២៥នាក់ និងបានប្រគល់លិខិតឆ្លងដែន ជូនបាយទឹក ព្រមថវិកា រួចដឹកពួកគាត់តាមរថយន្តក្រុង ត្រលប់ទៅផ្ទះវិញ

https://kohsantepheapdaily.com.kh/article/1698581.html?

utm_source=telegram&utm_medium=click&utm_campaign=channeltelgram ភ្នំពេញ ០៨ ខែ មីនា ឆ្នាំ ២០២៣ ម៉ោង ២០:៣៩ ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បាននិយាយថា ចំនួនប្រជាពលរដ្ឋ ដែលលង់ខ្លួន ចាញ់បោកមេខ្យល់ ដែលថា នាំទៅធ្វើការ នៅប្រទេសកូរ៉េនោះ ពុំមែនមានតែត្រឹម ១១២នាក់ប៉ុណ្ណោះទេ។ ក្រោយពីការចុះទៅត្រួតពិនិត្យផ្ទះសំណាក់ និងស្រង់ឈ្មោះជាក់ស្ដែង អាជ្ញាធរបានរកឃើញចំនួន ១៣នាក់បន្ថែមទៀត។ ដូច្នេះកើនដល់ ១២៥នាក់ឯណោះ។ ពួកគាត់បានខាតបង់ប្រាក់ចន្លោះពី ៨០០ដុល្លារ ទៅ ១,០០០ដុល្លារ។ ប្រភពដដែល បានប្រាប់ថា ដោយអនុវត្តតាមការដឹកនាំ និងបញ្ជាដោយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាលរងរាជធានី ភ្នំពេញ រួមជាមួយលោកឧត្តមសេនីយទោ សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបន្តចុះត្រួតពិនិត្យផ្ទះសំណាក់ «នាគទេព» ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។

ប្រភពខាងលើ បាននិយាយថា កម្លាំងអាជ្ញាធរបានពិនិត្យ និងរកឃើញ ហើយស្រង់ស្ថិតិជាក់ស្ដែង មានប្រជាពលរដ្ឋ ដែលបានចាញ់បោកមេខ្យល់ នាំទៅធ្វើការនៅប្រទេសកូរ៉េនោះ រហូតចំនួន ១២៥នាក់ ក្នុងនោះ ប្រុសចំនួន ៨៧នាក់ និងស្រីចំនួន ៣៨នាក់។ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាមេខ្យល់ចំនួន ៤នាក់ ក្នុងនោះ មានស្ត្រីម្នាក់ រួចបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។ ប្រភពមួយនេះ បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងដំណោះស្រាយ នាពេលនោះ អាជ្ញាធរបានប្រគល់និខិតឆ្លងដែន ដែលដកហូតពីមេខ្យល់ ជូនពួកគាត់វិញ ហើយបានឧបត្ថម្ភថវិកាជាសោហ៊ុយ ក្នុងម្នាក់ៗ ចំនួន ២ម៉ឺនរៀល ព្រមទាំងជូនបាយទឹក សម្រាប់បរិភោគ និងបានរៀបចំរថយន្តក្រុងសាធារណៈរបស់រាជធានីភ្នំពេញ ចំនួន ៣គ្រឿង ដឹកពួកគាត់ ត្រលប់ទៅកាន់ស្រុកកំណើតវិញរួចរាល់ហើយ៕ យន់ ស៊ីថា

website_news/2023090304.txt · Last modified: 2023/03/09 09:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki