website_news:2023100702

កម្ពុជា ចេញសេចក្តីណែនាំស្តីពីការការពារកុមារតាមអ៊ីនធឺណិត

https://www.khmertimeskh.com/501320611/ Khmer Times July 7, 2023

ប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ចេញនូវគោលការណ៍ ណែនាំសម្រាប់ការការពារកុមារតាមអ៊ីនធឺណិត ដើម្បីធានាបាននូវបទពិសោធន៍អនឡាញប្រកបដោយសុវត្ថិភាព និងវិជ្ជមានសម្រាប់កុមារទាំងអស់។ គោលការណ៍ណែនាំនេះ គឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការគាំទ្រពីភាពជាដៃគូសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF)។ គោលការណ៍ណែនាំនេះមានគោលបំណងលើកទឹកចិត្តដល់ឧស្សាហកម្មក្នុងវិស័យអនឡាញ ដើម្បីទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ទៅនឹងការគំរាមកំហែងដែលកំពុងកើតមានដែលបង្កឡើងដោយការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

លោក Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍ថា “កុមារចំណាយពេលច្រើនលើអ៊ីនធឺណិតជាងពេលមុនៗ។ ការរីកចម្រើនលើអ៊ីនធឺណិតផ្តល់ឱកាសគ្មានដែនកំណត់។ប៉ុន្តែជាមួយគ្នានេះ វាបានបង្ករឱ្យមានហានិភ័យធ្ងន់ធ្ងរ” ។ គាត់បានប្រសាសន៍ថា “ការគំរាមកំហែងតាមអ៊ីនធឺណិត និងទម្រង់ផ្សេងទៀតនៃអំពើហឹង្សាពីមិត្តភ័ក្តិអាចប៉ះពាល់ដល់យុវជនរាល់ពេលដែលពួកគេចូលលេងក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ឬវេទិកាផ្ញើសារភ្លាមៗ។ ការព្រួយបារម្ភបំផុតគឺការគំរាមកំហែងនៃការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានលើអ៊ីនធឺណិត”។ ការរកឃើញថ្មីៗដែលត្រូវបានរាយការណ៍ដោយការសិក្សាដែលមានឈ្មោះថា “កម្ពុជារារាំងគ្រោះថា្នក់ (Cambodia Disrupting Harm)” ជាសកលរបស់អង្គការយូនីសេហ្វ បញ្ជាក់ពីនិន្នាការនេះជាមួយនឹងកុមារកម្ពុជា ១នាក់ក្នុងចំណោម ១០នាក់ ដែលមានអាយុពី ១២ ទៅ ១៧ឆ្នាំ ដែលកំពុងជួបប្រទះនូវទម្រង់នៃការកេងប្រវ័ញ្ចផ្លូវភេទ ឬការរំលោភបំពានលើអ៊ីនធឺណិត។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា “គោលការណ៍ណែនាំបែបនេះ បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូនានា ក្នុងការប្រកាន់ជំហរច្បាស់លាស់ លើការការពារកុមារពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទគ្រប់ទម្រង់នៅក្នុងប្រទេសកម្ពុជា”។ លោកបន្តថា គោលការណ៍ណែនាំផ្តល់ការណែនាំ និងឱកាសច្បាស់លាស់សម្រាប់សមាជិកឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល រួមមានប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ប្រតិបត្តិករទូរស័ព្ទចល័ត ក្រុមហ៊ុនបង្ហោះទិន្នន័យ អ្នកបង្កើតមាតិកា និងអ្នកផលិត ក៏ដូចជាអ្នកបង្កើតកម្មវិធីសូហ្វវែ និងអ្នកបង្កើតអាប (app) ដើម្បីបង្កើនសុវត្ថិភាពកុមារលើ និងយុវជនគ្រប់រូបលើបណ្តាញអ៊ីនធឺណិត ស្របតាមសិទ្ធិកុមារអន្តរជាតិ និងស្តង់ដារសីលធម៌ខ្ពស់បំផុត៕ Xinhua

website_news/2023100702.txt · Last modified: 2023/07/10 15:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki