website_news:2023091003

អង្គការ APLE និងសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ រៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹងស្តីពី «កិច្ចបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ»

https://freshnewsasia.com/index.php/en/localnews/312980-2023-10-06-14-00-57.html 2023-10-06 09:00pm

នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ ដោយទទួលបានជំនួយឧបត្ថម្ភថវិកាពីអង្គការដែនដីមនុស្សហូឡង់ដ៍ (Terre des Homes Netherlands) អង្គការ APLE និងសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញរៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹងស្តីពី «កិច្ចបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ» ដល់មន្រ្តីមូលដ្ឋានក្នុងសង្កាត់ទាំង១០ នៃខណ្ឌទួលគោកចំនួន៤៤នាក់។

លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិ នៃសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដែលធ្វើជាអធិបតី និងបើកកម្មវិធី មានប្រសាសន៍ថា «ប្រទេសកម្ពុជាបានកំពុងតែយកចិត្តទុកដាក់និងរួមគ្នាដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការរំលោភបំពានក្នុងបរិបទប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលក្នុងនោះប្រទេសកម្ពុជាបានបោះជំហានទៅមុខក្នុងការចូលរួមចំណែក សំដៅធ្វើឱ្យកាន់តែល្អប្រសើរឡើងនូវការលើកកម្ពស់កិច្ចការពារកុមារ និងឧត្តមប្រយោជន៍របស់កុមារទាំងនៅកម្ពុជាក៏ដូចជាក្នុងពិភពលោកផងដែរ។ មន្រ្តីមូលដ្ឋាននៅតែមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះករណីនេះ ពីព្រោះកុមារនិងក្រុមគ្រួសាររស់នៅក្នុងមូលដ្ឋាននោះដោយផ្ទាល់»។

លោក សំលៀង សីលា នាយកប្រតិបត្តិអង្គការ APLE បានថ្លែងថា កម្មវិធីលើកកម្ពស់ការយល់ដឹងនេះ មានគោលបំណងពង្រឹងចំណេះដឹងស្តីពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ធ្វើការឆ្លុះបញ្ចាំងឈ្វេងយល់លើការប្រើប្រាស់អ៊ីនធឺណិត និងការទំនាក់ទំនងតាមបច្ចេកវិទ្យា របស់ កុមារ និងយុវជននៅប្រទេសកម្ពុជា ឈ្វេងយល់ពីហានិភ័យនៃការប្រើប្រាស់អ៊ីធឺណិត និងទម្រង់នៃការកេងប្រវ័ញ្ច ផ្លូវ ភេទ លើ កុមារ តាមប្រព័ន្ធអនឡាញ និងការឆ្លើយតបចំពោះបញ្ហានេះ។ លោក ក៏បានលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់មេត្តាចូលរួមយ៉ាងសកម្មក្នុងការទទួលយក និងចែករំលែកចំណេះដឹង បញ្ចេញជាយោបល់ និងបន្តចែករំលែកចំណេះដឹងដែលទទួលបានដល់ក្រុមគោលដៅនានាក្នុងមូលដ្ឋានដែលអ្នកចូលរួមកំពុងបំពេញការងារ។

តាមការសិក្សាស្រាវជ្រាវ អំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញបានក្លាយជាបញ្ហាសកល និងនៅក្នុងប្រទេសកម្ពុជា ហើយវាក៏បានក្លាយជាក្តីបារម្ភថ្មីមួយទៀតដែលទាមទារអោយភាគីពាក់ព័ន្ធទាំងសាធារណជន អាណាព្យាបាល អាជ្ញាធរ សង្គមស៊ីវិល មន្រ្តីអនុវត្តច្បាប់ ចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និងការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញនេះ។

តំណភ្ជាប់អ៊ីនធឺណិតនៅកម្ពុជាបានកើនឡើងជាលំដាប់ ហើយមនុស្សកាន់តែច្រើនឡើងៗរួមទាំងកុមារមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ការសិក្សាថ្មីលើការបញ្ឈប់គ្រោះថ្នាក់នៅកម្ពុជា (Disruptiong Harm Study in Cambodia) បានបង្ហាញថា កុមារ ជាង៨០%ដែលមានអាយុចន្លោះពី ១២ឆ្នាំ ទៅ ១៧ឆ្នាំ បានប្រើប្រាស់ និងភ្ជាប់អ៊ីនធឺណិតច្រើនជាងមនុស្សពេញវ័យ។ ខណៈពេលដែលកុមារ និងក្មេងវ័យជំទង់ បានចំណាយពេលវេលាច្រើនលើការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ពួកគេភាគច្រើនមិនបានដឹងពីហានិភ័យ និងគ្រោះថ្នាក់នៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញនោះទេ។

ល្បិចកលរបស់ជនល្មើសកាន់តែស្មុគស្មាញ និងកាន់តែអាក្រក់ទៅៗដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធចាំបាច់រួមគ្នាដោះស្រាយ។ កុមាររងគ្រោះ ពីអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទបានទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ទាំងផ្លូវកាយ និងផ្លូវចិត្ត និងពេញមួយជីវិតរបស់ពួកគេ។ កុមាររងគ្រោះភាគច្រើនមានអារម្មណ៍អាម៉ាស ពិបាកក្នុងការទុកចិត្តអ្នកដទៃ អស់សង្ឃឹម បាក់ទឹកចិត្ត ខកចិត្ត ស្តីបន្ទោសខ្លួនឯង ឆាប់ភ័យខ្លាច និងមានតម្រូវការដោះស្រាយបញ្ហាបន្ទាន់។ ទំហំនៃផលប៉ះពាល់ នៃដំណើរការស្តារនីតិសម្បទារបស់កុមាររងគ្រោះ ត្រូវការគាំទ្រទាំងផ្លូវចិត្ត និងផ្លូវកាយពីសំណាក់ឪពុកម្តាយ អាណាព្យាបាល អ្នកជំនាញ និងសហគមន៍ផងដែរ។

គោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ (២០១៩-២០២៩) របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើងថា កង្វះការរៀបចំ និងការទទួលបានសេវាទប់ស្កាត់សម្រាប់កុមារងាយរងគ្រោះមកពីអំពើហឹង្សា ការរំលោភបំពាន ឬការកេងប្រវ័ញ្ចគ្រប់ទម្រង់ ការមិនអើពើ និងការធ្វើអាជីវកម្ម ត្រូវបានផ្តល់ដោយអ្នកពាក់ព័ន្ធនៅគ្រប់កម្រិតទាំងអស់ដែលជាបញ្ហាប្រឈមដ៏ធំដល់ដំណើរការនៃការអនុវត្តកិច្ចការពារកុមារដែលមានលក្ខណៈជាប្រព័ន្ធ។

ជាការពិត គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ (គ.ក.ន.ក) និងអង្គការសង្គមស៊ីវិល មួយចំនួនបានត្រឹមតែអនុវត្តវិធានការផ្លូវច្បាប់ ដែលរួមមានការបញ្ជូនទៅមណ្ឌលសុខភាព ការរាយការណ៍អំពីករណី និងការដោះស្រាយសម្រុះសម្រួលជាមួយជនល្មើស និងកុមាររងគ្រោះត្រឹមតែថ្នាក់មូលដ្ឋានប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ យុទ្ធនាការនៃការអប់រំ ផ្សព្វផ្សាយ បង្ការទប់ស្កាត់ ការផ្តល់ប្រឹក្សាយោបល់ទាំងផ្នែកច្បាប់និងសង្គម ការគាំទ្រ និងការថែទាំ កុមារនៅក្នុងគ្រួសារ និងសហគមន៍នៅមានកម្រិត និងមិនទាន់ដោះស្រាយបានចំគោលដៅនៅឡើយ។ ការបំពេញតួនាទីភារកិច្ចជាពហុវិស័យរបស់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងអ្នកពាក់ព័ន្ធបាននឹងកំពុងប្រឈមបញ្ហាជាច្រើនដូចជាអណត្តិ តួនាទីភារកិច្ច និងការទទួលខុសត្រូវ កង្វះធនធាន កង្វះបទពិសោធន៍ និងសមត្ថភាពបច្ចេកទេសសម្របសម្រួលដោះស្រាយបញ្ហាកិច្ចការពារកុមារ ជាពិសេសវិធីសាស្រ្តក្នុងការបង្ការទប់ស្កាត់ជាដើម។

ដោយឡែក យោងតាមរបាយការណ៍របស់អង្គការ APLE ក្នុងរយៈពេល៩ខែឆ្នាំ២០២៣ មានការរាយការណ៍ចំនួនជាង១៨០ករណីដែលពាក់ព័ន្ធនឹងអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ហើយមាន១៣០ករណីដែលពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ៕

website_news/2023091003.txt · Last modified: 2023/10/09 10:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki