website_news:2023090602

គណបក្សជាប់ឆ្នោតថៃ ចេញមុខបំភ្លឺ រឿងដែលថា ខ្លួនគ្រោងបណ្តេញពលករខ្មែរ

https://www.kampucheathmey.com/global-news/523923 ថ្ងៃព្រហស្បតិ៍ ៨ មិថុនា ២០២៣ដោយ Sok Sovann

គណបក្សចលនាឆ្ពោះទៅមុខ បានបដិសេធទាំងស្រុង ចំពោះសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសដែលថា ខ្លួនមានគោលនយោបាយ បណ្តេញពលករចំណាកស្រុកចេញពីប្រទេសថៃ ហើយបក្សក៏មិនដែលពិភាក្សាអំពីការធ្វើបែបនេះដែរ ។

គណបក្សបានបង្ហោះលើ Facebook ថា “គណបក្សចលនាឆ្ពោះទៅមុខ សូមបដិសេធយ៉ាងដាច់អហង្ការ នូវរបាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលចោទប្រកាន់លើ គណបក្សដែលមានគោលនយោបាយធ្វើមាតុភូមិនិវត្តន៍ពលករចំណាកស្រុកមកពីប្រទេសជិតខាង”។ ស្របពេលជាមួយគ្នានោះ គណបក្សក៏បញ្ជាក់ជាថ្មីផងដែរ នូវផែនការរបស់ខ្លួន ក្នុងការធ្វើផ្ទុយពីនេះ ពោលគឺបក្សចង់បង្កលក្ខណៈកាន់តែងាយស្រួល ដល់ជនបរទេស ដែលទៅធ្វើការនៅប្រទេសថៃ និងពង្រីកសិទ្ធិទទួលបានការការពារការងារ សម្រាប់ពលករទាំងអស់ដោយមិនគិតពីសញ្ជាតិ។

យោងតាមគណបក្សនេះ, ពលករចំណាកស្រុកគឺមានសារសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ចថៃ ជាពិសេសនៅក្នុងឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម។ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងមិនទទួលបានជោគជ័យឡើយ បើមិនមានពលករចំណាកស្រុក។ គណបក្សចលនាឆ្ពោះមុខ បន្ថែមទៀតថា គណបក្ស នឹងផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូអាស៊ាន ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ច និងលើកកម្ពស់សិទ្ធិនៅក្នុងតំបន់។ សេដ្ឋកិច្ចដែលរីកចម្រើន នយោបាយស្ថិរភាព និងសង្គមយុត្តិធម៌ក្នុងអាស៊ាន នឹងនាំមកនូវវិបុលភាពដល់តំបន់ទាំងមូល។ ការបញ្ជាក់របស់គណបក្សចលនាឆ្ពោះទៅមុខ ធ្វើឡើងបន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មលើគោលនយោបាយរបស់អ្នកនយោបាយថៃ ដែលមានបំណងដេញពលករខ្មែរចេញពីប្រទេស។

ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសនានានៅខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចមានប្រសាសន៍ថា ផែនការណាមួយរបស់ប្រទេសថៃ ក្នុងការបណ្តេញពលករបរទេស ជាពិសេសពលករខ្មែរ ឡាវ និងមីយ៉ាន់ម៉ា នឹងធ្វើឲ្យខូចសេដ្ឋកិច្ចប្រទេសដែលផ្គត់ផ្គង់កម្មករ ក៏ដូចជាប្រទេសថៃផងដែរ ព្រោះពួកគេពឹងផ្អែកខ្លាំងលើពលកម្មបរទេស៕ ប្រែសម្រួល៖ Vann Vann

website_news/2023090602.txt · Last modified: 2023/06/09 09:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki