website_news:2023100705

ជនជាតិវៀតណាមបីនាក់ត្រូវជាប់ពន្ធនាគារច្រើនឆ្នាំពីបទរត់ពន្ធមនុស្សទៅប្រទេសកាណាដា

https://kohsantepheapdaily.com.kh/article/1768049.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ០៩ ខែ កក្កដា ឆ្នាំ ២០២៣ ម៉ោង ០៧:១៧

នៅពេលខ្លះ, មនុស្សធ្វើចំណាកស្រុកដោយសារមេខ្យល់ដើរនិយាយពន្យុះមនុស្សនៅតាមស្រុកភូមិដើម្បីទៅរស់នៅស្រុកគេ។ ពួកគេបោកបញ្ឆោតថារស់នៅស្រុកគេមានសុភមង្គល និងងាយស្រួលរកលុយ។ គោលបំណងរបស់ពួកគេដើម្បីឱ្យជនរងគ្រោះពឹងពាក់ពួកគេដើម្បីរត់ការខុសច្បាប់។ អ្នកដែលចំណេញគឺមេខ្យល់ និងបក្សពួករបស់គេ។ ចំណែកជនរងគ្រោះជួនកាលទឹកភ្នែកជូតក្បាលជង្គង់។ ខាងក្រោមនេះជាឧទាហរណ៍នៃការរត់ពន្ធមនុស្សនៅវៀតណាម ដែលនាំទៅដល់ការកាត់ទោសមនុស្សបីនាក់។

ជនជាតិវៀតណាម២នាក់បងប្អូនត្រូវតុលាការរកឃើញថាមានទោសពីបទរត់ពន្ធមនុស្សខុសច្បាប់ទៅប្រទេសដទៃ។ បុរសឈ្មោះង្វៀនវឿងកឿង អាយុ៤០ឆ្នាំ ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៣ឆ្នាំ, ខណៈដែលបុរសឈ្មោះង្វៀនវ៉ាន់តៃ (Nguyen Van Tai) អាយុ៣២ឆ្នាំ ត្រូវជាប់ពន្ធនាការ២ឆ្នាំកន្លះ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់តុលាការសាលាដំបូងប្រចាំទីក្រុងហាណូយ។ អ្នកសមគំនិតនៅក្នុងអំពើនេះគឺនារីឈ្មោះង្វៀនធីញ៉ាន (Nguyen Thi Nhan) អាយុ៣២ឆ្នាំ រស់នៅខេត្តភូថូ (Phu Tho) ត្រូវជាប់ពន្ធនាគារ១ឆ្នាំកន្លះ ពីបទដើររកម៉ូយឱ្យបុរសទាំង២នាក់ដើម្បីផ្ដល់សេវាខុសច្បាប់នេះ។

តុលាការរកឃើញថាកាលពីខែមិថុនា ឆ្នាំ២០២១, កឿង និងតៃ ផ្សព្វផ្សាយតាមហ្វេសប៊ុកថាខ្លួនមានសេវាធ្វើទិដ្ឋាការ និងជួយរត់ការសម្រាប់អ្នកដែលចង់ទៅរស់នៅស្រុកគេ។ ក្រោយមក, មានមនុស្ស២នាក់ចាប់អារម្មណ៍នឹងការផ្សព្វផ្សាយនេះ។ ម្នាក់ជានារីឈ្មោះញ៉ាន និងម្នាក់ទៀតឈ្មោះធី។ នារីឈ្មោះធី និងស្វាមី ចង់ទៅរស់នៅប្រទេសកាណាដា។ ប៉ុន្តែពួកគេស្នើសុំទិដ្ឋាការពីស្ថានទូតកាណាដាពុំដែលបានទេ ព្រោះពួកគេអាយុច្រើន និងម៉្យាងទៀត ពួកគេគ្មានប្រាក់ធានាគ្រប់គ្រាន់។

បន្ទាប់ពីពិគ្រោះគ្នាអំពីបញ្ហានេះរួច, បុរសឈ្មោះកឿងក៏ប្រាប់ឱ្យ២នាក់ប្ដីប្រពន្ធដាក់ពាក្យស្នើសុំទិដ្ឋាការជាអ្នកទេសចរដើម្បីទៅលេងកាណាដា។ តាមគម្រោងរបស់ពួកគេ នៅពេលទៅដល់កាណាដា, ពួកគេត្រូវរស់នៅលាក់ខ្លួន និងរកការងារធ្វើដោយលួចលាក់។ នេះក៏ជាមេរៀនសម្រាប់អ្នកដទៃទៀតដែលអាចនឹងចាញ់បោកគេ។ អ្នកខ្លះលេងផ្លូវកាត់។ ឮមេខ្យល់ធានាថារកការងារឱ្យធ្វើ និងរស់នៅស្រុកគេ។ តាមពិត, មេខ្យល់ប្រើវិធីបែបហ្នឹង។ អ្វីៗគឺធ្វើឡើងដោយលួចលាក់ទាំងអស់។ ពីរនាក់ប្ដីប្រពន្ធត្រូវបង់លុយម្នាក់១ម៉ឺន ៥ពាន់ដុល្លារឱ្យមេខ្យល់។ តម្លៃនេះគ្រាន់តែជួយសម្រួលដឹកជញ្ជូនពួកគេលួចលាក់ទៅកាណាដា។ នៅក្នុងករណីខ្លះ ពួកឈ្មួញគ្រាន់តែដឹកមនុស្សទៅទម្លាក់ចោលត្រឹមកាណាដា ឬប្រទេសគោលដៅដែលពួកគេចង់ទៅ។ បន្ទាប់ពីនោះ, ពួកគេត្រូវដោះស្រាយដោយខ្លួនឯង។

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២, ២នាក់ប្ដីប្រពន្ធទទួលបានទិដ្ឋាការ។ ពួកគេប្រាប់ឱ្យបុរសឈ្មោះកឿង និងតៃស្នើសុំទិដ្ឋាការ១ទៀតឱ្យកូនស្រីអាយុ១៩ឆ្នាំដើម្បីទៅកាណាដាទាំងអស់គ្នា។ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២, តៃទទួលបានលុយ១ម៉ឺន ៨ពាន់ដុល្លារពី២នាក់ប្ដីប្រពន្ធ។ ផែនការរបស់ពួកគេជិតបានសម្រេចទៅហើយ។ស្រាប់តែនៅថ្ងៃឡើងយន្តហោះទៅកាណាដានៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២, អាជ្ញាធរមិនអនុញ្ញាតឱ្យពួកគេចាកចេញទេព្រោះមានបញ្ហាពាក់ព័ន្ធនឹងប័ណ្ណចាក់វ៉ាក់សាំង។ នៅក្នុងសំណុំរឿង១ទៀត, តុលាការរកឃើញថានារីឈ្មោះញ៉ានរកបានម៉ូយម្នាក់ទៀត។ នាងក៏ទាក់ទងទៅបុរសឈ្មោះតៃដើម្បីជួយរត់ការឱ្យបុរសនោះបានទៅរស់នៅកាណាដាផង គេឱ្យ២ម៉ឺន ៣ពាន់ដុល្លារ ជាថ្លៃសេវារត់ការសុទ្ធ។ រីឯថ្លៃសំបុត្រយន្តហោះ គេចេញលុយខ្លួនឯង។ នៅក្នុងការរត់ការនេះ, នារីឈ្មោះញ៉ាន់ទទួលបានប្រាក់កម្រៃជើងសារ៨ពាន់ដុល្លារ៕

website_news/2023100705.txt · Last modified: 2023/07/10 16:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki