website_news:2023100405

ស្ត្រីជនជាតិចិនម្នាក់ បានស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសបុកសម្តេចក្រឡាហោម

https://cen.com.kh/archives/645422.html Posted ByPen Srey NeatApril 8, 2023

ភ្នំពេញ ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស គណៈបញ្ជាការដឹកនាំប្រតិបត្តិការ ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្ដាញនាំមនុស្សឆ្លងដែនខុសច្បាប់ បានចេញសេចក្តីប្រកាសព័ត៌មានថា ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ សូមជម្រាបជូនដល់សាធារណជនអំពីលទ្ធផលប្រតិបត្តិការស្វែងរកជនបរទេស ដែលបាន ស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម (ករណីលេខ ៧៧៩)។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រតិបត្តិការ ទទួលបានសំណើសុំអន្តរាគមន៍ពីស្ត្រីជនជាតិចិន ឈ្មោះ SONG HUILING កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៧ កាន់លិខិតឆ្លងដែនលេខ EG6006217 ដែល សង្ស័យត្រូវបានបង្ខាំងក្នុងទីតាំងមួយកន្លែងស្ថិតនៅខេត្តកោះកុង។ ក្រោយទទួលបានសំណើសុំអន្តរាគមន៍នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាល ខេត្តកោះកុង បានចុះស្រាវជ្រាវរកឃើញស្ត្រីជនជាតិចិនខាងលើ កំពុងស្នាក់នៅក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅខេត្តកោះកុង។ តាមការបំភ្លឺរបស់សាមីខ្លួនបានឱ្យដឹងថា រូបនាងបានចូលមកប្រទេសកម្ពុជានៅ ចុងខែកញ្ញា ឆ្នាំ២០២២ ក្នុងគោលបំណងមកស្នាក់នៅ និងធ្វើការក្នុងក្រុមហ៊ុនមួយកន្លែងនៅខេត្តកោះកុង តាមរយៈភ្នាក់ងារស្វែងរកការងារនៅប្រទេសចិន។ អំឡុងពេលធ្វើការអស់រយៈពេល ០៦ខែ គឺពុំមានការបង្ខាំង បិទសិទ្ធសេរីភាព ឬធ្វើទារុណកម្មនោះទេ ប៉ុន្តែដោយសាររូបនាងមានបំណងចង់ត្រឡប់ទៅប្រទេសចិនវិញ ទើបនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ បានដាក់សំណើសុំអន្តរាគមន៍តាមទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ដោយសារតែខ្លួនធ្លាប់បានសុំក្រុមហ៊ុនលាឈប់ចំនួន ០២លើក ប៉ុន្តែក្រុមហ៊ុនមិនអនុញ្ញាត ព្រោះក្រុមហ៊ុន កំពុងខ្វះបុគ្គលិក និងស្នើសុំរូបនាងឱ្យជួយបន្តការងាររហូតដល់មានបុគ្គលិកថ្មីមកជំនួស។

ផ្អែកតាមការ ពិនិត្យស្ថានភាពជាក់ស្ដែង និងការបំភ្លឺរបស់សាមីខ្លួន ករណីនេះក្រុមប្រតិបត្តិការពិនិត្យឃើញថា មិនមាន ការបង្ខាំង ឬធ្វើទារុណកម្មនោះទេ ផ្ទុយទៅវិញ គឺឈ្មោះ SONG HUILING ស្នើសុំសមត្ថកិច្ចជួយអន្តរាគមន៍ ឱ្យខ្លួនបានឈប់ពីការងារ និងត្រឡប់ទៅប្រទេសកំណើតវិញ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានបញ្ជូនឈ្មោះ SONG HUILING ទៅកាន់មណ្ឌលត្រៀមបណ្តេញ ចេញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

website_news/2023100405.txt · Last modified: 2023/04/10 12:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki