website_news:2023090504

អ្នកជំនាញច្បាប់និងសិទ្ធិមនុស្សជំរុញឱ្យរដ្ឋាភិបាលប្តឹងអ.ស.បករណីថៃយកច្រវាក់ចងពលករខ្មែរ

https://www.rfa.org/khmer/news/human-rights/legal-and-human-rights-experts-urge-govt-to-sue-thai-authorities-for-handcuffing-cambodian-workers-to-un-05042023075426.html ដោយ សេក បណ្ឌិត 2023.05.04

អ្នកជំនាញធ្វើការងារផ្នែកច្បាប់ និងសិទ្ធិមនុស្សជំរុញដល់អាជ្ញាធរឱ្យមានវិធានការជាក់លាក់រួមទាំងប្តឹងទៅអង្គការសហប្រជាជាតិផង ករណីសមត្ថកិច្ចថៃចាប់ពលករខ្មែរដាក់ច្រវាក់ជាក្រុមៗ។ ទោះជារូបភាពដាក់ច្រវាក់នោះផ្សព្វផ្សាយ ប្រមាណកន្លះខែមក ហើយក៏ដោយ ក៏នៅមិនទាន់មានឃើញប្រតិកម្មជាក់លាក់ណាមួយពីអាជ្ញាធរកម្ពុជាទេ។ អ្នកជំនាញធ្វើការលើផ្នែកច្បាប់ និងសិទ្ធិមនុស្សចាត់ទុកសកម្មភាពសមត្ថកិច្ចថៃចាប់ពលករខ្មែរដាក់ច្រវាក់ជាក្រុមៗនោះ ជាទម្រង់នៃការធ្វើទារុណកម្ម និងប្រមាថជាតិសាសន៍ហើយរដ្ឋាភិបាលមានកាតព្វកិច្ចចេញសេចក្តីថ្លែងការណ៍ប្រតិកម្ម ឬប្តឹងទៅអង្គការសហប្រជាជាតិ។

ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌីថេ ហូយ៉ា មានប្រសាសន៍ថា រូបភាពពលរដ្ឋខ្មែរ ជាប់ច្រវាក់ ជាក្រុមនោះ គឺជាសកម្មភាពដែលយោធាថៃចុះបង្ក្រាបអ្នករស់នៅក្នុងទីក្រុងបាងកកខុសច្បាប់។ លោក ឌីថេ ហូយ៉ា បន្តថា ពេលនោះសមត្ថកិច្ចថៃចាប់ខ្លួន ពលករបរទេស ជាង ៨០០នាក់។ លោក ឌីថេ អូយ៉ា ចាត់ទុកសកម្មភាពសមត្ថកិច្ចថៃនេះថា ហួសពីវិធានការអនុវត្តន៍ច្បាប់ ហើយបើមិនមានវិធានការពីអាជ្ញាធរកម្ពុជាទេ នោះពលរដ្ឋខ្មែរនឹងបន្តរងគ្រោះច្រើនទៀត។ លោក ឌីថេ ហូយ៉ា៖ «នៅពេលដែលមានការអនុវត្តនូវអំពើទារុណកម្មវាលើសពីមនុស្សធម៌សិទ្ធិមនុស្ស ទាំងអស់ហ្នឹងវាគួរតែចេញសេចក្តីថ្លែងការណ៍ណាមួយបញ្ឈប់កុំឱ្យមានរូបភាពបែបហ្នឹងទៀត។ អាហ្នឹងរូបភាពដែលយើងឃើញចុះរូបភាពដែលយើងមិនឃើញច្រើនទៀត។ វាអាចកើតមានលើពលរដ្ឋយើង អ៊ីចឹងហើយរដ្ឋាភិបាលត្រូវគិតគូរលើបញ្ហាហ្នឹង»។ រូបភាពដែលចែកចាយតាមបណ្ដាញទំនាក់ទំនងសង្គមគឺមានមនុស្សវ័យកណ្តាលអាយុពី២០ ទៅ៤៥ឆ្នាំ ដៃជាប់ច្រវាក់ភ្ជាប់គ្នាជាក្រុមអង្គុយលើឡានទ្រុងសមត្ថកិច្ច ក្នុងស្ថានភាពទឹកមុខស្រពោន ខ្លះក៏ឱនមុខចុះក្រោម។

សាស្ត្រាចារ្យ និងជាអ្នកប្រឹក្សាយោបល់ផ្នែកច្បាប់លោក ស៊ឹម វិបុល ពន្យល់ថា ពលរដ្ឋដែលឆ្លងដែនឬរស់នៅក្នុងប្រទេសណាមួយខុសច្បាប់ ម្ចាស់ប្រទេសមានសិទ្ធិចាប់ខ្លួន។ ប៉ុន្តែលោកថា ករណីសមត្ថកិច្ចថៃដាក់ច្រវាក់ពលរដ្ឋខ្មែរនេះជា ជាទម្រង់ នៃការធ្វើទារុណ ឬប្រមាថមើលងាយ។ លោកបន្តថា ករណីនេះ កម្ពុជាជាប្រទេសសាមីមានកាតព្វកិច្ចដាក់កំណត់ទូត ទៅរដ្ឋាភិបាលថៃ ឬប្តឹងទៅស្ថាប័នអន្តរជាតិនានារួមទាំងអង្គការសហប្រជាជាតិ។ លោក លោក ស៊ឹម វិបុល៖ «ក្នុងច្បាប់អន្តរជាតិគេអនុញ្ញាតឱ្យយើងក្នុងឋានៈជារដ្ឋហ្នឹងធ្វើកំណត់ទូតដើម្បីតវ៉ាទាមទារឱ្យគេ អនុវត្តន៍តាមបទដ្ឋាន ឬស្តង់ដារសិទ្ធិមនុស្សអ៊ីចឹងទៅ។ ដំបូងរដ្ឋទ្វេភាគីហ្នឹងហើយបើអត់ទេ យើងត្រូវមានសិទ្ធិធ្វើរបាយការណ៍ធ្វើអីចឹងទៅដាក់ចូលទៅក្នុងសន្និបាតអង្គការសិទ្ធិមនុស្សអីចឹងទៅដើម្បីតវ៉ារឿងហ្នឹង»។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសលោក អាន សុខឃឿន និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីអត្ថាធិប្បាយបានទេ នៅថ្ងៃទី៣ ខែមីនា។ លោក អាន សុខឃឿន ប្រាប់វិទ្យុបារាំងផ្សាយជាខេមរភាសាថា រូបភាពជាប់ច្រវាក់ ដៃជាក្រុមនោះពិតជារូបពលករខ្មែរដែលសមត្ថកិច្ចថៃចាប់ខ្លួនមែន។

ទោះយ៉ាងណាទាំងក្រសួងការបរទេសកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃមិនឃើញមានវិធានការច្បាស់លាស់លើករណីនេះទេ។ សូម្បីតែនៅលើផេកហ្វេសប៊ុក របស់ស្ថាប័នទាំង២ ក៏មិនឃើញមាននិយាយពីពលករខ្មែរដែលរងការធ្វើបាបនេះដែរ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតលើករណីនេះ ដើម្បីស្វែងរកការពិត។ លោកបន្តថា បើរកឃើញសមត្ថកិច្ចថៃបានធ្វើបែបនេះមែន គឺជាការរំលោភបំពាន ដែលកម្ពុជាត្រូវមានវិធានការបន្ត។ លោក ស៊ឹង សែនករុណា៖ «បើសិនជារកឃើញរឿងនេះកើតឡើងតែលើពលរដ្ឋកម្ពុជា យើងអាចចោទប្រកាន់ថា ថៃកំពុងតែប្រព្រឹត្តិដោយរើសអើងលើជនជាតិកម្ពុជាតែម្តង។ អ៊ីចឹងចំណុចទាំងអស់នេះនៅក្នុងគោលការណ៍សេចក្តីប្រកាសជាសកល និងកតិកាសញ្ញាសិទ្ធិពលរដ្ឋ និងនយោបាយរបស់អន្តរជាតិហ្នឹង គឺគេហាមដាច់ខាតពីការរើសអើងជាតិសាសន៍ ឬក៏សាសនា»។

លោក ឌីថេ ហូយ៉ា បញ្ជាក់ថា នេះគ្រាន់តែរូបភាពដែលមានការចែកចាយតាមបណ្ដាញសង្គមតែប៉ុណ្ណោះ ហើយលោកបារម្ភថា សកម្មភាពការធ្វើទារុណផ្សេងៗ ទៀតក៏កើតមានដែរតែមិនមានអ្នកដឹង ខណៈលោកថា សន្ទុះពលករខ្មែរសម្រុកឆ្លងដែនទៅរកការងារធ្វើនៅក្នុងប្រទេសថៃ មិនមានការថយចុះនោះទេ។ ទន្ទឹមនឹងពលរដ្ឋជួបការលំបាកផ្នែកសេដ្ឋកិច្ច ឬជាប់បំណុលកាន់តែច្រើន ហើយធ្វើចំណាកស្រុកទៅទៅថៃបន្តបន្ទាប់ទាំងប្រឈមគ្រោះថ្នាក់នេះ លោកហ៊ុន សែន ក៏បន្តផ្សព្វផ្សាយពីរដ្ឋាភិបាលដែលលោកដឹកនាំមានបេះដូងធំ មានចិត្តល្អ។

លោក ហ៊ុន សែន ថ្លែងថា ការមិនគិតលុយពីប្រតិភូបរទេសមកចូលរួម ការប្រកួតស៊ីហ្គេមនេះជាចំណុចនៃទឹកចិត្តល្អរបស់លោកដែលធ្លាប់ធ្វើកន្លងមកជាច្រើន។ លោកបន្តថា បើកម្ពុជាជាប្រទេសមានទ្រព្យសម្បត្តិច្រើន លោកនឹងធ្វើល្អ ឱ្យបានជាងនេះឱ្យពិភពលោកដឹង។ លោក ហ៊ុន សែន៖ «សម្រាប់កម្ពុជាប្រទេសតូចក្រតែថ្លើមធំ។ ខ្លះវាបង្អាប់ឯងថាថ្លើមធំហ្នឹងទាល់តែមហារីក តែសូមបញ្ជាក់ នេះជាទឹកចិត្តរបស់កម្ពុជាដែលកម្ពុជាមាន។ ហើយខ្ញុំជម្រាបជូន បើខ្ញុំមានប៉ុណ្ណឹងខ្ញុំផ្តល់ជំនួយទៅក្រៅប្រទេសច្រើន សូម្បីតែក្រប៉ុណ្ណឹងពេលកូវីដខ្ញុំនាំជំនួយទៅដល់នេប៉ាល់ ទីម័រឡេស ដល់វៀតណាម ដល់ឡាវ ដល់មីយ៉ាន់ម៉ា ហើយហ៊ានផ្តល់ជំនួសទៅដល់គុយប៉ា»។ នៅលើហ្វេសប៊ុកផេករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មិនមានប្រតិកម្ម ចំពោះសមត្ថកិច្ចថៃយកច្រវាក់ចងពលរដ្ឋខ្មែរនេះដែរ។

របាយការណ៍អង្គការសង់ត្រាល់បង្ហាញថា ពលរដ្ឋកម្ពុជាកំពុងធ្វើការនៅក្នុងប្រទេស ថៃមានប្រមាណ២លាននាក់ ក្នុងនោះពាក់កណ្តាលមិនមានឯកសារស្របច្បាប់ទេ។ ទន្ទឹមនឹងនេះ ពលរដ្ឋដែលបាត់បង់ការងារធ្វើក្នុង វិស័យសំណង់ ការងាររោងចក្រ និងកសិកម្ម បានបន្តឆ្លងដែនទៅប្រទេសថៃរកការងារធ្វើរាល់ថ្ងៃ៕

website_news/2023090504.txt · Last modified: 2023/05/09 08:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki