website_news:2023110501

កម្ពុជា-សិង្ហបុរី រួមគ្នាទប់ស្កាត់បទល្មើសធំៗ ពិសេសបញ្ហាគ្រឿងញៀន ជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យា

https://dap-news.com/national/2023/05/09/330706/ ByKD102Posted on May 9, 2023

ភ្នំពេញ៖ សម្តេច ស ខេង នាយករដ្ឋមន្ត្រីស្ដីទី និងលោក ធាវ ឈី ហាន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខសិង្ហបុរី បានរួមគ្នាទប់ស្កាត់បទល្មើសធំៗមួយចំនួន ពិសេសបញ្ហាគ្រឿងញៀន អំពើជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យា ជាដើម។

ក្នុងជំនួបពិភាក្សាការងាររវាងសម្ដេច ស ខេង និងលោក ធាវ ឈី ហាន នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ ភាគីទាំងពីរ បានជជែកពិភាក្សាផ្លាស់ប្ដូរយោបល់ទៅវិញទៅមក ពាក់ព័ន្ធទៅនឹងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលទាក់ទងបទល្មើសប្រពៃណី និងបទល្មើសមិនប្រពៃណី និងការខិតខំស្វែងរកនូវឱកាស ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនេះ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក្របខ័ណ្ឌតំបន់ តាមរយៈអាស៊ាន និងក្របខ័ណ្ឌអន្តរជាតិសំដៅ ទប់ស្កាត់បទល្មើសធំៗមួយចំនួន ពិសេសបញ្ហាគ្រឿងញៀន អំពើជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យាជាដើម។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ នាយករដ្ឋមន្ត្រីស្ដីទី បានថ្លែងអំណរគុណរដ្ឋាភិបាលសិង្ហបុរី កន្លងមកបានរៀបចំបើក វគ្គបណ្តុះបណ្តាលសិក្ខាសាលា ឬកិច្ចប្រជុំផ្សេងៗដោយបានផ្តល់ឱកាស ឱ្យមន្ត្រីអនុវត្តច្បាប់របស់កម្ពុជាបានចូលរួម។ សម្ដេចបន្ដថា ភាគីទាំងពីរកំពុងតែជជែកពិភាក្សា ដើម្បីរៀបចំឯកសារសហប្រតិបត្តិការជាផ្លូវការជាមួយគ្នា។

សម្ដេច ស ខេង បានបង្ហាញក្ដីសង្ឃឹមជឿជាក់ដែរថា ការរៀបចំឲ្យមានឯកសារសហប្រតិបត្តិការនេះ គឺជាកិច្ចការមួយដែលសមស្របទៅនឹង បរិបទបច្ចុប្បន្នដែលប្រទេសទាំងពីរ ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរ មានការធ្វើដំណើរទៅវិញទៅមកកាន់តែច្រើនឡើង មួយវិញទៀតនោះក៏សមស្របទៅនឹងកាលៈទេសៈ នៃស្ថានភាពប្រែប្រួលនៃបទល្មើសឆ្លងដែន ពិសេសបទល្មើសមិនប្រពៃណី ៕

website_news/2023110501.txt · Last modified: 2023/05/11 07:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki