website_news:2023090604

ជនជាតិបង់ក្លាដែស ៣ នាក់ ស្វែងរកការជួយអន្តរាគមន៍ ដើម្បីជួយសម្រួលឱ្យពួកគាត់បានទទួលលិខិតឆ្លងដែនពីក្រុមហ៊ុនវិញ

https://www.postkhmer.com/national/2023-06-07-1835-250987.html អោម ប៊ុនធឿន | Publication date 07 June 2023 | 18:35 ICT

ភ្នំពេញៈ ជនជាតិបង់ក្លាដែស ៣ នាក់ ស្វែងរកការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលឱ្យពួកគាត់បានទទួលលិខិតឆ្លងដែនពីក្រុមហ៊ុនឈ្មោះ BC BUILDERS INVESTMENT CO., LTD ដំណើរការនៅកម្ពុជា ដែលពួកគាត់មកបម្រើការងារ ប៉ុន្តែក្រុមហ៊ុនមិនបានបើកប្រាក់ ឈ្នួលឱ្យតាមកិច្ចសន្យាធ្វើឱ្យពួកគាត់បង្ខំចិត្តលាឈប់ និងចាកចេញពីកន្លែងការងារ។

បុរសជាជនបរទេសទាំង ៣ នាក់នោះទី ១.ឈ្មោះ MOLIA MD TOWHID NEWAL កាន់លិខិតឆ្លងដែនលេខ EE0670794 ទី២.ឈ្មោះ HOSSAIN ALAM GR កាន់លិខិតឆ្លងដែនលេខ BB0707223 និងទី៣ឈ្មោះ KHAN MD DELWER កាន់លិខិតឆ្លងដែនលេខ BY0536974 ទាំង ៣ នាក់ជាជនជាតិបង់ក្លាដែស ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក MOLIA MD TOWHID NEWWAL បានឱ្យដឹងថា រូបលោក និងក្រុមការងារ ២នាក់ទៀត បានចូលមកកម្ពុជាតាមជើងយន្តហោះមកពីប្រទេសបង់ក្លាដែស ដោយទទួលបានទិដ្ឋាការ ស្របច្បាប់ ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងចាប់ផ្តើមធ្វើការងារនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងនាមកម្មករជំនាញ ដោយខែដំបូងក្នុងម្នាក់ទទួលបានប្រាក់ខែ ៣០០ ដុល្លារ អាមេរិក ប៉ុន្តែខែបន្ទាប់ ក្រុមហ៊ុនមិនបានផ្តល់ប្រាក់ខែឱ្យទេ។ លោកថា នៅពេលមានការតវ៉ា ក្រុមហ៊ុនបាន សម្រួលឱ្យបន្តការងារ ដោយផ្តល់ថ្លៃហូបចុកពី ៥ទៅ១០ដុល្លារប៉ុណ្ណោះ។ បញ្ហានេះអូសបន្លាយ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ អ្នកទាំង៣សម្រេចចិត្តឈប់ធ្វើការ និងចាកចេញពីក្រុមហ៊ុន ដោយមានជាប់បណ្ណចេញចូលការងារចំនួន៣ខែ គឺខែមករា ដល់ខែមីនា ឆ្នាំ២០២១។ លោកបន្តថា ក្រុមហ៊ុន ប៊ីស៊ី ប៊ីលឌ័រ អ៊ុនវេសម៉ិន (ខេមបូឌា) ឯ.ក (BC BUILDERS INVESTMENT CO., LTD) ដែលមានលោក MOHAMMED JAHANGIA ជាអ្នកតំណាង មិនត្រឹមតែមិនបានបើកប្រាក់ឈ្នួលមកពួកលោកនោះទេ ហើយថែមទាំងព្យាយាមមិនសហការក្នុងការផ្តល់លិខិតឆ្លងដែនថែមទៀត ទោះបីមានការសម្របសម្រួលពីស្ថាប័នតុលាការក៏ដោយ។ លោកបញ្ជាក់ថា៖ «យើងស្នើទៅរដ្ឋាភិបាលកម្ពុជាឱ្យជួយដោះស្រាយបញ្ហារបស់ពួកយើងឱ្យបានឆាប់ ដើម្បីពួកយើងបានត្រឡប់ទៅប្រទេសកំណើតវិញ»។

តំណាងក្រុមហ៊ុន លោក ALAM MOHAMMED JAHANGIA បានថ្លែងការណ៍ថា ខ្លួនមិនទទួលស្គាល់ចំពោះការទាមទាររបស់កម្មករជំនាញទាំង៣នាក់នោះទេ ព្រោះពួកគាត់មិនបានធ្វើការឱ្យក្រុមហ៊ុនឡើយ។ អ្នកទាំង៣ធ្វើការ បានតែ៣ខែប៉ុណ្ណោះ ដោយចាប់ផ្ដើមធ្វើការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដែលប្រាក់ឈ្នួលអំឡុងពេលនោះខាងក្រុមហ៊ុនបានបើកប្រាក់ឈ្នួលជូនរួចហើយ។

នាយកដ្ឋានវិវាទការងារ នៃអគ្គនាយកដ្ឋានការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការប្រជុំសម្របសម្រួល និងធ្វើការផ្សះផ្សា ករណីក្រុមហ៊ុនមិនទូទាត់ប្រាក់ឈ្នួលនេះជាច្រើនលើកច្រើនសា ប៉ុន្តែមិនមានលទ្ធផលសះជានឹងគ្នា។ នេះបើយោងតាមកំណត់ហេតុនៃការផ្សះផ្សាវិវាទបុគ្គល នៃអគ្គនាយកដ្ឋានការងារ។ នាយកដ្ឋានវិវាទការងារបញ្ជាក់ថា លោក MOLIA MD TOWHID NEWWAL នៅតែទាមទារឱ្យក្រុមហ៊ុនទូទាត់ប្រាក់ឈ្នួលដែលមិនបានបើក មានចំនួនសរុប ៤ ៣២០ ដុល្លារសហរដ្ឋអាមេរិក។ ដោយឡែកលោក ALAM MOHAMMED JAHANGIA តំណាងក្រុមហ៊ុននៅតែបញ្ជាក់ថា ក្រុមហ៊ុនបានទូទាត់ប្រាក់ឈ្នួលជូនកម្មកររួចហើយ តាមរយៈវិក្កយបត្របើកប្រាក់ឈ្នួលជាអំណះអំណាង។

លោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៧ ខែមិថុនាថា ចំពោះជនបរទេសណាដែលបាត់លិខិតឆ្លងដែន ត្រូវដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល រួចយកទៅស្នើសុំលិខិតឆ្លងដែនថ្មី ហើយត្រូវមកស្នើសុំទិដ្ឋាការចេញ(Exit Visa) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ដោយឡែក ចំពោះករណីក្រុមហ៊ុនដកហូតលិខិតឆ្លងដែន គឺជាអំពើមិនស្របច្បាប់ ដូច្នេះស្នើសាមីជនបរទេសអាចដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចប្រសិនបើមានករណីដូច្នេះ៕

website_news/2023090604.txt · Last modified: 2023/06/09 09:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki