website_news:2023100303

អាជ្ញាធររាជធានីភ្នំពេញ ចុះដោះស្រាយបញ្ហារឿងពលករជាង ១០០នាក់ចាញ់បោកមេខ្យល់

https://news.btv.com.kh/article/20945 2023/03/09 08:33:10 am

ភ្នំពេញ៖ ពលករជាង ១០០នាក់ចាញ់បោកមេខ្យល់ថា រត់ការនាំទៅធ្វើការនៅប្រទេសកូរ៉េ ដោយអ្នកខ្លះចំណាយអស់លុយចាប់ពី ៨០០ដុល្លារដល់ ១០០០ដុល្លារសហរដ្ឋអាមេរិក ឥឡូវត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយសាលារាជធានីភ្នំពេញ ចុះដោះស្រាយ នៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នាល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ប្រាប់ឱ្យដឹងថា ពលករដែលចាញ់ល្បិចឆបោកមេខ្យល់ថា រត់ការទៅធ្វើការនៅប្រទេសកូរ៉េ សរុបទាំងអស់ ១២៥នាក់ ( ស្រី ៣៨នាក់) ក្រោយកើតហេតុអាជ្ញាធរសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនជនសង្ស័យជាមេខ្យល់ ៤នាក់ ( ប្រុស ៣នាក់ ស្រី ម្នាក់ ) បញ្ជូនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រាប់បន្តថា ពលករដែលចាញ់ល្បិចឆបោកមេខ្យល់ថា រត់ការទៅធ្វើការនៅប្រទេសកូរ៉េទាំង ១២៥នាក់ ( ស្រី ៣៨នាក់) នោះ ត្រូវបានក្រុមមេខ្យល់ទាំងអស់នោះប្រើល្បិចឆបោកមកពីបណ្តាខេត្តនានា មានអ្នកខ្លះជាបងប្អូនបង្កើត និងអ្នកខ្លះទៀត បងប្អូនជីដូនមួយក៏មានដែរ ។ ដោយពលករខ្លះ ត្រូវចំណាយអស់លុយ ៨០០ដុល្លារ និងអ្នកខ្លះអស់លុយរហូតដល់ ១០០០ដុល្លារសហរដ្ឋអាមេរិក ។ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រាប់បញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញបានបញ្ចេញរថយន្តដឹកបងប្អូនពលករទាំងអស់នោះទៅស្រុកកំណើតរៀងៗខ្លួន ដោយមិនគិតថ្លៃឡើយ ។

ជំនួសមុខអាជ្ញាធររាជធានីភ្នំពេញ សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់ សូមកុំចាញ់បោកមេខ្យល់ដែលសន្យាថា រត់ការទៅធ្វើការនៅប្រទេសនេះ ប្រទេសនោះ ការពិតគឺជាល្បិចកល់សម្រាប់បោកបញ្ឆោតបងប្អូនទាំងអស់ ដើម្បីបានលុយពីបងប្អូន ។ មុននឹងបងប្អូនធ្វើអ្វីមួយ ត្រូវពិនិត្យ និងគិតអោយបានដិតដល់បំផុត តើក្រុមហ៊ុន មានយីហោឬអត់ ? និង មានអាជ្ញាប័ណ្ណអនុញ្ញាត ឬទេ ? ៕តារាវុទ្ធី

website_news/2023100303.txt · Last modified: 2023/03/10 08:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki