website_news:2023090801

ជនជាតិឥណ្ឌូណេស៊ី ០៩ នាក់ មិនពេញចិត្តនឹងការងារ ប្រឌិតរឿងត្រូវគេបង្ខាំង និងបង្ខំឲ្យធ្វើការ

https://www.kampucheathmey.com/security/554609 ថ្ងៃចន្ទ ៧ សីហា ២០២៣ដោយ Inn Pisey

ជនជាតិឥណ្ឌូណេស៊ី ០៩ នាក់ មិនបានរងគ្រោះដោយអំពើបង្ខាំង និងបង្ខំឲ្យធ្វើការនៅទីតាំងក្រុមហ៊ុនមួយកន្លែង ភូមិសាស្ត្រខេត្តស្វាយរៀងនោះទេ ហើយមូលហេតុពួកគេផ្ដល់ព័ត៌មានទៅស្ថានទូតឥណ្ឌូណេស៊ី ដោយសារមិនពេញចិត្តការងារ ទើបប្រឌិតរឿង ផ្ដល់ព័ត៌មានមិនពិត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

សេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា ក្រុមប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវបណ្ដាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ សូមជម្រាបជូនដល់សាធារណជនអំពីលទ្ធផលប្រតិបត្តិការស្វែងរកជនបរទេស ដែលបានស្នើសុំអន្តរាគមន៍តាមរយៈទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម (ករណីលេខ ៩៥៣)។

សេចក្ដីប្រកាសព័ត៌មាន បានបន្តថា នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ ក្រុមប្រតិបត្តិការ ទទួលបានកំណត់ទូតពីស្ថានទូតឥណ្ឌូណេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ស្នើសុំអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរបស់ខ្លួនចំនួន ០៩ នាក់ លើករណីបង្ខាំងមនុស្ស និងបង្ខំឲ្យធ្វើការ នៅទីតាំងក្រុមហ៊ុនមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ក្រោយពីទទួលបានសំណើសុំអន្តរាគមន៍ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង បានរកឃើញជនជាតិឥណ្ឌូណេស៊ីទាំង ០៩ នាក់ កំពុងស្នាក់នៅ និងធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងបានអញ្ជើញមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។

ជាមួយគ្នានេះ ផ្អែកតាមការបំភ្លឺរបស់ជនជាតិឥណ្ឌូណេស៊ីទាំង ០៩ នាក់ ខាងលើ និងពិនិត្យលើស្ថានភាពទីតាំងជាក់ស្ដែងឃើញថា ពួកគេទាំង ០៩ នាក់ មិនត្រូវបានរងគ្រោះដោយអំពើបង្ខាំងនៅក្នុងទីតាំង និងបង្ខំឲ្យធ្វើការនោះទេ។ ផ្ទុយទៅវិញ មូលហេតុដែលពួកគេផ្ដល់ព័ត៌មានទៅស្ថានទូត ដើម្បីប្ដឹងសុំអន្តរាគមន៍ ព្រោះពួកគេមិនពេញចិត្តនឹងការងារ ហើយមិនអាចសុំក្រុមហ៊ុនឈប់បាន ដោយសារជាប់កិច្ចសន្យាការងារ រយៈពេល ០៨ ខែ ហេតុដូច្នេះទើបប្រឌិតរឿង និងផ្ដល់ព័ត៌មានមិនពិតទៅស្ថានទូតឥណ្ឌូណេស៊ីថា ពួកគេត្រូវបានរងគ្រោះដោយអំពើបង្ខាំង និងបង្ខំឲ្យធ្វើការ។

បច្ចុប្បន្ន សមត្ថកិច្ច បានបញ្ជូនជនជាតិឥណ្ឌូណេស៊ីទាំង ០៩ នាក់ ខាងលើ ទៅកាន់មណ្ឌលត្រៀមបណ្ដេញចេញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍៕ ពិសី

website_news/2023090801.txt · Last modified: 2023/08/09 10:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki