website_news:2023090605

កម្ពុជា-អូស្ត្រាលី បានពិភាក្សាគ្នាពីការបង្កើតតុលាការការងារនៅកម្ពុជា

https://www.postkhmer.com/national/2023-06-07-1055-250920.html ជា សុខនី | Publication date 07 June 2023 | 10:55 ICT

ភ្នំពេញៈ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងការងារ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងចាស្ទីន ខេវីន វ្យ៉ាត់ (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា បានពិភាក្សាគ្នាពីការបង្កើតតុលាការការងារ ដើម្បីជាការរួមចំណែកក្នុងការធ្វើឱ្យមានភាពប្រសើរក្នុងការដោះស្រាយទំនាស់ក្នុងការងារ។

លោក អ៊ិត សំហេង ថ្លែងថា៖ «ចំពោះការដោះស្រាយបញ្ហារបស់និយោជក និងកម្មករ-និយោជិត កម្ពុជាបានបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្ដាល ១ ហៅកាត់ថា AC រួចមកហើយ ដើម្បីសម្រួលការដោះស្រាយទំនាស់វិវាទក្រៅប្រព័ន្ធតុលាការ ហើយរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ច្បាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរួចមកហើយដែរ តែទោះជាយ៉ាងណា ការរៀបចំបង្កើតតុលាការការងារនៅតែមានការយកចិត្តទុកដាក់ និងឈានទៅការបង្កើតឱ្យបាននៅពេលខាងមុខ»។ លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា ស្ថានភាពប្រទេសកម្ពុជាសព្វថ្ងៃនេះ ជាទូទៅរាល់ពេលមានវិវាទការងារកើតឡើង តែងតែដាក់ពាក្យបណ្ដឹងទៅតុលាការអាជ្ញាគតិ ហើយតុលាការនេះដោះស្រាយគ្រប់វិវាទ ដូច្នេះហើយបានជាកម្ពុជា មិនមានតុលាការតាមជំនាញនោះ។ លោកស្រី អ៊ូ ទេពផល្លីន បានថ្លែងថា៖ «ចំពោះតុលាការការងារ វាជាផ្នែកមួយដែលរដ្ឋត្រូវតែមានហើយ ក៏ប៉ុន្តែអ្វីដែលយើងយល់ មុននឹងឈានដល់តុលាការការងារ កម្មករក៏អាចប្រើប្រាស់នូវយន្តការក្រុមប្រឹក្សាអាជ្ញាធរកណ្ដាល ដើម្បីដោះស្រាយទាំងវិវាទរួម ទាំងវិវាទបុគ្គលផងដែរ»។ «តុលាការការងារហ្នឹង ក៏ត្រូវតែមានទម្រង់ស្រដៀងទៅនឹងក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បីធានាបានថា វិវាទដែលកម្មករបាននាំបណ្ដឹងទៅនោះ អាចទទួលបានយុត្តិធម៌»។

កាលពីខែមករា ឆ្នាំ ២០២២ ក្រសួងយុត្តិធម៌កម្ពុជា បានចេញសេចក្ដីសម្រេចចំនួន ២ ដាច់ដោយឡែកពីគ្នាស្តីពីការបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការជំនាញក្នុងនោះ រួមមានតុលាការពាណិជ្ជកម្ម និងតុលាការការងារ ដើម្បីដោះស្រាយភាពចាំបាច់នៃសំណុំរឿងពិសេសដាច់ដោយឡែកជុំវិញវិវាទការងារ និងពាណិជ្ជកម្ម ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានចេញជាលទ្ធភាពដាក់ឱ្យដំណើរការនៅឡើយទេ។ លោក អ៊ិត សំហេង ក៏បានរំឭកផងដែរនូវទំនាក់ទំនងការទូតល្អរវាងកម្ពុជា-អូស្ត្រាលី ដោយបានប្រារព្ធខួបអនុស្សាវរីយ៍ ៧០ ឆ្នាំ៕

website_news/2023090605.txt · Last modified: 2023/06/09 09:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki