website_news:2023110405

ពលករខ្មែររាប់ពាន់នាក់កំពុងកកស្ទះនៅស្រុកអារញ្ញ ឈមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

http://nokorwatnews.com/archives/987632 10/04/2023

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរសម្រុកពីប្រទេសថៃរាប់ពាន់នាក់បានមកកកស្ទះនៅផ្សាររុងក្លឿស្រុកអារញ្ញខេត្តស្រះកែវ(ថៃ)ឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រៀមចូលមកស្រុកកំណើតរបស់ពួកគាត់វិញ បន្ទាប់ពីរដូវចូលឆ្នាំខ្មែរប្រពៃណីជាតិជិតឈានចូលមកដល់។

តាមសេចក្ដីរាយការណ៍បញ្ជាក់ថា នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះនៅមាត់ច្រកខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ(ប្រទេសថៃ)ឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែតគេឃើញមានពលករប្រុសស្រី ខ្លះមានបង្វេចខោអាវសំពីងសំពោង ខ្លះអង្គុយ ខ្លះឈរត្រៀបត្រារាប់ពាន់នាក់រង់ចាំការវាយត្រាពីសមត្ថកិច្ចថៃ ដើម្បីវិលត្រលប់មកស្រុកកំណើតវិញ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចបន្តថា នៅល្ងាចប្រមាណជាម៉ោង៥ថ្ងៃដដែលនេះ គេនៅតែឃើញពលករខ្មែរសម្រុកមកជាបន្តបន្ទាប់ តែទោះជាយ៉ាងណាក៏ដោយ ការវិលត្រលប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយើងជាច្រើននោះមិនអាចវិលចូលមកផ្ទះរបស់ខ្លួនទាន់ពេលនោះទេ ព្រោះកំណើននៃការវិលត្រលប់របស់ពួកគាត់មានច្រើនកុះករធ្វើឱ្យសមត្ថកិច្ចថៃសម្រួលមិនទាន់ បណ្តាលឱ្យពួកគាត់ស្នាក់អាស្រ័យនៅក្នុងទឹកដីថៃបន្ត។

ប្រភពបានលើកឡើងថាៈ ករណីខាងលើនេះគួរតែមន្ត្រីគ្រប់លំដាប់ថ្នាក់ប្រចាំខេត្តបន្ទាយមានជ័យសហការជាមួយអាជ្ញាធរថៃដើម្បីសម្រួលឱ្យពួកគាត់ធ្វើដំណើរចេញឱ្យបានលឿនព្រោះថាពលរដ្ឋដែលមកនៅខាងភាគីថៃនៅពេលយប់មិនដឹងជាស្នាក់អាស្រ័យនៅទីណា ព្រោះពួកគាត់អ្នកខ្លះមានកូនតូចៗ ម្យ៉ាងទៀតអាចប្រឈមទៅនឹងបញ្ហាសុវត្តិភាពផ្សេងៗកើតឡើងទៅលើពួកគាត់ និងអាចបាត់បង់ប្រាក់កាសដែលជនឆ្លៀតឱកាសលួចបន្លំមកលើពួកគាត់ដែលស្នាក់អាស្រ័យនៅប្រទេសគេដោយពុំមានការគ្រោងទុក។

ដោយឡែកនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតសេចក្ដីរាយការណ៍បានបន្តថាក៏មានច្រើនកុះករផងដែរ អ្នកខ្លះក៏រួតរះបានធ្វើដំណើរទៅផ្ទះ អ្នកខ្លះទៀតក៏ខកខានមិនបានធ្វើដំណើរផងដែរ៕

website_news/2023110405.txt · Last modified: 2023/04/11 15:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki