website_news:2023101001

មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវបញ្ជូននារីរងគ្រោះពីការជួញដូរមកកម្ពុជាវិញ

https://www.rfa.org/khmer/news/human-rights/cambodian-women-who-were-trafficking-in-lao-were-repatriated-to-cambodia-10072023113709.html ដោយ ថា ថៃ2023.10.07

មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ (Laos) បញ្ជូននារីរងគ្រោះពីការជួញដូរ ៦នាក់ មកកម្ពុជាវិញ ខណៈស្ត្រីរងគ្រោះម្នាក់ទៀតសមត្ថកិច្ចឡាវ និងកម្ពុជា មិនទាន់ស្វែងរកឃើញនៅឡើយ។ មន្ត្រីផ្នែកសិទ្ធិមនុស្សលើកឡើងថា ប្រសិនបើរដ្ឋាភិបាលមានចំណាត់ការត្រឹមការជួយសង្គ្រោះជនរងគ្រោះ ដោយគ្មានការស៊ើបអង្កេតស្វែងរកមេខ្លោងយកមកផ្ដន្ទាទោសនោះបញ្ហាស្ត្រីខ្មែររងគ្រោះពីការជួញដូរនឹងនៅតែបន្តកើតមានដដែល។

ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវប្រកាសនៅថ្ងៃទី៦ ខែតុលា ថា នារីរងគ្រោះពីការជួញដូរចំនួន ៦នាក់ពួកគាត់បានចាកចេញពីទីក្រុងវៀងចន្ទន៍ (Vientiane) មកកាន់ទីក្រុងបាកសេ (Bakse) ហើយ និងរង់ចាំអគ្គកុងស៊ុលកម្ពុជាប្រចាំតំបន់នោះសម្របសម្រួលឱ្យពួកគាត់បន្តធ្វើដំណើរតាមច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង ដើម្បីត្រឡប់មកកម្ពុជាវិញ។ ទោះបីជាយ៉ាងណា ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ និងអាជ្ញាធរឡាវមិនទាន់ស្វែងរកឃើញនារីខ្មែរម្នាក់ទៀតដែលរងគ្រោះពីការជួញដូរ និងបង្ហាញលទ្ធផលស៊ើបអង្កេតចុងនៅឡើយទេ។

វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ ដើម្បីសាកសួរជុំវិញរឿងនេះបានទេនៅថ្ងៃទី៦ ខែតុលា។

ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ កាលពីថ្ងៃទី៣០ ខែកញ្ញា ប្រកាសថា សមត្ថកិច្ចឡាវនៅតំបន់ត្រីកោណមាស បានជួយសង្គ្រោះស្ត្រីខ្មែរបានចំនួន ៦នាក់ បន្ទាប់ពីក្រុមនារីរងគ្រោះទាំងនោះផ្សព្វផ្សាយជាវីដេអូលើបណ្ដាញសង្គម ដោយស្នើឱ្យអាជ្ញាធរកម្ពុជាជួយសង្គ្រោះជាបន្ទាន់ ក្រោយពីពួកគាត់ដឹងថា មេខ្យល់ និងថៅកែជនជាតិចិនបម្រុងនាំពួកគាត់ទៅលក់នៅប្រទេសផ្សេងទៀត។ ក្នុងចំណោមនារីរងគ្រោះទាំង ៦នាក់ ក្នុងនោះមាន ២នាក់ អះអាងប្រាប់វិទ្យុអាស៊ីសេរីថា ពួកគេសុទ្ធតែចាញ់បោកការល្បួងលោមលួងពីមេខ្យល់ដោយកុហកថា មានការងារទទួលបានចំណូលខ្ពស់នៅប្រទេសឡាវ ប៉ុន្តែពេលពួកគាត់ទៅដល់កន្លែងការងារថៅកែជនជាតិចិន និងមេខ្យល់បែរជាបង្ខំឱ្យអង្គុយចាំដេកជាមួយភ្ញៀវ ឬបម្រើផ្លូវភេទទៅវិញ។

អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់វិទ្យុអាស៊ីសេរីថា សមត្ថកិច្ចកម្ពុជា និងឡាវ នៅតែបន្តសហការស្វែងរកនារីខ្មែរម្នាក់ទៀតដែលរងគ្រោះពីការជួញដូរ។ អ្នកស្រីអះអាងទៀតថា សមត្ថកិច្ចនៃប្រទេសទាំងពីរក៏កំពុងស្រាវជ្រាវស្វែងរកមេខ្យល់ និងមេខ្លោងពាក់ព័ន្ធនឹងការជួញដូរមនុស្សយកមកផ្ដន្ទាទោសតាមច្បាប់ដែរ។ អ្នកស្រីអំពាវនាវឱ្យពលរដ្ឋខ្មែរបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបុគ្គល ឬប្រភពមិនច្បាស់លាស់ដែលឃោសនាក្នុងគោលបំណងឱ្យបង់ប្រាក់ដល់ពួកគេបន្តិចបន្តួច ហើយទទួលបានការងារធ្វើនៅក្រៅប្រទេសទទួលបានប្រាក់ចំណូលខ្ពស់។

អ្នកស្រី ជូ ប៊ុនអេង៖ «ដូចពួកគាត់អ៊ីចឹងពេលដែលទៅ គេប្រាប់ឱ្យធ្វើការនៅទីនោះ [ប្រទេសឡាវ] មួយខែក្នុងម្នាក់ទទួលបាន ៥ពាន់ដុល្លារ។ គិតថា គាត់អាចទៅរួចទេ? នៅពេលដែលរបស់ងាយពេកដោយយើងអត់មានសមត្ថភាព ហើយយើងជាអ្នកនៅវ័យក្មេងទៅទៀត ប៉ុន្តែនេះគឺជាការអូសទាញរបស់មេខ្យល់ ឬមួយរបស់ជនល្មើស។ បណ្ដាញមេខ្យល់មិនមែននៅក្នុងប្រទេសណាមួយទេ គឺរេបណ្ដាញរហូតដល់ប្រទេសធំៗក៏មានជនល្មើសនៅទីនោះដែរ ពីព្រោះគេបានប្រើវិធីសាស្ត្រអូសទាញតាមប្រព័ន្ធអនឡាញ»។

ជុំវិញរឿងនេះ ប្រធានផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា បញ្ហាពលរដ្ឋខ្មែររងគ្រោះព្រោះការជួញដូរនៅក្រៅប្រទេសនៅតែក្ដីព្រួយបារម្ភ ព្រោះលោកថា អាជ្ញាធរពាក់ព័ន្ធមិនទាន់ចាត់វិធានការលើក្រុមមេខ្យល់ និងមេខ្លោងជួញដូរមនុស្សឱ្យមានប្រសិទ្ធភាពនៅឡើយ។ ក្រៅពីនេះ លោកជំរុញដល់រដ្ឋាភិបាលបង្កើនការផ្ដល់កិច្ចគាំពារដល់ស្ត្រីខ្មែររងគ្រោះ និងវាយតម្លៃផលប៉ះពាល់ផ្នែកស្មារតី និងរាងកាយ ដើម្បីបញ្ជូនពួកគាត់ទៅប្រឹក្សាជាមួយអ្នកជំនាញបានទាន់ពេល។

លោក ឌី ថេហូយ៉ា៖ «ទាំងបញ្ហាផ្លូវកាយ ផ្លូវចិត្ត ធម្មតាជនរងគ្រោះគាត់រងគ្រោះទាំងពីរ ការជួយសង្គ្រោះជនរងគ្រោះយើងត្រូវធ្វើការវាយតម្លៃថា តើគាត់រងគ្រោះទៅលើអ្វីខ្លះ? អ៊ីចឹងរដ្ឋាភិបាលក៏គួរពិចារណា ទៅលើការគាំពារ ផ្នែកសេដ្ឋកិច្ច ហើយមួយទៀតពាក់ព័ន្ធផ្នែកវិជ្ជាជីវៈ។ ធម្មតាមនុស្ស ឬប្រជាពលរដ្ឋនៅក្នុងសង្គមមួយដែលគាត់អត់វិជ្ជាជីវៈដែលអត់អាចរកការងារធ្វើបាន ថ្ងៃមុខថ្ងៃក្រោយគាត់លំបាក គាត់គង់តែអាចភ្លាត់ស្នៀតចាញ់បោកគេដដែលទេ អ៊ីចឹងរបៀបនៃការធ្វើការរបស់រដ្ឋត្រូវសិក្សាពិចារណាឱ្យបានលម្អិតទៅចំណុចទាំងអស់ហ្នឹង»។

លោក ឌី ថេហូយ៉ា ព្រួយបារម្ភអំពីស្ថានភាពនៃមន្ត្រីអាជ្ញាធរប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ដែលជាហេតុនាំឱ្យក្រុមមេខ្យល់នៅតែហ៊ានប្រព្រឹត្តអំពើជួញដូរមនុស្ស។ លោកបន្ថែមថា បើរដ្ឋាភិបាលចាត់វិធានការត្រឹមការជួយសង្គ្រោះជនរងគ្រោះ ហើយគ្មានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងគ្មានការស្វែងរកជនល្មើសពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សយកផ្ដន្ទាទោសទេនោះ ពលរដ្ឋ ជាពិសេសស្ត្រីខ្មែរនៅតែប្រឈមរងគ្រោះពីការជួញដូរតាមរយៈមេខ្យល់យកទៅលក់នៅក្រៅប្រទេសដដែល៕

website_news/2023101001.txt · Last modified: 2023/10/10 11:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki