website_news:2023091106

កម្ពុជា និងសហរដ្ឋអាមេរិក នឹងពង្រឹងកិច្ចសហការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

https://www.postkhmer.com/national/2023-11-09-1503-255885.html ជា សុខនី | Publication date 09 November 2023 | 15:03 ICT

ភ្នំពេញៈ ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក នឹងពង្រឹងកិច្ចសហការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងអាយុជីវិតមនុស្សពីឧក្រិដ្ឋកម្មនានា។ ផែនការពង្រឹងកិច្ចសហការគ្នានេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាគ្នា រវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy ជាមួយស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធរួមមាន ក្រសួងកិច្ចការនារី និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ធនាគារជាតិនៃកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមរយៈហ្វេសប៊ុកក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ត្រូវបានស្រង់សម្ដីនៅលើហ្វេសប៊ុករបស់ក្រសួងបានឱ្យដឹងថា ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងឡាយ ក្នុងរបៀបវារៈនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ស្ថិតក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា។

លោកស្រី បញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ តស៊ូពុះពារការលំបាក និងឧបសគ្គទាំងឡាយ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងអាយុជីវិតមនុស្ស ពីឧក្រិដ្ឋកម្មនានា ជាពិសេសអំពើជួញដូរមនុស្សតាមរយៈការបើកប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេះយ៉ាងសកម្ម ដោយបើកទូលាយឱ្យមានបណ្តាញរាយការណ៍ទាន់ហេតុការណ៍ ដើម្បីបង្ក្រាប និងសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលាផងដែរ»។

បើតាមក្រសួងកិច្ចការនារី បានឱ្យដឹងទៀតថា លោក W. Patrick Murphy បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយបានបញ្ជាក់ពីជំហររបស់សហរដ្ឋអាមេរិកក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រជំនួយបច្ចេកទេសនានាដល់រាជរដ្ឋាភិបាលកម្ពុជា។លោកបញ្ជាក់ថា៖ «សហរដ្ឋអាមេរិក នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រជំនួយបច្ចេកទេសនានាដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការនេះ ដើម្បីការពារឧត្តមប្រយោជន៍របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស»។ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ថ្លែងថា សហរដ្ឋអាមេរិក គឺជាដៃគូល្អក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា ខណៈដែលប្រទេសនេះ បានដាក់ចំណាត់ថ្នាក់កម្ពុជាដល់លំដាប់ថ្នាក់លេខ៣ ដែលជាចំណាត់ថ្នាក់មិនល្អក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ លោកបញ្ជាក់ថា៖ «មានកត្តាមួយចំនួនដែលនាំឱ្យកើតមានបទល្មើសនៃការជួញដូរមនុស្សនេះ គឺដោយសារការអនុវត្តច្បាប់នៅមានកម្រិតខ្វះកិច្ចសហការរវាងអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងមានអំពើពុករលួយជាដើម»។ លោកបានបន្ថែមថា ការជួញដូរមនុស្ស វាក៏ជះឥទ្ធិពលមិនល្អដល់សង្គមជាតិ និងជនរងគ្រោះរួមមានអាចបង្កឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបង្កភាពភ័យខ្លាច និងអសន្តិសុខដល់សង្គម ប៉ះពាល់ដល់សេដ្ឋកិច្ច និងការវិនិយោគទុន ហើយក៏បង្កឱ្យមានវិបត្តិធនធានមនុស្សទៅថ្ងៃអនាគតផងដែរ។

ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះដែរ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់សមភាពយេនឌ័រ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារតាមប្រព័ន្ធអនឡាញ» ទៅដល់មន្ត្រីថ្នាក់ក្រោមជាតិមកពីខេត្តតាកែវ កំពង់ស្ពឺ កំពត និងខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកស្រី ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានថ្លែងក្នុងសិក្ខាសាលាថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីចែករំលែកចំណេះដឹងជូនដល់អង្គភាពពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ក្នុងការចូលរួមលើកកម្ពស់សមភាពយេនឌ័រ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារតាមប្រព័ន្ធអនឡាញ។ ទន្ទឹមនេះ លោកស្រីសំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់បន្តយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់មន្ត្រីរាជការនារី នៅក្នុងអង្គភាពរបស់ខ្លួនតាមរយៈការបន្តលើកកម្ពស់សមធម៌យេនឌ័រ និងលើកកម្ពស់សិទ្ធិ និងឋានៈ របស់ស្ដ្រី ក្នុងគ្រប់ថ្នាក់ ដើម្បីឱ្យស្ត្រីបានចូលរួមកាន់តែសកម្មក្នុងការធ្វើសេចក្តីសម្រេចនានា។

លោកស្រីបញ្ជាក់ថា៖ «ការផ្តល់ឱកាស និងការជំរុញភាពអង់អាចដល់ស្ត្រី គឺជាយន្តការសំខាន់ក្នុងការកាត់បន្ថយវិសមភាពយេនឌ័រ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់គុណភាពជីវិត និងឈានទៅសម្រេចឱ្យបានចំណាត់ថ្នាក់ជាប្រទេសមានប្រាក់ចំណូលមធ្យម នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០»៕

website_news/2023091106.txt · Last modified: 2023/11/10 13:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki