website_news:2023100301

រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយ ស្ដីពីការងារគ្រប់គ្រងហត្ថពលកម្មបរទេស សំដៅធ្វើយ៉ាងណាគ្រប់គ្រងជនបរទេស រស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឱ្យបានល្អ

https://www.information.gov.kh/articles/99218 AKP ភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣

អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការកោះអញ្ជើញម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតមិន និងម្ចាស់ខុនដូរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ ៤០០នាក់ មកជួបប្រជុំ ដើម្បីផ្សព្វផ្សាយលើការងារគ្រប់គ្រងហត្ថពលកម្មបរទេស ដើម្បីសំដៅធ្វើយ៉ាងណាគ្រប់គ្រងជនបរទេសដែលរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យបានល្អ ចៀសវាងកុំឱ្យប្រព្រឹត្តបទល្មើសខុសច្បាប់ផ្សេងៗ នៅតាមទីតាំងដែលពួកគាត់ស្នាក់នៅ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការជួបប្រជុំនេះ គឺអាជ្ញាធររាជធានីភ្នំពេញ មានគោលបំណងឱ្យម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតមិន និងម្ចាស់ខុនដូរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំងអស់គ្រប់គ្រងជនបរទេសឱ្យបានល្អ នៅក្នុងទីតាំងរបស់ខ្លួន ពិសេសរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់ ទប់ស្កាត់ការលែងល្បែងស៊ីសងគ្រប់ប្រភេទ តាមអនឡាញជាដើម និងទប់ស្កាត់ការលាងសម្អាតប្រាក់ ។ លោកអភិបាលរងបានបន្ដថា ជាជំហានដំបូងនេះ អាជ្ញាធរគ្រាន់តែធ្វើការផ្សព្វផ្សាយច្បាប់តែប៉ុណ្ណោះ ដោយរដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេលឱ្យបងប្អូនជាម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតមិន និងម្ចាស់ខុនដូរ ចំនួន៣ខែ គឺខែមេសា ឧសភា និងខែមិថុនា ។ លោកបានអះអាងថា ក្រោយពេល៣ខែនេះ ក្រុមការងារដែលមានកងកម្លាំងសមត្ថកិច្ចទាំងពីរភេទ អាជ្ញាធរដែនដី ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចុះពិនិត្យដល់ទីតាំងអាជីវកម្មរបស់បងប្អូនតែម្តង ។ ចំពោះជនបរទេសមករកស៊ី ធ្វើការនិងស្នាក់នៅកម្ពុជា ត្រូវយល់ដឹងពីច្បាប់របស់កម្ពុជានិងអនុវត្តន៍ឱ្យបានល្អ ចៀសវាងប្រព្រឹត្តបទល្មើសផ្សេងៗ ប្រាស់ចាកពីច្បាប់របស់កម្ពុជា។

លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញបានឱ្យដឹងដែរថា ចំពោះការងារលើនេះ មាន៣តំណាក់កាលដែលបងប្អូនជាម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតមិន និងម្ចាស់ខុនដូរ ត្រូវដឹង ក្នុងនោះទី១ គឺអាជ្ញាធរត្រូវណែនាំនិងផ្សព្វផ្សាយដើម្បីឱ្យបងប្អូនបានដឹងពីច្បាប់យកទៅអនុវត្តន៍កុំឱ្យប្រព្រឹត្តខុសច្បាប់រហូតមានទោសទណ្ឌ។ ទី២ អនុវត្តន៍វិធានការរដ្ឋបាលដោយចុះពិនិត្យដល់ទីតាំង និងទី៣ វិធានការច្បាប់។ លោកអភិបាលរងក៏បានស្នើសុំដល់បងប្អូនជាម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតមិន និងម្ចាស់ខុនដូរទាំងអស់គ្នា ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីយើងរួមគ្នាលុបបំបាត់និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទបាន៕ដោយ៖ សួស សំរិត សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2023100301.txt · Last modified: 2023/03/10 08:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki