website_news:2023090603

សម្ដេចតេជោ ហ៊ុន សែន សាទរចំពោះព័ត៌មានថា ថៃមិនមានបំណងបណ្ដេញពលករកម្ពុជា ចេញពីប្រទេសរបស់ខ្លួន

https://www.kampucheathmey.com/local-news/523999 ថ្ងៃព្រហស្បតិ៍ ៨ មិថុនា ២០២៣ដោយ sopheak khoun

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអបអរសាទរ នៅពេលដែលទទួលបានព័ត៌មានថា ប្រទេសថៃ មិនមានបំណងបណ្ដេញពលករកម្ពុជា ចេញពីប្រទេសរបស់ខ្លួន។ ការសម្ដែងការអបអរសាទររបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីចំនួន ១៨,០០០នាក់ មកពីរោងចក្រសហគ្រាសចំនួន ៥ ក្នុងស្រុកសាមគ្គីមានជ័យ និង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ហើយខ្ញុំក៏សុំអបអរសាទរជាមួយនឹងព័ត៌មាន ដែលទទួលបានពីព្រះរាជាណាចក្រថៃ ដែលមុននេះខ្ញុំបានបង្ហាញពីកង្វល់ ស្ដីអំពីបក្សឆ្ពោះទៅមុខនេះ ដែលមានបំណង ដែលលឺចេញជាពាក្យមកថា នឹងបណ្ដេញកម្មករកឡាវ និងកម្មករកម្ពុជា ចេញពីប្រទេសថៃ ប៉ុន្តែម្សិលម្ង៉ៃនេះ ម្សិលមិញនេះ ម្សិលម៉្ងៃគឺមានការនិយាយ តែម្សិលមិញមានការបញ្ជាក់យ៉ាងជាក់លាក់ថា គឺអត់មានទេ គេនឹងសម្រួលឲ្យថែមទៀតផង បើដូច្នេះគឺយើងលែងកង្វល់ជាមួយនឹងការចាកចេញរបស់កម្មករ-កម្មការនីរបស់យើង ដែលកំពុងធ្វើការក្នុងប្រទេសថៃៗ»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា សម្ដេច ត្រូវតែឈឺឆ្អាលចំពោះព័ត៌មានទាក់ទងនឹងការបណ្ដេញចេញ ឬបញ្ឈប់ការងារ ឬក៏បាត់បង់អត្ថប្រយោជន៍ពលកររបស់កម្ពុជា ដែលធ្វើការងារនៅក្រៅប្រទេស។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះការបញ្ជាក់របស់ភាគីថៃថា ពុំមានបំណងបណ្ដេញពលករកម្ពុជា ចេញពីប្រទេសរបស់ខ្លួននោះ៕

website_news/2023090603.txt · Last modified: 2023/06/09 09:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki