website_news:2023100506

ប៉ូលិសហ្វីលីពីន ដោះលែងពួកជនឆបោកតាមប្រព័ន្ធអ៊ិនធ័រនែត ជាង ១ ០០០នាក់

https://www.rfi.fr/km//20230506-?ref=tgi ចុះផ្សាយនៅថ្ងៃ៖ 06/05/2023 - 17:07

នៅប្រទេសហ្វីលីពីន ថ្ងៃសៅរ៍ នគរបាលបានសម្រេចដោះលែងពួកជនឆបោកតាមប្រព័ន្ធអ៊ិនធ័រនែត ជាង ១ ០០០ នាក់។ ពួកគេទាំងនេះ ក៏ជាជនរងគ្រោះដែរ ដែលត្រូវឆបោកកេងប្រវញ្ចពីពួកក្រុមមេគំនិត និងមេខ្សែបណ្តាញជួញដូរបោកប្រាស់ ប្រមាណជាង ១០នាក់ ភាគច្រើនជាជនជាតិ ចិន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ អ្នកច្បាប់ហ្វីលីពីន បានអំពាវនាវឲ្យអាជ្ញាធរពង្រឹងវិធានការឲ្យម៉ឺងម៉ាត់ទប់ស្កាត់អំពើជួញដូរមនុស្ស និងការបោកបញ្ឆោតតាមប្រព័ន្ធបច្ចេកវិទ្យា។

ជនឆបោកតាមប្រព័ន្ធអ៊ិនធ័រនែត ចំនួន ១០៩០ នាក់ ត្រូវនគរបាលហ្វីលីពីន ចាប់ឃាត់ខ្លួននៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរមនុស្សដ៏ធំ ពីថ្ងៃព្រហស្បតិ៍ នៅ Mabalacat ចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ប៉ែកខាងជើងពីរដ្ឋធានីម៉ានីល និងត្រូវដោះលែងវិញ នៅថ្ងៃសៅរ៍។ នេះបើតាមអ្នកនាំពាក្យនគរបាលជាតិហ្វីលីពីន Michelle Sabino និងដែលឲ្យដឹងទៀតថា ភាគច្រើននៃពួកគេទាំងនោះ គឺជាជនជាតិ ចិន វៀតណាម និងឥណ្ឌូនេស៊ី។

បើតាមប៉ូលិស ពួកជនឆបោកតាមប្រព័ន្ធអ៊ិនធ័រនែតទាំងនោះ ក៏ជាជនរងគ្រោះដែរ ព្រោះតែត្រូវពួកមេគំនិត បោកបញ្ឆោតឲ្យចូលទៅប្រទេសហ្វីលីពីន ហើយក៏ត្រូវចាប់បង្ខាំង និងត្រូវដកហូតលិខិតឆ្លងដែនទុក ហើយត្រូវគេបង្ខំឲ្យធ្វើការជាទម្ងន់ រហូតដល់១៨ម៉ោងក្នុង១ថ្ងៃ ដើម្បីបោកបញ្ឆោតអ្នកដទៃទៀត បន្តៗគ្នា។ មធ្យោបាយសម្រាប់ឆបោកបន្តៗគ្នានេះ គឺទាក់ទងតាមអ៊ិនធ័រនែត និងដោយការសន្យាផ្តល់ការងារធ្វើ មានប្រាក់ខែច្រើន ឬ សន្យារៀបការ បង្កើតគ្រួសារ ទិញផ្ទះសម្បែងកសាងអនាគតរួមគ្នា ឬក៏ សន្យាបង្កើតមុខរបររកស៊ីរួមគ្នា នៅពេលមកដល់ប្រទេស ហ្វីលីពីន ជាដើម។ ហើយដើម្បីសម្រេចដំណើរការនីមួយៗដូចការសន្យា ពួកគេទាំងនោះបានលួងលោមល្បួងចិត្ត ឲ្យផ្ញើផ្ទេរលុយឲ្យពួកគេ។ ជនរងគ្រោះ មួយចំនួន ឆោត ត្រចៀកស លង់ជឿ មិនត្រឹមតែផ្ញើលុយកាក់ទេ តែថែមទាំងរហូតដល់ធ្វើដំណើរទៅ ហ្វីលីពីន ហើយត្រូវជាប់ទន្ទាក់កាន់តែធ្ងន់ គឺ ត្រូវពួកនេះ បោកប្រើសព្វគ្រប់ ធ្វើបាបរាងកាយ និងឃុំខ្លួនដូចអ្នកទោស ក្នុងបន្ទប់តូចៗ។

បើតាមប៉ូលិសហ្វីពីនដដែល អ្នកចាញ់បោកគេទាំងនោះ ក៏មានជនជាតិហ្វីលីពីនខ្លួនឯង ហើយនិងមាន ជនជាតិ ម៉ាឡេស៊ី ថៃ តៃវ៉ាន់ ហុងកុង ភូមា និង នេប៉ាល់ ជាដើម។ ក្រុមមនុស្សគោលដៅដែលពួកគេចង់ឆបោកដ៏សំខាន់ដែរ គឺអ្នករស់នៅ កាណាដា អាមេរិក និង អឺរ៉ុប ។ ស្នងការនគរបាលអន្តោប្រវេសន៍ហ្វីលីពីន ក៏បានពញ្ញាក់ស្មារតីចំពោះព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ នៅក្រៅប្រទេស ដែល ក្រុមជនខិលខូចឆបោក អាចឆ្លៀតឱកាសឆបោកបាន ដ្បិតថា ករណីជាក់ស្តែងមាន បេក្ខបុរស បេក្ខនារី ត្រូវគេអញ្ជើញទៅប្រកួតប្រជែងសម្រស់នៅឆាកអន្តរជាតិ ក៏ប៉ុន្តែបែរជាទីបំផុត ត្រូវប៉ូលិសរកឃើញនៅក្នុងសំណាញ់របស់ពួកជនល្មើសឆបោកទៅវិញ។ ក្នុងស្មារតីប្រុងប្រយ័ត្ននេះដែរ នគបាលហ្វីលីពីន បានផ្តាំឲ្យ ក្រុមកីឡាករហ្វីលីពីន ដែលទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅកម្ពុជា ឲ្យចេះប្រយ័ត្នប្រយែងខ្លួន៕

website_news/2023100506.txt · Last modified: 2023/05/10 07:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki