website_news:2023100505

អង្គការអន្តរជាតិទេសន្តរប្រវេសន៍ ត្រៀមជួយកម្ពុជាក្នុងការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍

https://www.postkhmer.com/national/2023-05-05-0936-249727.html ភ្នំពេញ ប៉ុស្តិ៍ | Publication date 05 May 2023 | 09:36 ICT

ភ្នំពេញៈ លោកស្រី Sarah Lou Arriola ប្រធានអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកថ្មី បានប្តេជ្ញាចិត្ត ត្រៀមខ្លួន ក្នុងការបន្តជួយកម្ពុជា ដើម្បីសម្រេចបាននូវបេសកកម្មរបស់ខ្លួន ក្នុងការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងការអភិវឌ្ឍធនធានមនុស្ស។ នេះបើយោងតាមផេកហ្វេសប៊ុកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រី Sarah Lou Arriola បានថ្លែងបែបនេះ ក្នុងពេលដែលលោកស្រីបានដឹកនាំគណៈប្រតិភូអង្គការ IOM មកទស្សនកិច្ចនៅកម្ពុជា និងបានចូលជួបសម្តែងការគួរសមជាមួយលោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារកាលពីថ្ងៃទី ៣ ខែឧសភា។

ក្រៅពីស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការ IOM លោក ហ៊ូ វុឌ្ឍី បានលើកឡើងពីការគាំទ្ររបស់អង្គការ IOM រួមមានការបន្តកសាងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងដល់សមាគមទីភ្នាក់ងារជ្រើសរើសពលករឯកជន ស្តីពីប្រព័ន្ធអន្តរជាតិនៃការជ្រើសរើសពលករដោយសុចរិត។ លោករដ្ឋលេខាធិការលើកឡើងទៀតថា IOM បានបន្តសហការជាមួយក្រសួងក្នុងការសម្របសម្រួល និងផ្តល់អាហារូបករណ៍ដល់ពលករទេសន្តរប្រវេសក៍ដែលវិលត្រឡប់ ចូលរៀនជំនាញអគ្គិសនី និងបរិក្ខារត្រជាក់ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបចេ្ចកទេស និងវិជ្ជាជីវៈ នៅខេត្តសៀមរាប និងពង្រីកទៅបណ្តាខេត្តផ្សេងៗទៀត ស្របតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវធ្វើការបណ្តុះបណ្តាលវគ្គជំនាញខ្លីៗបន្ថែមទៀតដល់យុវជនកម្ពុជា ឱ្យធ្វើការក្នុងស្រុកបាន ១,៥ លាននាក់។

លោកស្រី Sarah Lou Arriola ក៏បានថ្លែងអំណរគុណអំពីការផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ និងបានលើកឡើងអំពីសារៈសំខាន់នៃការអភិវឌ្ឍជំនាញ និងការលើកកម្ពស់ការជ្រើសរើសពលករប្រកបដោយសុចរិតភាព និងយុត្តិធម៌ ដែលមានក្នុងប្រព័ន្ធ IRIS។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការ IOM និងក្រសួងការងារ៕

website_news/2023100505.txt · Last modified: 2023/05/10 07:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki