website_news:2023100203

ថៅកែថៃយល់ព្រមផ្ដល់សំណងជូនពលករខ្មែរដែលបញ្ឈប់ពីការងារ

https://www.rfa.org/khmer/news/human-rights/thai-authority-promised-to-resolve-labor-dispute-between-cambodian-workers-and-thai-employers-02092023075410.html ដោយ ម៉ៅ សុធានី2023.02.09

ថៅកែថៃយល់ព្រមផ្ដល់ប្រាក់សំណងជំងឺចិត្ត ជូនពលករខ្មែរជាង ២០នាក់ដែលត្រូវបានថៅកែបញ្ឈប់ពួកគេពីការងារ។ ថៅកែថៃយល់ព្រមផ្ដល់សំណងដល់ពលករខ្មែរដូច្នេះ ក្រោយពេលមន្ត្រីក្រសួងការងារប្រទេសថៃ និងអ្នកពាក់ព័ន្ធចុះសម្របសម្រួលករណីនេះ។ ពលករខ្មែរដែលត្រូវបានថៅកែថៃបញ្ឈប់ពីការងារទទួលបានប្រាក់សំណងទៅតាមអតីតភាពការងាររបស់ពួកគេ។ ក្រៅពីប្រាក់សំណងជំងឺចិត្ត ថៅកែថៃ ក៏យល់ព្រមសងប្រាក់ចំនួន ៤ពាន់ ៥រយបាត(៤.៥០០) ឬប្រមាណ ១៤០ដុល្លារ ដែលថៅកែបានកាត់ពីពលករ ជាប្រាក់រត់ការធ្វើថ្លៃទិដ្ឋាការការងារ (វីសា)។

មន្ត្រីអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុនដែលបានចុះអង្កេតករណីនេះ ឱ្យវិទ្យុអាស៊ីសេរី ដឹងល្ងាចថ្ងៃទី៩ ខែកុម្ភៈថា ការផ្ដល់ប្រាក់សំណងនេះ សម្រាប់ពលករធ្វើការងារក្រោម ១ឆ្នាំអាចទទួលបានប្រាក់ជំងឺចិត្តស្មើនឹងប្រាក់ខែមួយរបស់ពួកគេ ចំណែកអ្នកដែលធ្វើការងារចាប់ពីមួយឆ្នាំឡើងទៅ អាចទទួលប្រាក់សំណងជំងឺចិត្ត ស្មើប្រាក់ឈ្នួលរបស់ពួកគេរយៈពេល ២ខែ។ អ្នកការពារសិទ្ធិពលកររូបនេះ យល់ថា ការដែលពលករខ្មែរអាចទទួលប្រាក់សំណងពីថៅកែថៃពេលនេះ ព្រោះពលករមានភាពឆ្លាតវៃក្នុងការរួមគ្នាទាមទារ និងស្វះស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ។ លោក លឹង សុផុន៖ «អ៊ីចឹងយើងយកលុយមួយថ្ងៃគាត់ (ពលករ) ធ្វើបានប៉ុន្មាន ឧទាហរណ៍គាត់បាន ៣៥៧បាតហើយយើងគុណឱ្យ ៣០ថ្ងៃទៅ យើងឃើញលុយហើយ។ នេះជារឿងល្អសម្រាប់បងប្អូនយើងបើតាមខ្ញុំយល់ បើពលករគាត់បញ្ហាអ៊ីចឹងហើយ គាត់ទំនាក់ទំនងអ្នកដោះស្រាយដូចថា ស្ថាប័នពាក់ព័ន្ធ គាត់ចុះមកដោះស្រាយគឺជារឿងល្អប្រសើរសម្រាប់បងប្អូន»។

មន្ត្រីក្រសួងការងារប្រទេសថៃ នៅថ្ងៃទី៩ ខែកុម្ភៈ បានចុះទៅដោះស្រាយជម្លោះនេះដោយអនុញ្ញាតឱ្យតំណាងពលករខ្មែរ តំណាងថៅកែរោងចក្រថៃ មន្ត្រីសង្គមស៊ីវិលការពារសិទ្ធិពលករ និងមន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃចូលរួមដោះស្រាយ។

ជុំវិញបញ្ហានេះវិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីមន្ត្រីស្ថានទូតកម្ពុជាធ្វើការងារផ្នែកពលករ បានទេ នៅថ្ងៃទី៩ ខែកុម្ភៈ។

តំណាងពលករខ្មែរ ដែលថៅកែបញ្ឈប់ពីការងារលោកស្រី ព្រំ សំណាង ឱ្យវិទ្យុអាស៊ីសេរីដឹងថា មន្ត្រីក្រសួងការងារថៃ បានឱ្យក្រុមពលកររៀបរាប់ពីដំណើររឿងដែលថៅកែថៃបញ្ឈប់ពួកគេពីការងារ និងការទាមទារសំណងរបស់ក្រុមពលករ។ លោកស្រីឱ្យដឹងទៀតថា ជំហររបស់ក្រុមពលករ គឺទាមទារឱ្យផ្ដល់សំណងជំងឺចិត្តដែលថៅកែបញ្ឈប់ពួកគេពីការងារ និងប្រាក់ចំនួន ៤ពាន់ ៥រយបាត (៤.៥០០) ឬប្រមាណ១៤០ដុល្លារ ដែលថៅកែបានកាត់ពីពួកគេដើម្បីរត់ការធ្វើថ្លៃទិដ្ឋាការការងារ (វីសា)។ តំណាងពលកររូបនេះ ឱ្យដឹងទៀតថា មុនដំបូង ភាគីថៅកែរោងចក្រ ប្រកាន់ជំហរមិនផ្ដល់សំណងជំងឺចិត្តឱ្យក្រុមពលករទេ ដោយលើកឡើងថា ក្រុមពលករបានយល់ព្រមចុះហត្ថលេខាលិខិតលាឈប់ពីការងារ។ លោកស្រី ព្រំ សំណាង៖ «ខ្ញុំចង់បានថ្លៃគេដកយើងចេញ យើងអត់ដឹងខ្លួនថា គេដកយើងទេបង»។

កាលពីថ្ងៃទី៣ ខែកុម្ភៈ ថៅកែថៃបានបញ្ឈប់ក្រុមពលករខ្មែរជាង ២០នាក់ ដែលធ្វើការងាររោងចក្រមួយឈ្មោះ ធី ភី ប៊ី អាយ ភុបប្លីក (TPBI PUBLIC CO,LTD.)មានទីតាំងនៅខេត្តរ៉ាក់យ៉ង (Rayong) តំបន់ឧស្សាហកម្ម ផាត់តាណា ប្រទេសថៃ។ ក្រុមពលរដ្ឋឱ្យដឹងថា ថៅកែថៃបានប្រើល្បិចឱ្យពួកគេចុះហត្ថលេខាលើពាក្យសុំឈប់ពីការងារ ដោយមិនឱ្យដឹងថា លិខិតនោះជាពាក្យសុំឈប់ពីការងារទេ។ ក្រោយមានបញ្ហានេះ ក្រុមពលករខ្មែរបានស្វែងការអន្តរាគមន៍ពីមន្ត្រីក្រសួងការងារថៃ មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ មន្ត្រីសង្គមស៊ីវិលការពារសិទ្ធិពលករផងដែរ ទើបពួកគាត់ទទួលបានដំណោះស្រាយនេះ៕

website_news/2023100203.txt · Last modified: 2023/02/10 10:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki