website_news:2023100304

នគរបាលប្រឆាំងការជួញដូរមនុស្សឃាត់ខ្លួនបុរសម្នាក់ជាមេខ្យល់ ពាក់ព័ន្ធករណី នាំពលករជាង ១០០នាក់ ទៅធ្វើការនៅកូរ៉េ

https://news.btv.com.kh/article/20961 2023/03/09 11:58:13 am

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌខណ្ឌពោធិ៍សែនជ័យ បានចុះត្រួតពិនិត្យរដ្ឋបាលផ្ទះសំណាក់មួយកន្លែងយីហោ «នាគទេព» រកឃើញជនរងគ្រោះចំនួន ១២៤នាក់ (ស្រី ៣៩នាក់) និងឃាត់ខ្លួនប្រុសមេខ្សល់ម្នាក់ រួមទាំងដកហូតលិខិតឆ្លងដែនមួយចំនួន ពាក់ព័ន្ធករណី នាំពលករមិនស្របច្បាប់ទៅធ្វើការនៅប្រទេសកូរ៉េ ។

សូមជម្រាបជូនថា កាលពីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលផែនការងារប្រឆាំការជួញដូរមនុស្សនិងការពារអនីតិជននិងការងារយេនឌ័រ និងលោកវរសេនីយ៍ទោ ហាក់ លី នាយការិយាល័យ បានសហការជាមួយកម្លាំងគណៈបញ្ជាឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះត្រួតពិនិត្យរដ្ឋបាលផ្ទះសំណាក់ «នាគទេព» ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលជាមេខ្យល់មាន ឈ្មោះ តាំ ច័ន្ទទី ហៅ សីហា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅផ្ទះជួល សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា ខ្លួនបានកុហកបោកប្រាស់ទៅជនរងគ្រោះជាង ១០០ នាក់នោះថា នឹងនាំពួកគាត់ទៅធ្វើការនៅប្រទេសកូរ៉េ ដោយក្នុងម្នាក់ៗត្រូវចំណាយលុយពី ៦០០ទៅ ៨០០ដុល្លារ ដើម្បីចំណាយទៅលើការធ្វើលិខិតឆ្លងដែនរួចឲ្យមក បានសម្រាកនៅទីតាំងផ្ទះសំណាក់នេះត្រៀមចេញទៅប្រទេសកូរ៉េ។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា ពួកគាត់ពិតជាបានបានខាតបង់ប្រាក់ដែលបានឲ្យទៅជនសង្ស័យជាមេខ្យល់ ក្នុងម្នាក់ៗ ចន្លោះពី ៦០០ដុល្លារ ទៅ ៨០០ដុល្លារ ពិតប្រាកដមែន។ បច្ចុប្បន្នកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កំពុងកសាងសំណុំ បញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះចំនួន ១២៤នាក់ (ស្រី ៣៩នាក់) អនុញ្ញាតឲ្យវិលត្រលប់ទៅលំនៅដ្ឋានវិញ៕ អត្ថបទ៖ កុម្ភៈ

website_news/2023100304.txt · Last modified: 2023/03/10 08:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki