website_news:2023090503

អង្គការសង់ត្រាល់រកឃើញថា ពលករខ្មែរ ៨០០នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ចាប់តាំងពីក្រោយពិធីបុណ្យចូលឆ្នាំ

https://www.rfa.org/khmer/news/human-rights/central-asks-government-to-intervene-with-thai-authorities-to-release-a-group-of-cambodian-workers-who-crossed-the-border-into-thailand-illegally-05042023133504.html ដោយ សេក បណ្ឌិត 2023.05.04

អង្គការសង់ត្រាល់ (CENTRAL) ស្នើទៅរដ្ឋាភិបាលជួយអន្តរាគមន៍ទៅសមត្ថកិច្ចថៃ ដោះលែងពលករខ្មែរ ដែលត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន។ សំណើនេះធ្វើក្រោយពេលអង្គការការពារសិទ្ធិពលករមួយនេះរកឃើញថា ពលករខ្មែរជាង ៨០០នាក់ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ក្រោយចប់ពិធីបុណ្យចូលឆ្នាំថ្មី។ អង្គការសង់ត្រាល់ (CENTRAL) រកឃើញថា ពលករខ្មែរភាគច្រើនត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ពួកគាត់ត្រូវបានរងការធ្វើទុក្ខទោស ទារុណកម្ម ដោយការចាប់ដាក់ខ្នោះ និងត្រូវដាក់ឱ្យជាប់ឃុំក្នុងបន្ទប់តូចចង្អៀត។

សេចក្ដីថ្លែងការណ៍របស់អង្គការសង់ត្រាល់ចុះ កាលពីថ្ងៃទី៣ ខែឧសភា ឱ្យដឹងថា នៅរយៈពេលចុងក្រោយនេះ ពលករខ្មែរជាង ៨០០នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកំឡុងពេលធ្វើដំណើរវិលត្រឡប់ទៅបំពេញការងារវិញនៅប្រទេសថៃក្រោយចប់បុណ្យចូលឆ្នាំថ្មី។ ពលករទាំងនោះគ្មានឯកសារគ្រប់គ្រាន់ ឯកសារផុតសុពលភាព ឬការធ្វើដំណើរពួកគាត់មិនត្រឹមត្រូវតាមនីតិវិធីរបស់ថៃ និងពលករខ្លះទៀត លួចឆ្លងដែនតាមច្រករបៀង ព្រោះគ្មានលទ្ធភាពបង់ប្រាក់តាមច្រកព្រំដែនផ្លូវការ ជាដើម។ អង្គការសង់ត្រាល់ ស្នើទៅរដ្ឋាភិបាលកម្ពុជា ឬសមត្ថកិច្ចពាក់ព័ន្ធ ជួយអន្តរាគមន៍ និងស្វែងរកដំណោះស្រាយជាមួយភាគីថៃ ដើម្បីឱ្យពលករដែលកំពុងជាប់ឃុំទទួលបានសេរីភាពឡើងវិញ។

មន្ត្រីផ្នែកការពារសិទ្ធពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ ខែឧសភាថា ទីតាំងដែលសមត្ថកិច្ចថៃចាប់ពលករខ្មែរមានពីរកន្លែង គឺនៅព្រំដែន និងកន្លែងពលករស្នាក់នៅឬកន្លែងពួកគាត់ធ្វើការ។ លោកសង្កេតឃើញទៀតថា ក្រុមពលករមួយចំនួនដែលត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននៅព្រំដែន មានការសម្របសម្រួល ឬការជួយធ្វើអន្តរាគមន៍ពីអាជ្ញាធរខ្មែរខ្លះដែរ ដែលធ្វើឱ្យពលករទាំងនោះអាចវិលទៅស្រុកវិញ។ ដោយឡែក លោកថា ចំពោះពលករដែលសមត្ថកិច្ចថៃចាប់ខ្លួននៅកន្លែងស្នាក់នៅ ឬកន្លែងធ្វើការងារភាគច្រើនកំពុងជាប់ឃុំព្រោះមិនមានការអន្តរាគមន៍ពីស្ថានទូតខ្មែរប្រចាំប្រទេសថៃ ឬមានការជួយធានាពីថៅកែរបស់ពលករទាំងនោះ។ មន្ត្រីសង្គមស៊ីវិលធ្វើការងារការពារសិទ្ធិពលកររូបនេះ យល់ថា ប្រសិនបើមន្ត្រីស្ថានទូតខ្មែរស្វះស្វែងជួយធ្វើអន្តរាគមន៍ នោះពលករដែលកំពុងជាប់ឃុំ អាចនឹងត្រូវសមត្ថកិច្ចថៃដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ។

លោក លឹង សុផុន៖ «បើសិនជាអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ដូចជា ស្ថានទូត គាត់ចុះជួយសម្របសម្រួលផ្ដល់ភាពកក់ក្ដៅដល់បងប្អូនពលករ ខ្ញុំក៏ជឿជាក់ថា ពលករនឹងអាចបានចេញពីមន្ទីរឃុំឃាំងឆាប់ៗ នេះបាទដែរបាទ ក្នុងមន្ទីរឃុំឃាំងមើលលំបាករស់នៅ ហើយការហូបចុក ក៏លំបាក»។ លោក លឹង សុផុន ឱ្យដឹងទៀតថា លោកបានទាក់ទងទៅពលករមួយចំនួន ដែលកំពុងជាប់ឃុំពួកគាត់ថា ពួកគាត់ជាប់ឃុំជាង ១ខែមកនេះ តែមិនទាន់ឃើញមន្ត្រីស្ថានទូតខ្មែរ ឬតំណាងរបស់ពួកគាត់ មកជួយធ្វើអន្តរាគមន៍នៅឡើយទេ។

ទាក់ទងបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចសុំបំភ្លឺពីមន្ត្រីអនុព័ន្ធការងារនៃស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ លោក ឈឹម វិបុល អ្នកនាំពាក្យក្រសួងការបរទេសលោក អាន សុខខឿន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី៤ ខែឧសភា។

ពលករខ្មែរធ្វើការនៅផ្សារមួយកន្លែងក្នុងខេត្តប៉ាធុមថានី (Pathum Thani) ដែលត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមេសា លោក ព្រំ ប៊ុនថន ឱ្យវិទ្យុអាស៊ីសេរីដឹងថា សមត្ថកិច្ចថៃចាប់ខ្លួនលោក ព្រោះ ឯកសារការងាររបស់លោកមិនគ្រប់គ្រាន់។ លោកឱ្យដឹងទៀតថា ពេលនេះថៅកែរបស់លោកទៅបង់ប្រាក់មួយចំនួនទៅសមត្ថកិច្ចថៃ ដើម្បីសុំធានាឱ្យលោកនៅក្រៅឃុំ តែលោកមិនដឹងថា អស់ប្រាក់ប៉ុន្មានឡើយ ហើយថៅកែរបស់លោក ក៏អះអាងដែរថា គេមិនយកប្រាក់ធានាលោកដែរ។ លោក ព្រំ ប៊ុនថន ឱ្យដឹងទៀតថា កាលពីលោកជាប់ឃុំមានពលករខ្មែរជិត១០នាក់ទៀត មិនទាន់ត្រូវបានសមត្ថកិច្ចថៃដោះលែងទេ ព្រោះគ្មានថៅកែមកធានា ឬមានការអន្តរាគមន៍ពីមន្ត្រីស្ថានទូតខ្មែរ។ លោក ព្រំ ប៊ុនថន៖ «ខ្ញុំក៏សំពះអរគុណទឹកចិត្តរបស់គាត់ (ថៅកែ) ទី១ ឯកសារអត់គ្រប់ ធ្វើហើយតែធ្វើអត់បានដល់អ៊ីចឹងទៅយើងទៅទៅបន្តឯកសារអត់បានដល់ពេលជួបបញ្ហាហ្នឹងគេថា ដាច់ឯកសារហើយអត់ទៅត (បន្តឯកសារ)។

អង្គការសង់ត្រាល់លើកឡើងថា ករណីសមត្ថកិច្ចថៃចាប់ខ្លួនពលករនៅពេលនេះ មិនត្រឹមតែ កំពុងជះឥទ្ធិពលអវិជ្ជមាន មកលើសេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃរបស់ក្រុមគ្រួសារពលករ ដោយសារការមិនមានប្រាក់ចំណូល ការកើនឡើងនៃបំណុល និងផលប៉ះពាល់សុខភាពផ្លូវចិត្តជាដើម។ របាយការណ៍របស់អង្គការសង់ត្រាល់ រកឃើញទៀតថា ត្រឹមរយៈពេល ៤ខែ ចាប់ពីខែមករា ដល់ខែមេសា សមត្ថកិច្ចថៃ បានឃាត់ខ្លួនពលករកម្ពុជា ដែលឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃមានជាង ១.២០០នាក់ (១.២៩៧) ក្នុងស្ត្រីជាង ៧០០នាក់ និងកុមារជាង ៦០នាក់៕

website_news/2023090503.txt · Last modified: 2023/05/09 08:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki