website_news:2023090802

នគរបាលជាតិ ជំរុញភ្នាក់ងារសន្ដិសុខឯកជនអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

https://www.khmertimeskh.com/501339358// ហង្ស ពណ្ណរាយ / Khmer Times August 9, 2023

អគ្គស្នងការដ្ឋាននគរបាលជាតិ ជំរុញដល់ភ្នាក់ងារសន្តិសុខវិស័យឯកជន ចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើស នៅតាមមូលដ្ឋាននានាទូទាំងប្រទេស។

ក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៥១ លោក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីម្សិលមិញបានថ្លែងថា ការចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព គឺមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលផ្ដល់សុវត្ថិភាព ជាពិសេសធានាគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿង ញៀន និងល្បែងស៊ីសងខុសច្បាប់។ លោកបន្ថែមថា៖ «ការចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព គឺផ្តើមចេញពីគ្រប់វិស័យ ជាពិសេសភ្នាក់ងារសន្តិសុខឯកជន ដែលជាកម្លាំងជំនួយដល់កងកម្លាំងមានសមត្ថកិច្ច ដែលនៅឈរជើងជាប់ជាប្រចាំតាមបណ្តាគោលដៅនានា ក្នុង២៤ម៉ោង លើ២៤ម៉ោង»។

លោកបានបន្តអំពាវនាវដល់កម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោបាយ ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព នៅទូទាំងប្រទេសឱ្យមានប្រសិទ្ធភាពខ្ពស់។ ប្រធាននាយកដ្ឋានបញ្ជាក់ថា សម្រាប់វគ្គបំប៉នជំនាញខាងលើនេះ ភ្នាក់ងារសន្តិសុខវិស័យឯកជន គឺទទួលបានចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាប្រឈមជាប្រចាំថ្ងៃក្នុងការអនុវត្តការងារ។ ក្នុងនោះមានដូចជា តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន និងវិធីសាស្រ្តការពារគោលដៅ។ លោកបន្ថែមថា ភ្នាក់ងារសន្តិសុខ ក៏ទទួលបានការបណ្ដុះបណ្ដាលស្ដីពី ច្បាប់ចរាចរណ៍ផ្លូវគោក របៀប ផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ ព្រមទាំងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម។

លោក តុង ភក្ដិ ប្រធានផ្នែកសុវត្ថិភាពសាលា និងសាធារណៈ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញថា បច្ចុប្បន្ន វិស័យសន្តិសុខឯកជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុវត្ថិភាពជូនសារធាណជននៅតាមទីសាធារណៈ មានដូចជា សាលារៀន ផ្សារទំនើប ភោជនីយដ្ឋាន និងហាងលក់ទំនេញ ជាដើម។ លោកបញ្ជាក់ថា៖ «ពួកគាត់ជាឆ្មាំ ដែលនៅប្រចាំការផ្ទាល់នៅហ្នឹងកន្លែង ហើយជាអ្នកដោះស្រាយបញ្ហាសុវត្ថិភាពភ្លាមៗ មុនពេលសមត្ថកិច្ចមកដល់។ អាជីកម្មមួយដែលមានសន្តិសុខ ធ្វើឱ្យអាជីកម្មនោះ កាន់តែមានទំនុកចិត្តពីអតិថិជន»។

លោក តុង ភក្ដិ បន្តថា សម្រាប់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺមានសន្តិសុខ ដែលមានជំនាញច្បាស់លាស់ មានវិន័យ និងក្រមសីលធម៌ ដោយពួកគេយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពសិស្សានុសិស្ស អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ដោយប្រកាន់ខ្ជាប់នូវ គុណភាព វិន័យ និងសេវាកម្ម។ លោកថា លើសពីការងារសុវត្ថិភាពសម្រាប់វិស័យសាធារណៈ និង វិស័យឯកជន សន្តិសុខ ក៏ជាអ្នកផ្តល់សេវាកម្មជួរមុខ ដែលផ្ដល់ភាពកក់ក្ដៅ និងទទួលរាក់ទាក់អតិថិជន ដែលមកទទួលសេវាកម្មផងដែរ។

កាលពីខែកក្កដា ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានណែនាំក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សហគ្រាស និងគ្រឹះស្ថាន ឱ្យបញ្ជូនភ្នាក់ងាររបស់ខ្លួនចូលរួមវគ្គបណ្ដុះបណ្ដាលពីនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីអភិវឌ្ឍសមត្ថភាព ចំណេះ និងជំនាញពាក់ព័ន្ធ កាន់តែច្បាស់លាស់ និងទទួលបានការគាំទ្រពីអថិតិជន។ លោកបន្ថែមថា ក្រុមហ៊ុនសន្តិសុខវិស័យឯកជន ត្រូវពង្រឹងអាកប្បកិរិយា ក្របសីលធម៌ សម្លៀកបំពាក់ និងត្រូវគោរពឱ្យបាននូវលិខិតបទដ្ឋាន គតិយុត្តដែលមានចែងជាធរមាន។ លើសពីនេះ មិនត្រូវរារាំងដល់កិច្ចប្រតិបត្តិការរបស់កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ពិសេសស្ថាប័នតុលាការជាដើម ផ្ទុយទៅវិញត្រូវផ្ដល់កិច្ចសហការឲ្យបានល្អ៕

website_news/2023090802.txt · Last modified: 2023/08/09 10:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki