website_news:2023091105

អាជ្ញាធរខ្មែរបញ្ជូនឧក្រិដ្ឋជនជនជាតិជប៉ុន ២៥នាក់ ទៅអនុវត្តទោសនៅជប៉ុន

https://www.rfi.fr/km//20231109-?utm_medium=social&utm_campaign=telegram&utm_source=shorty ចុះផ្សាយនៅថ្ងៃ៖ 09/11/2023 - 05:55

ឧក្រិដ្ឋជនជនជាតិជប៉ុនចំនួន ២៥នាក់ ត្រូវបានប៉ូលីសអន្តោប្រវេសន៍កម្ពុជាចាប់បញ្ជូនទៅប្រទេសរបស់ពួកគេវិញកាលពីថ្ងៃទី០៨ ខែវិច្ឆិកាម្សិលមិញ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆបោកតាមប្រព័ន្ធទូរស័ព្ទ។ ការបញ្ជូនជនល្មើសជាតិជប៉ុនឡើងយន្តហោះនេះ ធ្វើឡើងដោយមានវត្តមានតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងមានការទទួលពីប៉ូលីសជប៉ុន ដើម្បីនាំពួកគេទៅអនុវត្តទោសនៅប្រទេសជប៉ុន។

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ជនជាតិជប៉ុនទាំង២៥នាក់នេះ ត្រូវបានសមត្ថកិច្ចខ្មែរបង្ក្រាប និងចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆបោកតាមប្រព័ន្ធទូរស័ព្ទលើជនរងគ្រោះនៅប្រទេសជប៉ុន។ ជនជាតិជប៉ុនទាំងអស់នេះ ត្រូវបានចងដៃទាំងពីរទៅក្រោយ ជាមួយនឹងសម្លៀកបំពាក់ឃ្លុំជិតដងខ្លួន និងមុខ និងកាន់ក្រៀកដោយកម្លាំងប៉ូលីសខ្មែរម្នាក់មួយ បណ្តើរឡើងយន្តហោះពិសេសជប៉ុននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមវត្តមានមេដឹកនាំប៉ូលីសខ្មែរ និងតំណាងស្ថានទូតជប៉ុននៅកម្ពុជា។

អាជ្ញាធរខ្មែរផ្នែកអន្តោប្រវេសន៍ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាការបង្ក្រាបលើជនឧក្រិដ្ឋជប៉ុនទាំងអស់នេះ ក៏ដោយសារតែមានកិច្ចសហការផ្តល់ព័ត៌មានពីស្ថានទូតជប៉ុនទាន់ពេលវេលាដែរ ដោយសមត្ថកិច្ចខ្មែរធ្វើការអំពាវនាវដល់បណ្តាស្ថានទូតបរទេស និងជនបរទេសនានាបន្តផ្តល់ព័ត៌មានដល់សមត្ថកិច្ចប្រសិនបើមានព័ត៌មានពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។

សូមរំលឹកថា កន្លងមកអាជ្ញាធរខ្មែរតែងសហការជាមួយអាជ្ញាធរចិន ចាប់បញ្ជូនឧក្រិដ្ឋជនចិនជាច្រើនរយនាក់ជាបន្តបន្ទាប់ឲ្យទៅទទួលទោសនៅប្រទេសចិន បន្ទាប់ពីពួកគេធ្វើសកម្មភាពឆបោក ចាប់ជំរិតតាមប្រព័ន្ធអនឡាញ និងសកម្មភាពឧក្រិដ្ឋផ្សេងៗទៀត។ តាមរយៈសកម្មភាពឧក្រិដ្ឋទាំងចិន ទាំងជប៉ុន បែបនេះ ត្រូវគេមើលឃើញថាបញ្ហាសុវត្ថិភាពបានក្លាយទៅជាសំណួរ ដែលភ្ញៀវទេសចរបរទេសចោទសួរបន្ថែមទៀត បន្ទាប់ពីមានសំណួរ និងការព្រួយបារម្ភជាច្រើនរួចទៅហើយពីជនបរទេស ក្រោយភាពយន្តចិនរឿង«No More Bet» បានបង្ហាញជាសកលពីឧក្រិដ្ឋកម្មចាប់ជំរិត និងឆបោកតាមប្រព័ន្ធអនឡាញ នៅកម្ពុជា ថៃ និងភូមា។

ក៏ប៉ុន្តែសម្ថកិច្ចកម្ពុជា តែងលើកឡើងថាកម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ដោយសារជនបរទេសតែងតែយកកម្ពុជា ជាទីតាំងប្រព្រឹត្តបទល្មើសដោយលួចលាក់ ធ្វើឲ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ ខណៈរដ្ឋាភិបាលក៏បានដាក់បទបញ្ជាម៉ឺងម៉ាត់ដែរ ដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការសហការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព។ តែអ្នកតាមដានសង្គមនានាមើលឃើញថាការអនុវត្តន៍ច្បាប់នៅកម្ពុជាហាក់មិនមានភាពម៉ឺងម៉ាត់ ជាហេតុធ្វើឲ្យជនបរទេសជាពិសេសជនជាតិចិន តែងយកកម្ពុជាធ្វើសកម្មភាពឧក្រិដ្ឋ ដែលរូបភាពនេះ បានបង្ហាញឡើងបន្ទាប់ពីកម្ពុជាបានអនុញ្ញាតឲ្យមានការវិនិយោគ និងអភិវឌ្ឍន៍ខេត្តព្រះសីហនុចាប់តាំងពីឆ្នាំ ២០១៨មក៕

website_news/2023091105.txt · Last modified: 2023/11/10 13:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki