website_news:2023090505

អង្គការសង់ត្រាល់៖ ពលករខ្មែរជាងមួយពាន់នាក់ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនក្នុងពេលបួនខែចុងក្រោយ

https://khmer.voanews.com/a/about-a-thousand-cambodian-migrant-workers-arrested-in-thailand-finds-report/7078381.html ០៤ ឧសភា ២០២៣ហាន ណូយ

ភ្នំពេញ៖ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៣ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃចំនួនជាង ១.០០០ នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ដែលនេះបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (Central)។ ក្នុងចំណោមពលករទាំងនោះ ក៏មានពលករខ្មែរដែលត្រូវអាជ្ញាធរថៃ ចាប់ដាក់ខ្នោះច្រវាក់នៅនឹងដៃ ហើយត្រូវគេថតបាន និងយកមកផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមកាលពីពេលថ្មីៗនេះ។

បើតាមសេចក្តីថ្លែងការណ៍ ស្តីពីការចាប់ខ្លួនពលករកម្ពុជាពីសំណាក់អាជ្ញាធរថៃ ចុះថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣ មានការចាប់ខ្លួនពលករខ្មែរជាបន្តបន្ទាប់ ក្រោយពួកគេត្រឡប់មកពីប្រទេសកម្ពុជានៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយសារតែពួកគេខ្លះគ្មានឯកសារស្របច្បាប់គ្រប់គ្រាន់ ហើយអ្នកខ្លះទៀតមានឯកសារអនុញ្ញាតឱ្យធ្វើការនៅប្រទេសថៃស្របច្បាប់ តែអស់សុពលភាព។ សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា នៅក្នុងរយៈពេលបួនខែនេះ ករណីនៃការឃាត់ខ្លួនពលករកម្ពុជាដែលឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ គឺចំនួន ២៥ ករណី ហើយមានជនរងគ្រោះសរុបចំនួន ១.២៩៧ នាក់ ក្នុងនោះជាង ៧០០ នាក់ជាស្ត្រី និងជាង ៦០ នាក់ជាកុមារ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ពលករខ្មែរភាគច្រើនត្រូវបានចាប់ឃាត់ខ្លួន និងទទួលរងការធ្វើទុក្ខទោស ទារុណកម្ម ការចាប់ដាក់ខ្នោះ និងការចាប់ឃុំខ្លួនបណ្តោះអាសន្នពីសំណាក់អាជ្ញាធរថៃ ដោយសារតែពួកគេពុំមានឯកសារគ្រប់គ្រាន់ ឬក៏ផុតសុពលភាព ឬក៏ការធ្វើដំណើរមិនត្រឹមត្រូវតាមនីតិវិធី និងមិនមានលទ្ធភាពក្នុងការបង់ប្រាក់តាមច្រកព្រំដែនផ្លូវការ»។ បើតាមសេចក្តីថ្លែងការណ៍ ក្រោយពួកគេត្រូវបានចាប់ខ្លួន ពួកគេទាំងនោះត្រូវបានឃុំខ្លួននៅក្នុងអគារតូចចង្អៀត ដែលការណ៍នេះបានបង្កផលប៉ះពាល់ទៅលើសិទ្ធិជាមូលដ្ឋានរបស់ពួកគេ និងជះផលអវិជ្ជមានទៅលើសេដ្ឋកិច្ចគ្រួសាររបស់ពួកគេផងដែរ។

ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមថា ការចាប់ពលករខ្មែរដោយការដាក់ច្រវ៉ាក់ មិនមែនជាការអនុវត្តច្បាប់ឡើយ ប៉ុន្តែជាអំពើអមនុស្សធម៌។ លោកថ្លែងថា៖ «គាត់អត់មានឯកសារ អាជ្ញាធរថៃចាប់ហ្នឹងក៏មានការទាក់ច្រវ៉ាក់អីហ្នឹងដូចបានឃើញតាមរូបភាពគេបង្ហោះ ហើយមានការជំរិតទារលុយ ដែលវាជាទង្វើមួយមិនឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់ទេ ផ្ទុយទៅវិញ វាជាអំពើហិង្សាអមនុស្សធម៌»។

វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពី លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និង លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បាននៅឡើយទេនៅថ្ងៃព្រហស្បតិ៍នេះ ទាំងតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងទូរសព្ទ។

យោងតាមរបាយការណ៍ឆ្នាំ ២០១៩ របស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) មួយភាគបីនៃពលករចំណាកស្រុកដែលត្រូវបានគេសាកសួរព័ត៌មាន ពុំមានការងារធ្វើក្នុងស្រុក មុនពេលពួកគេចេញពីកម្ពុជា។ ជិតពាក់កណ្តាល គឺគ្មានចំណូល និងប្រហែលពីរភាគបីបានសម្រេចចិត្តទៅប្រទេសថៃ ដើម្បីស្វែងរកការងារដោយសារពុំមានឱកាសការងារនៅក្នុងស្រុក និងដោយសារចង់បានចំណូលប្រសើរជាងមុន។ របាយការណ៍បង្ហាញថា ចំនួនពាក់កណ្តាលនៃអ្នកដែលត្រូវបានសម្ភាសបានផ្ញើប្រាក់ត្រឡប់ទៅស្រុកកំណើតប្រមាណ ១.២២៨ ដុល្លារក្នុងមួយឆ្នាំ។ ប្រាក់ទាំងនេះ គឺជាប្រាក់ចំណូលចម្បងសម្រាប់ទំនុកបម្រុងគ្រួសារនៅប្រទេសកម្ពុជា ឬក៏ដើម្បីប្រើប្រាស់ធ្វើឲ្យជីវភាពប្រសើរឡើង។

ក្នុងពេលចូលរួមពិធីសង្រ្កាននៅប្រទេសថៃ កាលពីថ្ងៃទី ៩ ខែមេសា រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ក៏បានលើកឡើងថា ពលករខ្មែរ ១ លាន ២ សែននាក់កំពុងធ្វើការក្នុងប្រទេសថៃ ហើយក្នុងម្នាក់ៗបានផ្ញើប្រាក់ទៅផ្ទះចំនួន ១៦៧ ដុល្លារអាមេរិកក្នុងមួយខែ។ នេះបើយោងតាមសារដែលបង្ហោះនៅលើហ្វេសប៊ុករបស់ក្រសួងការងារ៕

website_news/2023090505.txt · Last modified: 2023/05/09 08:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki