website_news:2023100502

អង្គការសង់ត្រាល់បារម្ភពីការកើនឡើងនៃករណីចាប់ខ្លួនពលករចំណាកស្រុកខ្មែរនៅថៃ ខណៈមន្ដ្រីកម្ពុជាកំពុងដោះស្រាយរឿងនេះ

https://www.postkhmer.com/national/2023-05-04-1819-249698.html សំបាន ច័ន្ទដារ៉ា | Publication date 04 May 2023 | 18:19 ICT

ភ្នំពេញៈ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បង្ហាញក្តីបារម្ភជុំវិញកំណើននៃការឃាត់ខ្លួនពលករកម្ពុជាដោយអាជ្ញាធរថៃ អំឡុងពេលពួកគេធ្វើដំណើរឆ្លងដែនចូលរកការងារធ្វើនៅទឹកដីថៃ ពិសេសអំឡុងពេលក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងទៅ ខណៈមន្រ្ដីកម្ពុជាកំពុងដោះស្រាយករណីនេះ។ ការលើកឡើងពីក្តីព្រួយបារម្ភរបស់អង្គការសង់ត្រាល់ដូច្នេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ស្តីពីការចាប់ខ្លួនពលករកម្ពុជាពីសំណាក់អាជ្ញាធរថៃ ដោយបានបញ្ជាក់ថា ការឃាត់ខ្លួនពលករកម្ពុជាដែលចំណាកស្រុកនៅទឹកដីថៃនេះ ពាក់ព័ន្ធនឹងការគ្មានឯកសារស្របច្បាប់គ្រប់គ្រាន់ ឬអស់សុពលភាពឯកសារឬក៏ការធ្វើដំណើរមិនត្រឹមត្រូវតាមនីតិវិធីនិងមិនមានលទ្ធភាពបង់ប្រាក់តាមច្រកព្រំដែនផ្លូវការ។

សេចក្តីថ្លែងការណ៍អះអាងថា៖ «តាមរយៈការអង្កេត និងការកត់ត្រាទិន្នន័យរបស់អង្គការសង់ត្រាល់យើងបានរកឃើញថា ក្នុងរយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ករណីនៃការឃាត់ខ្លួនពលករកម្ពុជាដែលឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលមានរហូតដល់២៥ករណី ក្នុងនោះមានជនរងគ្រោះចំនួន ១ ២៩៧នាក់ ស្ត្រីជាង ៧០០នាក់ និងកុមារជាង៦០នាក់»។ ប្រភពដដែលបានបន្តថា ពលករខ្មែរភាគច្រើនត្រូវបានចាប់ឃាត់ខ្លួន និងទទួលរងការធ្វើទុក្ខទោស ទារុណកម្ម ការចាប់ដាក់ខ្នោះ និងចាប់ឃុំខ្លួនបណ្តោះអាសន្នពីសំណាក់អាជ្ញាធរថៃ។ ពលករខ្មែរជាច្រើនបានត្រូវឃុំខ្លួនក្នុងអគារដែលមានលក្ខណៈតូចចង្អៀត។ ទាក់ទងនឹងករណីនេះដែរ អង្គការសង់ត្រាល់ បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ពិសេសអាជ្ញាធរមានសមត្ថកិច្ច ជួយអន្តរាគមន៍ និងស្វែងរកដំណោះស្រាយជាមួយភាគីថៃ ក្នុងការដោះលែងពលករកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញ និងការពារសិទ្ធិរបស់ពួកគេឱ្យមានសុខសុវត្ថិភាពទាំងពេលធ្វើដំណើរ ស្នាក់នៅ និងធ្វើការនៅប្រទេសគោលដៅ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មិនអាចទាក់ទងសុំការអធិប្បាយទាក់ទងនឹងករណីនេះបានទេ។

ក៏ប៉ុន្ដែ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ (គ.ជ.ប.ជ) បានឱ្យដឹងតាមរយៈតេឡេក្រាមកាលពីល្ងាចថ្ងៃទី៣ ខែឧសភា ថា ក្រសួងការងារកម្ពុជាបានជួបពិភាក្សាជាមួយក្រសួងការងារថៃកាលពីសប្តាហ៍មុន។ លោកស្រីបានបញ្ជាក់ថា ៖ «ចំណែកខ្ញុំនឹងដឹកនាំគណៈប្រតិភូអន្តរស្ថាប័នទៅពិនិត្យស្ថានភាពពលករតាមការអញ្ជើញរបស់ភាគីថៃ។ សង្ឃឹមថា អាចរកឃើញដំណោះស្រាយមួយចំនួន»។ សូមបញ្ជាក់ដែរថា កាលពីដើមខែមេសា លោកស្រី ជូ ប៊ុនអេង បានពិភាក្សាជាមួយអន្តរក្រសួងពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាពលករដែលកំពុងស្នាក់នៅគ្មានឯកសារ និងកំពុងប្រើប្រាស់ឯកសារធ្វើការងារដែលផុតសុពលភាព នៅប្រទេសថៃ។ បើតាមក្រសួងមហាផ្ទៃ កិច្ចពិភាក្សានេះធ្វើឡើងដើម្បីរកដំណោះស្រាយសមស្របក្នុងនីតិវិធីនៃការផ្តល់ភាពស្របច្បាប់ សម្រាប់ពលករនៅក្នុងប្រទេសថៃ ដើម្បីចៀសវាងបញ្ហាដដែលៗដែលពលករនៅតែមិនទទួលភាពស្របច្បាប់ ។

ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍របស់អង្គការសង់ត្រាល់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោកជិន ម៉ាលីន បានលើកឡើងពីបញ្ហាផ្លូវច្បាប់ថា ជារឿងធម្មតាសម្រាប់ករណីនេះ ដោយសារពលករកម្ពុជាត្រូវតែគោរពច្បាប់របស់ប្រទេសដែលខ្លួនអាស្រ័យការងារ តួយ៉ាងដូចករណីនៅប្រទេសថៃនេះ ប្រសិនបើពលករនោះបានបំបានគោលការណ៍ច្បាប់របស់គេទាំងបញ្ញត្តិព្រហ្មទណ្ឌ ឬច្បាប់អន្តោប្រវេសន៍ ពលករត្រូវទទួលខុសត្រូវ ប្រឈមមុខនឹងផ្នែកច្បាប់។ ទោះជាយ៉ាងណាសម្រាប់ដំណោះស្រាយករណីនេះលោក ជិន ម៉ាលីន បានប្រាប់ថា៖ «រដ្ឋាភិបាលកម្ពុជាដែលមានតំណាងស្ថានទូតនៅទីនោះ[ប្រទេសថៃ] ក្នុងការពារសិទ្ធិរបស់ពលរដ្ឋខ្លួនឯងយើងអាចធ្វើការសម្របសម្រួល ផ្តល់សេវាផ្នែកច្បាប់ផ្សេងៗដើម្បីការពារពលរដ្ឋយើងដែលកំពុងប្រឈមមុខផ្លូវច្បាប់ និងអាចអនុវត្តនូវកិច្ចព្រមព្រៀងផ្សេងៗទៀតពាក់ព័ន្ធនឹងវិស័យព្រហ្មទណ្ឌរវាងប្រទេសទាំង២»៕

website_news/2023100502.txt · Last modified: 2023/05/10 07:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki