website_news:2023091104

ក្រសួងសង្គមកិច្ច និង JICA កំពុងអនុវត្តគម្រោងរួមគ្នាជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស

https://www.postkhmer.com/national/2023-11-08-0724-255840.html ជា សុខនី | Publication date 08 November 2023 | 07:24 ICT

ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កំពុងអនុវត្តគម្រោងរួមគ្នា ដើម្បីជួយជនរងគ្រោះដោយអំពើជួញដូរមនុស្សឱ្យទទួលបានសេវាពេញលេញលើការប្រឹក្សាយោបល់ សុខភាព សេដ្ឋកិច្ច និងប្រព័ន្ធយុត្តិធម៌ ដោយគម្រោងនេះផ្ដល់សេវាគាំពារទាំងជនជាតិខ្មែរ និងបរទេស។

លោក ញឹម វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ថ្ងែងនៅថ្ងៃទី ៧ ខែវិច្ឆិកាថា ក្រសួងបានប្រជុំជាមួយ JICA នាពេលថ្មីៗនេះ ដោយបានពិភាក្សាគ្នាលើការអនុវត្តគម្រោងរួមគ្នាមួយ ដើម្បីធ្វើយ៉ាងណាជួយទៅដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សឱ្យទទួលបានសេវាពេញលេញលើការប្រឹក្សាយោបល់ សុខភាព សេដ្ឋកិច្ច និងប្រព័ន្ធយុត្តិធម៌ជាដើម។ ក្រសួង និង JICA បានប្រជុំពិភាក្សាគ្នា ដើម្បីធ្វើការកសាង និងអភិវឌ្ឍសមត្ថភាពទៅដល់ក្រុមគោលដៅ ក្នុងពេលដែលឱ្យពួកគាត់ជួយទៅដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សឱ្យទទួលបានសេវាកាន់តែមានប្រសិទ្ធភាព។

លោកថា៖«គម្រោងហ្នឹងបានជួយដល់កម្ពុជាយើងបានច្រើនជាពិសេសវាជាឧត្តមប្រយោជន៍សម្រាប់ជនរងគ្រោះដោយអំពើជួញដូរ ហើយវាក៏មិនមែនតែសម្រាប់ជនជាតិកម្ពុជានោះទេ ជនជាតិអីក៏ដោយឱ្យតែត្រូវបានជួញដូរនៅលើទឹកដីកម្ពុជា ត្រូវបានយើងយកចិត្តទុកដាក់ និងផ្ដល់សេវាគាំពារ»។ គម្រោងជួយជនរងគ្រោះដោយអំពើជួញដូរមនុស្សនេះ បានចាប់ផ្ដើមអនុវត្តតាំងពីខែ មីនា ឆ្នាំ ២០២៣ រហូតដល់ខែកញ្ញា ឆ្នាំ ២០២៦ ដែលមានរយៈពេល ៣ឆ្នាំកន្លះ ក្នុងនោះមានខេត្តគោលដៅចំនួន៣រួមមាន៖ខេត្តសៀមរាប ត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ ដែលកំពុងអនុវត្តគម្រោងនេះ។ នេះបើតាមលោក ញឹក វណ្ណារ៉ា។ លោកបានបន្ថែមថា ខណៈដែលគម្រោងនេះកំពុងអនុវត្តក្នុងខេត្តគោលដៅទាំងនោះ ក្នុងពេលឆាប់ៗខាងមុខនេះ ទាំងក្រសួង និង JICA នឹងឈានដល់ការចុះហត្ថលេខាជាផ្លូវការ ក្នុងការអនុវត្តគម្រោងជួយជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស (២០២៣ -២០២៦)។

លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក បានថ្លែងថា កន្លងមកអ្នកដែលទទួលរងគ្រោះដោយអំពើជួញដូរមនុស្សតាមរយៈមេខ្យល់ក្ដី តាមរយៈកម្រិតចំណេះដឹងព័ត៌មាននិងបញ្ហាជីវភាពក្តីគឺសុទ្ធតែជាបញ្ហាដែលធ្វើឱ្យប្រជាពលរដ្ឋងាយរងគ្រោះក្នុងអំពើជួញដូរនេះ។ លោកថា នៅពេលដែលជនរងគ្រោះដោយអំពើជួញដូរមនុស្ស ត្រូវបានរំដោះត្រឡប់មកវិញ អ្វីដែលជនរងគ្រោះត្រូវការបំផុតនោះគឺសេវាសង្គម និងសេវាយុត្តិធម៌ ខណៈដែលកន្លងមកនេះ ជនរងគ្រោះ ហាក់បីដូចជាទទួលបានសេវាទាំងនេះនៅខ្វះខាតនិងនៅមិនទាន់ដោះស្រាយឱ្យមានប្រសិទ្ធភាពនៅឡើយ៕

website_news/2023091104.txt · Last modified: 2023/11/10 13:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki