website_news:2023100302

អាជ្ញាធរទុកពេល៣ខែឱ្យម្ចាស់លំនៅឋានគ្រប់ប្រភេទពង្រឹងការគ្រប់គ្រងជនបរទេស

https://www.khmertimeskh.com/501251966// តន វិបុល / Khmer Times March 9, 2023

អាជ្ញាធររាជធានីភ្នំពេញកាលពីថ្ងៃអង្គារបានកំណត់ទុកពេល៣ខែឱ្យម្ចាស់ឬអ្នកកាន់កាប់សណ្ឋាការ អាផាតម៉ិន និងខុនដូទាំងអស់ពង្រឹងការគ្រប់គ្រងជនបរទេស ដែលបានស្នាក់នៅ ដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់ពួកគេប្រព្រឹត្តបទល្មើស ដូចជាការជួញដូរមនុស្ស ការលេងល្បែងខុសច្បាប់ និងការលាងសម្អាតប្រាក់ជាដើម។ ឱសានវាទដែលបានដាក់ចេញនេះធ្វើឡើងនៅពេលដែលអាជ្ញាធររាជធានីភ្នំពេញកោះហៅមនុស្សប្រមាណ ៤០០នាក់ ដែលជាម្ចាស់ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៉ិន និងខុនដូនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីណែនាំពីការងារគ្រប់គ្រងជនបរទេសបានមករស់នៅទីតាំងរបស់ពួកគេ។ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ការកោះហៅពួកគេមកជួបជុំគ្នានេះ គឺផ្ដោតសំខាន់លើការពង្រឹងការគ្រប់គ្រងជនបរទេស ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ទប់ស្កាត់ការលេងល្បែងខុសច្បាប់តាមអនឡាញ និងទប់ស្កាត់ការលាងសម្អាតប្រាក់។ លោកបញ្ជាក់ថា៖ «ក្នុងជំហានដំបូង យើងគ្រាន់តែធ្វើការផ្សព្វផ្សាយច្បាប់ប៉ុណ្ណោះ ហើយរដ្ឋបាលរាជធានីភ្នំពេញ ទុកពេល៣ខែឱ្យម្ចាស់ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៉ិន និងខុនដូ គឺខែមេសា ខែឧសភា និងខែមិថុនា»។ លោកថា៖ «ដល់ពេលកំណត់ ក្រុមការងារដែលមានកងកម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដី ក្រសួងមហាផ្ទៃ និងក្រសួងការងារនឹងចុះពិនិត្យដល់ទីតាំងអាជីវកម្មរបស់ពួកគេតែម្តង»។ លោកបានណែនាំថា៖ «ជនបរទេសដែលមកធ្វើការងារ មករកស៊ី និងស្នាក់នៅកម្ពុជា គឺត្រូវយល់ដឹងពីច្បាប់របស់កម្ពុជានិងអនុវត្តដោយត្រឹមត្រូវ ហើយត្រូវចៀវាងប្រព្រឹត្តបទល្មើសផ្សេងៗដែលប្រាសចាកពីច្បាប់របស់កម្ពុជា»។

អភិបាលរងរាជធានីម្នាក់ទៀត គឺលោក ហ៊ុន សុរិទ្ធី បានសង្កត់ធ្ងន់ថា ការអនុវត្តការងារនេះមានបីដំណាក់ការ គឺដំណាក់ការដំបូង អាជ្ញាធរបានណែនាំ និងផ្សព្វផ្សាយច្បាប់ដល់ម្ចាស់ ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៉ិន និងម្ចាស់ខុនដូទាំងអស់ត្រូវតែអនុវត្តតាម និងហាមប្រព្រឹត្តខុសរហូតមានទោសទណ្ឌ។ លោកបន្តថា ដំណាក់ការបន្ទាប់ ជាដំណាក់ការ ដែលអាជ្ញាធរអនុវត្តវិធានការរដ្ឋបាល ដោយការចុះពិនិត្យដល់ទីតាំង និងដំណាក់ការចុងក្រោយ ជាការអនុវត្តវិធានការច្បាប់។ ជាមួយនឹងគ្នានោះលោកអំពាវនាវដល់ម្ចាស់ឬអ្នកកាន់កាប់សណ្ឋាគារ អាផាតម៉ិន និងម្ចាស់ខុនដូរទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាលុបបំបាត់និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។

លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានព្រមានតាមរយៈសេចក្ដីជូនដំណឹងកាលពីថ្ងៃទី១៧ ខែកុម្ភៈថា ខ្លួននឹងអនុវត្តវិធានការពិន័យអន្តរការជាប្រាក់ចំពោះម្ចាស់ និងអ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមិនបានជូនដំណឹងអំពីវត្តមានជនបរទេសជាជនអន្តោប្រវេសន្ត និងមិនមែនអន្តោប្រ វេសន្តដែលបានស្នាក់នៅក្នុងលំនៅឋានរបស់ខ្លួនមកកាន់ស្ថាប័ននគរបាលមានសមត្ថកិច្ចក្នុយរយៈពេល២៤ម៉ោង។ ការពិន័យអន្តរការនេះអនុវត្តតាមសេចក្ដីណែនាំ ស្ដីពីគ្រប់គ្រងជនបរទេសក្នុងប្រទេសកម្ពុជា ក្នុងគោលដៅអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍។ ច្បាប់ស្ដីពីអន្តោប្រវេសន៍បានចែកថា៖ «ម្ចាស់ឬអ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទត្រូវជូនដំណឹងក្នុងរយៈពេល២៤ម៉ោងដល់ស្ថាប័ននគរបាលមានសមត្ថកិច្ចពីវត្តមាន នៃជនបរទេសអន្តោប្រវេសន្ត និងមិនមែនអន្តោប្រវេសន្តដែលបានមកស្នាក់នៅឱ្យមានប្រសិទ្ធភាព»។

លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានលើកឡើងថា បច្ចុប្បន្នប្រព័ន្ធ FPCS កត់ត្រាបានតែជនបរទេសស្នាក់នៅរយៈពេលវែងតែប៉ុណ្ណោះ ដោយឡែកជនបរទេស ដែលស្នាក់នៅរយៈពេលខ្លី ជាពិសេសភ្ញៀវទេសចរមិនបានចុះឈ្មោះក្នុងប្រព័ន្ធនេះនៅឡើយ។ លោកបានណែនាំក្រុមការងារស្វែងរកវិធីសាស្ត្រជំរុញឱ្យម្ចាស់លំនៅឋាន សណ្ឋាគារ និងរមណីយដ្ឋានទាំងអស់ត្រូវតែចុះឈ្មោះជនបរទេសដែលចូលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ការពារសុវត្តិភាពពួកគេ និងសម្រាប់បម្រើដល់ការងារស៊ើបអង្កេត ស្រាវជ្រាវ សកម្មភាពល្មើសផ្សេងៗដែលបង្ករឡើងដោយជនបរទេសក្នុងពេលស្នាក់នៅក្នុងកម្ពុជា។

លោក ស៊ឹង សែនករុណា មន្ត្រីអង្កេតផ្នែកសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានលើកឡើងថា វាជាកាតព្វកិច្ចរបស់អាជ្ញាធរត្រូវអនុវត្តច្បាប់។ ការអនុវត្តនេះ ជាយន្តការមួយដ៏ល្អ ដើម្បីការគ្រប់គ្រងជនបរទេសមករស់នៅក្នុងប្រទេសកម្ពុជា។ លោកកត់សម្គាល់ឃើញថា៖ «កន្លងមកមានជនបរទេសជាច្រើនដែលបានមករស់នៅក្នុងប្រទេសយើង ហើយមានមួយចំនួនបានប្រព្រឹត្តបទល្មើសផ្សេងៗដែលបានបង្កភាពអសន្តិសុខ។ ដូច្នេះជនបរទេសទាំងអស់ដែលមករស់នៅក្នុងប្រទេសគួរតែត្រូវបានគ្រប់គ្រងដោយត្រឹមត្រូវតាមច្បាប់សម្រាប់ពួកគេ»៕

website_news/2023100302.txt · Last modified: 2023/03/10 08:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki