website_news:2023110503

ជនរងគ្រោះនៃការជួញដូរមនុស្សជនជាតិឥណ្ឌូនេស៊ី ២០ នាក់ ត្រូវបានគេជួយសង្គ្រោះនៅមីយ៉ាន់ម៉ា

https://www.postkhmer.com/international/2023-05-08-1714-249812.html ហួន ឌីណា | Publication date 08 May 2023 | 17:14 ICT

ក្រុមមន្ត្រីឥណ្ឌូនេស៊ី បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួនបានជួយសង្គ្រោះជនជាតិឥណ្ឌូនេស៊ីចំនួន ២០ នាក់ ដែលត្រូវគេជួញដូរទៅប្រទេសមីយ៉ាន់ម៉ាដើម្បីឱ្យធ្វើការក្នុងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត នៅពេលដែលករណីជួញដូរមនុស្សនៅតំបន់អាស៊ីអាគ្នេយ៍កើនឡើង។

ក្រសួងការបរទេសឥណ្ឌូនេស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ស្ថានទូតឥណ្ឌូនេស៊ីប្រចាំទីក្រុងយ៉ាំងហ្គោន ក្រោមជំនួយនៃបណ្តាញក្នុងស្រុកមីយ៉ាន់ម៉ា បានគ្រប់គ្រងការជួយសង្រ្គោះជនរងគ្រោះទាំងអស់នោះចេញពីក្រុង Myawaddy នៃរដ្ឋ Kayin State ដែលនៅជាប់ព្រំដែនថៃ ហើយនាំពួកគេទៅកាន់ប្រទេសថៃកាលពីថ្ងៃសៅរ៍។

មន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីម្នាក់គឺលោក Judha Nugraha បានឱ្យដឹងថា ក្រុមអ្នករើសកម្មករក្លែងក្លាយ បានសន្យាផ្ដល់ការងារដែលមានប្រាក់ខែខ្ពស់ដល់ជនជាតិឥណ្ឌូនេស៊ី ប៉ុន្តែជំនួសមកវិញ ជនរងគ្រោះទាំងនោះ ត្រូវបានគេដឹកយកទៅធ្វើការនៅទីក្រុង Myawaddy ដើម្បីឱ្យធ្វើការបោកប្រាស់តាមអ៊ីនធឺណិត ឬកម្មវិធីក្រីបតូ ឬកម្មវិធីទូរស័ព្ទជាដើម។ ការណ៍នេះ បានបង្ករជាកំហឹងក្នុងប្រទេសឥណ្ឌូនេស៊ី ក្រោយមានការចែកចាយនូវវីដេអូមួយកាលពីខែមុន ដែលបង្ហាញពីជនរងគ្រោះឥណ្ឌូណេស៊ីម្នាក់អង្គុយក្នុងបន្ទប់ទាំងទឹកមុខក្រៀមក្រំ ហើយអង្វរសុំឱ្យរដ្ឋាភិបាលឥណ្ឌូនេស៊ីជួយសង្គ្រោះខ្លួន ដែលរងការធ្វើបាបលើរូបរាងកាយស្ទើររាល់ថ្ងៃ។

ជនរងគ្រោះនោះ និយាយក្នុងខ្សែវីដេអូថា៖«សូមជួយពួកយើងត្រឡប់ទៅឥណ្ឌូនេស៊ីវិញផង ពីព្រោះជីវិតរបស់យើងនៅទីនេះពិតជាវេទនា និងរងការគំរាមកំហែងខ្លាំងណាស់» តាមរយៈការធ្វើទារុណកម្មរូបកាយដូចជាឆក់ខ្សែភ្លើង និងទណ្ឌកម្មលើរាយកាយផ្សេងៗទៀត នៅពេលធ្វើការងារមិនបានសម្រេចគោលដៅជាក់លាក់។ ជនរងគ្រោះបន្តថា គ្រប់គ្នាត្រូវបានគេផ្ទេរពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយទៀតក្នុងរយៈពេល ៨ ខែកន្លងមកនេះ មុនគេផ្ទេរទៅក្រុង Myawaddy ដែលនៅជាប់ព្រំដែនថៃ។

អាជ្ញាធរ បានអះអាងថា ជនរងគ្រោះទំនងជាត្រូវបានគេជួញដូរទៅប្រទេសមីយ៉ាន់ម៉ាតាមមធ្យោបាយខុសច្បាប់ដោយសារតែគ្មានកំណត់ត្រាចូលមីយ៉ាន់ម៉ាណាមួយ មាននៅក្នុងប្រព័ន្ធអន្តោប្រវេសន៍របស់មីយ៉ាន់ម៉ា។ យ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើការដោះលែងជនរងគ្រោះទាំង ២០នាក់ ត្រូវបានធានាដោយរបៀបណា ប៉ុន្តែអ្នកនាំពាក្យប៉ូលិសជាតិឥណ្ឌូនេស៊ី លោកSandi Nugroho បាននិយាយថា ការចរចាត្រូវបានធ្វើឡើងជាមួយក្រុមហ៊ុនដែលជួលជនរងគ្រោះទាំងនោះ។ បន្ថែមពីលើនេះ កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បានប្រាប់សន្និសីទសារព័ត៌មានថា រដ្ឋាភិបាលកំពុងធ្វើការដើម្បីជួយដល់ជនរងគ្រោះឥណ្ឌូនេស៊ី ដែលជាជនរងគ្រោះនៃការឆបោកតាមអ៊ីនធឺណិតនៅមីយ៉ាន់ម៉ា កម្ពុជា ថៃ វៀតណាម ឡាវ និងហ្វីលីពីន៕

website_news/2023110503.txt · Last modified: 2023/05/11 07:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki