website_news:2023110403

រដ្ឋមន្ត្រីក្រសួងការងារ កោតសសើរពលករខ្មែរ ដែលខិតខំធ្វើការងាររកកម្រៃចិញ្ចឹមគ្រួសារ និងរួមចំណែករកចំណូលជូនជាតិ

https://cen.com.kh/archives/645796.html Posted ByCENApril 10, 2023

បាងកក៖ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន គណៈកម្មការផ្តល់ភាពស្របច្បាប់ ជូនពលករខ្មែរកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមសង្រ្កាន្តជាមួយពលករ សិស្សនិស្សិត អាជីវករ និងពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ រៀនសូត្រ និងប្រកបរបរអាជីវកម្មនៅក្នុងប្រទេសថៃ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានកោតសសើរបងប្អូនពលករខ្មែរយើង ដែលមានស្មារតីតស៊ូ អត់ធ្មត់ ខិតខំធ្វើការងាររកកម្រៃចិញ្ចើមគ្រួសារ និងបានរួមចំណែករកចំណូលជូនជាតិ។ ឯកឧត្តមលើកឡើងថា៖ «បងប្អូនពលករយើងនៅថៃមាន១លាន ២សែននាក់ ម្នាក់ៗមួយខែផ្ញើទៅផ្ទះ១៦៧ដុល្លារអាម៉េរិក មួយឆ្នាំ បានប្រមាណ២ពាន់លានដុល្លារ» ។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានពាំនាំផ្ដាំផ្ញើ ការសាកសួរសុខទុក្ខ និងពរបវរ មហាប្រសើរ ពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនខ្មែរទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនពលកររបស់យើង ដែលកំពុងធ្វើការនៅក្រៅប្រទេស។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង គូសបញ្ជាក់ថា សង្រ្កាន្តចូលឆ្នាំខ្មែរ គឺជាបុណ្យប្រពៃណីជាតិ ដ៏ធំរបស់ខ្មែរ កាន់ព្រះពុទ្ធសាសនា ដែលស្ថិតក្នុងដួងចិត្តខ្មែរគ្រប់រូបតាំងពីបុរាណកាលមក។ ឆ្នាំនេះបងប្អូនខ្មែរយើងនៅថៃមួយចំនួន បានទៅលេងស្រុកកំណើតចូលឆ្នាំ តែភាគច្រើន មិនបានទៅលេងស្រុកទេ ដោយរវល់ការងារ តែយើងបានរៀបចំចូលឆ្នាំខ្មែរ តាមប្រពៃណីនៅទីនេះបានដែរ ហើយអាចទំនាក់ទំនង សួរសុខទុក្ខ ជូនពរចូលឆ្នាំថ្មី ដល់អ្នកមានគុណនៅឯស្រុកកំណើតរបស់យើងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ ចំពោះឯកឧត្ដមអគ្គរាជទូត និងសហការី ដែលបានខិតខំបំពេញភារកិច្ច ការទូតតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការជិតខាងល្អ កម្ពុជា-ថៃ ទាំងផ្នែក សេដ្ឋកិច្ច អប់រំ វិស័យការងារ ព្រមទាំងបានផ្ដល់ឱកាសសិក្សាដល់និស្សិត និងផ្ដល់ឱកាសការងារដល់ពលករកម្ពុជារបស់យើងផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ថៃ ជាកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដោយក្នុងនោះ បងប្អូន ពលករខ្មែរ អាចរកការងារ មានប្រាក់ចំណូល ចេះជំនាញការងារដែលកំពុងធ្វើ ពេលត្រឡប់ទៅស្រុកកំណើតវិញ អាចយកជំនាញទាំងនេះទៅចិញ្ចឹមក្រុមគ្រួសារ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ រីឯខាងភាគីប្រទេសទទួល គេបានកម្លាំងពលកម្ម ដើម្បីបំពេញការផលិតរបស់គេដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំបងប្អូនពលករ សូមថែរក្សាសុខភាព សាមគ្គីភាព ចូលរួមគោរពច្បាប់របស់ប្រទេសគេឱ្យបានល្អ ជៀសវាងប្រព្រឹត្តិខុសនាំទោសដល់ខ្លួន។ អំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ពលករយើងមានសិទ្ធិបោះឆ្នោតដូចគ្នា គឺត្រូវបោះឆ្នោតនៅតាមមូលដ្ឋានដែលបងប្អូនចុះឈ្មោះ ដោយឯកឧត្តម បានអំពាវនាវដល់ពលករយើង ក៏ដូចជាក្រុមគ្រួសារបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្តិភាព និងដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត៕

website_news/2023110403.txt · Last modified: 2023/04/11 15:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki