website_news:2023101002

អាជ្ញាធរគ្រោងបណ្ដេញជនជាតិជប៉ុន ២៥នាក់ចេញពីកម្ពុជាពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស

https://www.rfa.org/khmer/news/human-rights/cambodian-expelled-25-japanese-who-were-involved-with-human-trafficking-10072023102701.html 2023.10.07

អាជ្ញាធរកម្ពុជាគ្រោងបណ្ដេញជនជាតិជប៉ុន (Japan) ២៥នាក់ ចេញពីប្រទេសកម្ពុជា និងដាក់ចូលក្នុងបញ្ជីខ្មៅមិនឲ្យពួកគេជាន់ទឹកដីកម្ពុជាឡើយ ដោយសារតែពួកគេជាប់ពាក់ព័ន្ធនឹងបញ្ហាជួញដូរមនុស្ស។

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក កែវ វណ្ណថន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ ខែ តុលា ថា សមត្ថកិច្ចបានបញ្ជូនជនជាតិជប៉ុនទាំងនោះមកដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហើយលោកក៏បានរៀបចំឯកសារត្រៀមបញ្ជូនពួកគេចេញពីប្រទេសកម្ពុជាដែរ។

អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់កាសែតក្នុងស្រុកថា សមត្ថកិច្ចបានចុះបង្ក្រាបជនជាតិជប៉ុនមួយក្រុមនៅចំណុចអគារស្កាយឡាញ (Skyline) ក្នុងរាជធានីភ្នំពេញ កាលពីខែកញ្ញា បន្ទាប់ពីស្ថានទូតជប៉ុនស្នើឱ្យសមត្ថកិច្ចអន្តរាគមន៍ជួយជនរងគ្រោះម្នាក់រងការបង្ខាំង និងអំពើហិង្សា។ ក្រៅពីការឃាត់ខ្លួនជនសង្ស័យជនជាតិជប៉ុន ២៥នាក់ ក្រសួងមហាផ្ទៃកាលពីដើមខែកញ្ញា ប្រកាសតាមចាប់ខ្លួនជនបរទេស ៣នាក់ទៀត ដែលពាក់ព័ន្ធនឹងការបង្ខាំងមនុស្សនេះ។ ប៉ុន្តែ មកទល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់ខ្លួនពួកគេបាននៅឡើយ។ កាលពីឆ្នាំ២០២២ សមត្ថកិច្ចបានបណ្ដេញបរទេសជាង ៣ពាន់នាក់ ក្នុងនោះជនជាតិចិនជាង ១ពាន់ ៣រយនាក់ (១.៣០៨) ឱ្យត្រឡប់ទៅប្រទេសពួកគេវិញ ដោយសារតែពួកគេភាគច្រើនជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆ្លងដែន កាន់កាប់អាវុធខុសច្បាប់ ជួញដូរគ្រឿងញៀន និងជួញដូរមនុស្សជាដើម។

អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សថ្មីៗនេះ រកឃើញថា មានមនុស្សប្រមាណ ១សែននាក់ត្រូវបានបង្ខំឱ្យធ្វើការបោកប្រាស់តាមអនឡាញ (Online) នៅកម្ពុជា ហើយជនរងគ្រោះប្រឈមមុខនឹងការរំលោភបំពាន គំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខ។ ក្រៅពីនេះ មនុស្សជាច្រើនបានទទួលរងការធ្វើទារុណកម្ម និងប្រព្រឹត្តិដោយឃោរឃៅ អមនុស្សធម៌ ការឃុំខ្លួនដោយបំពាន និងអំពើហិង្សាផ្លូវភេទជាដើម៕

website_news/2023101002.txt · Last modified: 2023/10/10 11:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki