website_news:2023100201

កម្ពុជាស្នើជប៉ុនជួយបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបង្កើនចំនួនពលករទៅធ្វើការនៅជប៉ុន

https://www.postkhmer.com/national/2023-02-09-1046-246787.html វណ្ណ សុជាតា | Publication date 09 February 2023 | 10:46 ICT

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានស្នើដល់ខាងភាគីជប៉ុនធ្វើការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ដើម្បីបង្កើនចំនួនពលករខ្មែរទៅធ្វើការនៅជប៉ុនឱ្យដល់ ៥ ម៉ឺននាក់ ក្នុងពេលដ៏ខ្លីខាងមុខ ខណៈបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរចំនួនជាង ២ ម៉ឺននាក់កំពុងធ្វើការនៅជប៉ុន។ ការស្នើរបស់រដ្ឋមន្ត្រីក្រសួងការងារនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Takahashi Fumiaki ប្រធានសមាគមជប៉ុនកម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងការងារ។ លោកបញ្ជាក់ថា៖ «យើងចង់ស្នើដល់ខាងភាគីជប៉ុន ធ្វើការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាដើម្បីឈានទៅសម្រេចឱ្យបាននូវពលករចំនួន៥ម៉ឺននាក់ទៅធ្វើការនៅជប៉ុន នាពេលដ៏ខ្លីខាងមុខនេះ។ ខ្ញុំកត់សម្គាល់ឃើញថា ក្រុមហ៊ុនរបស់ជប៉ុនដែលមានវត្តមាននៅកម្ពុជា កម្រមានវិវាទការងារណាស់ ក្រុមហ៊ុនអនុវត្តទៅតាមច្បាប់បានល្អរួមនឹងទំនាក់ទំនងរវាងនិយោជកជប៉ុន និងកម្មករនិយោជិតកម្ពុជាមានភាពសុខដុមរមនានឹងគ្នា»។

ឆ្លើយតបទៅនឹងសំណូមពររបស់រដ្ឋមន្ត្រីក្រសួងការងារកម្ពុជានេះ លោក Takahashi Fumiaki និយាយថា លោករួមនឹងសមាជិករបស់សមាគមនឹងប្រឹងប្រែងធ្វើយ៉ាងណាជួយកម្ពុជាលើជំនាញដ៏ចាំបាច់ ដែលកំពុងមានតម្រូវការសម្រាប់ទៅធ្វើការនៅជប៉ុន។ លោកបញ្ជាក់ដូច្នេះថា៖ «ដោយសង្កេតឃើញថា រថយន្តដែលផលិតនៅប្រទេសជប៉ុនបានចរាចរណ៍នៅកម្ពុជាមានចំនួនកាន់តែច្រើន ដែលជាឱកាសមួយសម្រាប់ឱ្យខាងជប៉ុន ផ្តល់ការបណ្តុះបណ្តាលលើជំនាញថែទាំ និងជួសជុលរថយន្តនេះ ទៅដល់យុវជនកម្ពុជាឱ្យកាន់តែមានសមត្ថភាព រួមនឹងផ្តល់ការបណ្តុះបណ្តាលជំនាញកែសម្ជស្ស ដែលជាជំនាញមួយកំពុងតែពេញនិយម ដែលអាចផ្តល់ចំណូលបានប្រសើរ បើយុវជន យុវតីរបស់កម្ពុជាចាប់យកអាជីពខាងកែសម្ជស្សនេះបានស្ទាត់ជំនាញ»។

ជុំវិញបញ្ហានេះលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បានថ្លែងថា នេះជារឿងល្អសម្រាប់កម្ពុជា ក្នុងការសហការគ្នាយ៉ាងស្អិតល្មួតជាមួយខាងជប៉ុន ក្នុងការបញ្ជូនសិក្ខាកាម ទៅសិក្សា និងធ្វើការនៅប្រទេសជប៉ុន ដោយពួកគាត់មិនត្រឹមតែទទួលបានចំណូលខ្ពស់ សម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារប៉ុណ្ណោះទេ ថែមទាំងទទួលបានចំណេះជំនាញដែលក្រោយពីត្រឡប់មកពីជប៉ុនវិញ សិក្ខាកាមអាចប្រើប្រាស់ជំនាញទាំងនោះធ្វើការនៅក្រុមហ៊ុនជប៉ុន ដែលមកវិនិយោគនៅកម្ពុជាបាន។ លោកបញ្ជាក់ថា៖ «កន្លងទៅសមាគម មិនដែលបានទទួលព័ត៌មានពីការរំលោភបំពានធ្ងន់ធ្ងរអ្វី ពីបងប្អូនសិក្ខាកាម ឬពលករយើងនៅប្រទេសជប៉ុននោះទេ បើធៀបនឹងប្រទេសផ្សេងទៀត ដូចជាម៉ាឡេស៊ីជាដើម។ ប៉ុន្តែយើងស្នើដល់ក្រសួងឱ្យមានការបែងចែកឱ្យបានច្បាស់លាស់រវាងសិក្ខាកាម និងពលករ នៅជប៉ុនដើម្បីកុំឱ្យមានការភាន់ច្រឡំ ព្រោះខ្ញុំទទួលបានការទំនាក់ទំនងពីបណ្តាញពលកររបស់ខ្ញុំនៅជប៉ុន ថា ខ្លួនទៅជប៉ុនក្នុងនាមសិក្ខាកាម តែទៅធ្វើការងារជាពលករទៅវិញ ដែលនេះវាខុសពីនិយមន័យពិតរបស់វា»។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានថ្លែងថា ពលរដ្ឋកម្ពុជា ដែលបានចំណាកស្រុកទៅកាន់ប្រទេសជប៉ុន ភាគច្រើនទៅក្នុងនាមជាសិក្ខាកាម ដែលមានន័យថា ទៅរៀនផង និងធ្វើការផង តែការធ្វើការនៅជប៉ុនមិនមានសល់លុយច្រើនដូចនៅធ្វើការនៅកូរ៉េទេព្រោះពួកគាត់ត្រូវចំណាយពេលរៀនផងដែរ។

លោកបញ្ជាក់ថា៖ «សិក្ខាកាមដែលបញ្ចប់ការសិក្សា ឬការងារ ៣ ទៅ ៥ ឆ្នាំ ហើយត្រឡប់មកពីជប៉ុនវិញ ពួកគាត់តែងតែមានអាទិភាពចូលធ្វើការនៅក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសកម្ពុជាដែលអ្នកខ្លះទទួលបានកម្រៃខ្ពស់ជាងអ្នកសិក្សាបរិញ្ញាបត្រនៅកម្ពុជាថែមទៀត។ ម្យ៉ាងវិញទៀត ប្រសិនបើយើងមានធនធានមនុស្សដែលមានជំនាញលើភាសាជប៉ុន និងចេះប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាជប៉ុនច្រើន ពិតជាអាចទាក់ទាញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត»។

យោងតាមទិន្នន័យពីក្រសួងការងារគិតត្រឹមឆ្នាំ ២០២២ មានទីភ្នាក់ងារជ្រើសរើសឯកជនដែលទទួលបានការអនុញ្ញាត ឱ្យធ្វើការជ្រើសរើសបណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងកម្មសិក្សាការីពលករជំនាញ ទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន មានជំនាន់ ១១៦ ទីភ្នាក់ងារ៕

website_news/2023100201.txt · Last modified: 2023/02/10 10:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki