website_news:2023090606

លោក ហ៊ុន សែន អរគុណបក្សប្រឆាំងថៃ ចំពោះការសន្យារក្សាជំហរមិនបណ្តេញពលករខ្មែរចេញពីប្រទេសថៃ

https://www.rfi.fr/km//20230608-?ref=tgi ចុះផ្សាយនៅថ្ងៃ៖ 08/06/2023 - 08:14

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអរគុណគណបក្ស កាវក្លៃ ឬ «Move Forward» ដែលបានបញ្ជាក់អំពីគោលជំហរមិនបណ្តេញពលករខ្មែរចេញពីប្រទេសថៃ ប្រសិនបើគណបក្សប្រឆាំងថៃនេះឡើងទៅកាន់អំណាច។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨មិថុនានេះ លោក ហ៊ុន សែន នៅបន្តរក្សាភាពត្រឹមត្រូវ ដែលលោកបានបង្ហាញក្តីបារម្ភជុំវិញបំណងបណ្តេញពលករខ្មែរចេញពីប្រទេសថៃរបស់គណបក្សកាវក្លៃនេះ។

នៅចំពោះមុខកម្មករ-កម្មការិនីក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអបអរសាទរដំណឹង ស្តីពីការបន្តរក្សាគោលនយោបាយគាំទ្រពលករអន្តោប្រវេសន៍នៅប្រទេសថៃរបស់គណបក្សប្រឆាំងគឺ គណបក្សកាវក្លៃ ឬ «Move Forward» ដែលជាគណបក្សទទួលបានសំឡេងបោះឆ្នោតជាតិច្រើនជាងគេ។ លោក ហ៊ុន សែន បានថ្លែងអរគុណគណបក្សកាវក្លៃ ដែលបានឆ្លើយតបក្តីបារម្ភរបស់លោកពាក់ព័ន្ធនឹង បំណងបណ្តេញចេញពលករចំណាកស្រុក នៅពេលគណបក្សប្រឆាំងថៃនេះឡើងកាន់អំណាច។ ជាក្តីបារម្ភ ដែលលោក ហ៊ុន សែន អះអាងថា លោកត្រូវតែហ៊ានលើកឡើង ហ៊ានឈឺឆ្អើល ក្នុងនាមជានាយករដ្ឋមន្ត្រី ដែលនោះ គឺជារឿងដ៏ត្រឹមត្រូវ។

គួររំព្ញកថា លោក ហ៊ុន សែន ក្នុងវេទិកាសាធារណៈមួយកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ធ្លាប់បានប្រតិកម្មបង្ហាញការមិនគាំទ្រ ចំពោះគោលនយោបាយរបស់គណបក្សប្រឆាំងថៃ គណបក្សកាវក្លៃ ឬ «Move Forward» ដែលចង់បណ្ដេញពលករខ្មែរ និងពលករឡាវចេញពីប្រទេសថៃ។ ហើយលោក ហ៊ុន សែន ថែមទាំងបានព្រមានគណបក្សប្រឆាំងថៃពីគោលនយោបាយនេះ និងដាក់បញ្ជាឱ្យក្រសួងការងារ ក្រសួងស្ថាប័នរបស់កម្ពុជានិងភាគីពាក់ព័ន្ធដទៃទៀត ត្រៀមជើងព្រួលដោះស្រាយបញ្ហាប្រឈមរបស់ពលករខ្មែរនៅប្រទេសថៃ។ បច្ចុប្បន្ននេះ មានពលករខ្មែរប្រមាណ ១.២លាននាក់កំពុងបម្រើការងារនៅប្រទេសថៃ ដែលជាចំនួនដ៏ច្រើនលើសលុប ក្នុងចំណោមពលករនៅក្រៅប្រទេសសរុបប្រមាណ ១.៣លាននាក់។

ជាការឆ្លើយតប គណបក្សកាវក្លៃ ឬ « Move Forward » នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានចេញមកបដិសេធ និងបញ្ជាក់ថា រដ្ឋាភិបាលថៃ ក្រោមការដឹកនាំដោយគណបក្សប្រឆាំង ជំនួសលោក ប្រាយុទ្ធ ចាន់អូចារ នឹងមិនផ្លាស់ប្តូរគោលនយោបាយបញ្ជូនពលករចំណាកស្រុកចេញពីប្រទេសថៃឡើយ។ ផ្ទុយទៅវិញ គណបក្សកាវក្លៃ មានបំណងបង្កើតគោលនយោបាយសម្រួលដល់បរិយាកាសការងារពលករចំណាកស្រុកឱ្យកាន់តែមានភាពងាយស្រួលជាងមុន ផ្តល់ការការពារសមរម្យ និងធានាថា ពលករចំណាកស្រុកគ្រប់ជាតិសាសន៍នៅប្រទេសថៃ មិនទទួលរងការបង្ខិតបង្ខំ ឬកេងប្រវ័ញ្ចផ្សេងៗទៀត។

គួរជម្រាបបន្ថែមថា ថៃនឹងប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅខែកក្កដាខាងមុខនេះ ខណៈគណបក្ស កាវក្លៃ ឬ « Move Forward» ជាគណបក្សប្រឆាំងទទួលសំឡេងគាំទ្រច្រើនជាងគេ៕

website_news/2023090606.txt · Last modified: 2023/06/09 09:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki