website_news:2023100401

លោក ស ខេង៖ ភ្ញៀវទេសចរ និងវិនិយោគគេមិនមកទេ បើដោះស្រាយបញ្ហាជួញដូរមនុស្សមិនបានល្អ

https://www.rfi.fr/km//20230407-?ref=tgi ចុះផ្សាយនៅថ្ងៃ៖ 07/04/2023 - 08:08

លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឲ្យខេត្តដែលជាប់ព័ន្ធករណីជួញដូរមនុស្សត្រូវចូលរួមដោះស្រាយឲ្យមានប្រសិទ្ធភាព ដើម្បីឈានទៅបិទបញ្ចប់បញ្ហានេះ។ បើតាមលោក ស ខេង ករណីនេះ មិនមែនជារឿងធម្មតាឡើយ ជារឿងធ្វើឲ្យខូចមុខមាត់និងកិត្តិយសកម្ពុជា ដែលធ្វើឲ្យភ្ញៀវទេសចរ និងអ្នកវិនិយោគខ្លាចរអា មិនហ៊ានមកកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី៦ ខែមេសា។

គិតមកទល់នឹងពេលនេះមានប្រមាណ ៨៥០ពាក្យបណ្ដឹងហើយ ដែលបានប្ដឹងឲ្យជួយសង្គ្រោះពីករណីសង្ស័យពីការជួញដូរមនុស្សនៅកម្ពុជា។ បើតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ករណីជួញដូរមនុស្សនេះ ខេត្តដែលជាប់ពាក់ព័ន្ធមានប្រមាណជាង ១០ខេត្ត គឺខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពត កោះកុង ពោធិ៍សាត់ ប៉ៃលិន ស្វាយរៀង ឧត្តរមានជ័យ បន្ទាយមានជ័យជាដើម ដោយករណីនេះផ្ដើមចេញពីខេត្តព្រះសីហនុមុនគេ បន្ទាប់មកទើបរាលដាលដល់ខេត្តផ្សេងៗទៀត។ បណ្ដឹងប្រមាណ ៨៥០ពាក្យបណ្ដឹងនេះ លោក ស ខេង ចង់ឃើញខេត្តដែលជាប់ពាក់ព័ន្ធ ដោះស្រាយឲ្យមានប្រសិទ្ធភាព ដើម្បីឈានទៅបិទបញ្ចប់បញ្ហានេះ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ សង្កត់ធ្ងន់ថា បើពាក្យបណ្ដឹងទាំងនេះនៅមិនទាន់ដោះស្រាយចប់សព្វគ្រប់ទេ មិនអាចឈានទៅបិទបញ្ចប់បញ្ហាជួញដូរមនុស្សនៅកម្ពុជាឡើយ។ លោក ស ខេង សង្កត់ធ្ងន់ទៀតថា រឿងនេះមិនមែនជារឿងធម្មតាឡើយ ជារឿងជាប់ព័ន្ធកិត្តិយសមុខមាត់កម្ពុជា បើមិនដូច្នោះទេភ្ញៀវទេសចរ និងអ្នកវិនិយោគទន់បរទេសមិនហ៊ានមកកម្ពុជាឡើយ ប្រសិនបើការដោះស្រាយមិនបានល្អទេនោះ ព្រោះគេមិនទុកចិត្តកម្ពុជា។ លោកថា ការដោះស្រាយបញ្ហានេះ ក៏ជាចំណែកមួយជួយដល់ទំនាក់ទំនងអន្តរជាតិរបស់កម្ពុជាដែរ ជាពិសេសជាមួយបណ្ដាជាមិត្តទាំងអស់។

យ៉ាងណាមិញបើតាមលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា ពាក្យបណ្ដឹងប្រមាណ៨៥០នេះ មានខ្លះប្ដឹងឲ្យជួយសង្រ្គោះ ដោយសង្ស័យថា ជួញដូរមនុស្ស ប៉ុន្តែពេលចុះទៅស្រាវជ្រាវផ្ទាល់ករណីខ្លះ មិនមែនជាករណីជួយដូរមនុស្សឡើយ។ លោកស្រីបន្តថា ការស្រាវជ្រាវតាមបណ្ដឹង ឃើញថាមានករណីខ្លះឆ្លងដែនមកដោយខុសច្បាប់ និងខ្លះទៀតរកឃើញថាជាករណីជួញដូរមនុស្ស។ ត្រង់បញ្ហានេះ លោកស្រីបានគូសបញ្ជាក់ថា គ្រប់បណ្ដឹងទាំងអស់ មិនមែនសុទ្ធសឹងជាករណីជួញដូរមនុស្សនោះទេ។

សូមបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាជួញដូរមនុស្សនេះ របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក បង្ហាញថា កម្ពុជាបានធ្លាក់ទៅកម្រិតទី៣ ឬបញ្ជីខ្មៅ នៃសកម្មជួញដូរមនុស្សប្រចាំឆ្នាំ២០២២។ ក្រោយពីអាមេរិកចេញរបាយការណ៍ទម្លាក់កម្ពុជាទៅកម្រិតទី៣ ឬបញ្ជីខ្មៅ នៃសកម្មជួញដូរមនុស្ស រដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស បានចេញប្រតិបត្តិការបង្រ្កាប ដោយបានចាប់ខ្លួនមេខ្លោង និងអ្នកពាក់ព័ន្ធមួយចំនួន ហើយជួយសង្រ្គោះមនុស្សបានជាច្រើននាក់ពីការជួញដូរនេះ ខណៈប្រតិបត្តិនេះបានចាប់ផ្ដើមធ្វើនៅខេត្តព្រះសីហនុ និងខេត្តដទៃទៀតជាបន្តបន្ទាប់។

ពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀតនេះ លោក ស ខេង ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ វិច្ឆិកាកន្លងទៅ ធ្លាប់បានលើកឡើងថា បើគ្មានមន្រ្តីជាប់ពាក់ព័ន្ធទេ បញ្ហាទាំងនេះ គឺងាយស្រួលដោះស្រាយបំផុត។ លោកធ្លាប់ត្អូញត្អែរថា ពិបាកស្រាវជ្រាវណាស់ បើមានមន្រ្តីជាប់ពាក់ព័ន្ធ ព្រោះបើមន្រ្តីជាប់ពាក់ព័ន្ធ ការដោះស្រាយ គឺផ្អែកតាមអារម្មណ៍ មិនបានផ្អែកតាមគោលការណ៍ច្បាប់ឡើយ៕

website_news/2023100401.txt · Last modified: 2023/04/10 12:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki