website_news:2023110505

HRWចាត់ទុកសមត្ថកិច្ចថៃមើលងាយពលករខ្មែរដូចសត្វធាតុករណីយកច្រវាក់ចង

https://www.rfa.org/khmer/news/human-rights/hrw-considers-thai-authorities-to-despise-cambodian-workers-as-animals-05072023072342.html ដោយ ទីន ហ្សាការីយ៉ា2023.05.07

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកសកម្មភាពសមត្ថកិច្ចថៃប្រមាថមើលងាយពលករខ្មែរដូចសត្វធាតុ ករណីចាប់ដាក់ច្រវាក់ជាក្រុមៗពេលថ្មីៗនេះ។ ទន្ទឹមនឹងនេះអង្គការសង្គមស៊ីវិល និងអ្នកច្បាប់ក៏ជំរុញឱ្យរដ្ឋាភិបាលធ្វើកំណត់ទូតទៅប្រទេសថៃលើករណីនេះដែរ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Right Watch បានថ្កោលទោស សមត្ថកិច្ចថៃថា ប្រមាថមើលងាយពលករខ្មែរ ដូចសត្វធាតុករណីចាប់ចងដោយច្រវាក់ ហើយទាមទារឱ្យមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់។

នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ខែឧសភា ថា ទង្វើសមត្ថកិច្ចថៃជាការប្រមាថមើលងាយពលករខ្មែរដូចសត្វធាតុ។ លោក ហ្វីល រ៉ូប៉ឺតសុន៖ «វាគឺជារឿងហួសហេតុដែលមិនអាចទទួលយកបានទេ ករណីដែលសមត្ថកិច្ចថៃ ប្រើច្រវាក់ដែកចងពលករខ្មែរដែលជាប់ឃុំទាំងនេះ។ នេះជាការប្រមាថមើលងាយលើកិត្តិយស និងបង្ហាញថា សមត្ថកិច្ចថៃមើលងាយពលករដូចសត្វធាតុ»។ លោកទាមទារមន្ត្រីផ្នែកអន្តោប្រវេសន៍របស់ថៃ បើកការស៊ើបអង្កេតរកការពិតលើករណីនេះ ដើម្បីធានាថា មិនមានការប្រើច្រវាក់ចងពលករដោយប្រមាថ មើលងាយ របៀបនេះបន្តទៀតនៅថ្ងៃអនាគត។ ប្រតិកម្មរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះ បន្ទាប់ពីសមត្ថកិច្ចថៃបង្ក្រាបពលករចំណាកស្រុក នៅក្នុងទីក្រុងបាងកក នៅពាក់កណ្តាលខែមេសា ហើយបានចាប់ពលករខ្មែរចងច្រវាក់ជាក្រុមៗបញ្ជូនចេញពីកន្លែងធ្វើការងាររបស់ពួកគេ ទៅកន្លែងឃុំឃាំង។

មន្ត្រីផ្នែកសិទ្ធិមនុស្សបារម្ភថា ក្រៅពីរូបថតប៉ុន្មានសន្លឹកបែកធ្លាយករណីសមត្ថកិច្ចថៃចងដោយច្រវាក់នេះ អាចមានករណីធ្វើទារុណកម្ម និងប្រមាថមើលងាយផ្សេងៗទៀតដែលត្រូវមានការស៊ើបអង្កេត។ នៅក្នុងអំឡុងខែមេសា ក្រោយពេលចូលឆ្នាំខ្មែរ ហើយក៏មានវីដូឃ្លីបថតដោយពលករខ្មែរជាប់ឃុំនៅក្នុងរនាំងដែក ហើយត្អូញត្អូញត្អែរពីការខ្វះទឹក និងអាហារបរិភោគ។ សំឡេងពលករជាប់ឃុំ៖ «បងប្អូនអើយនេះជាប់គុកអត់ប៉ាស្ព័រ នៅក្នុងគុកច្រើនគ្នាណាស់។ នេះគ្រាន់តែនៅខាងនេះ នៅមាននៅខាងក្រៅនៅបន្ទប់ខាងនេះខាងនោះទៀត នៅច្រើនណាស់។ ឥឡូវគេថាជាប់ទោសក្នុងគុក ៣ខែខ្លះ៨ខែ។ អាហ្នឹងខ្ញុំឮគេថា ដែរនៅក្នុងគុកទាំងអស់គ្នានេះ។ ហើយខ្ញុំអត់ទឹកហូបទឹកអីទេ ហើយជាប់ទោសអី ក៏យូរម្លេះខ្ញុំជំពាក់អង្គការគេច្រើនណាស់បងប្អូនអើយ។ សុំស៊ែខ្ញុំបង្ហោះនេះ សូមបងប្អូនជួយស៊ែដល់សម្តេច ហ៊ុន សែន អីហ្នឹង ប៊ុនរ៉ានីអីហ្នឹង»។

មន្ត្រីផ្នែកការពារសិទ្ធិពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃលោក លឹង សុផុន មានប្រសាសន៍ថា ក្រុមការងាររបស់លោកកំពុងតែតាមដានករណីនេះ។ លោកបន្ត ថាបើត្រឹមតែរស់នៅ និងធ្វើការផុតឯកសារ ស្របច្បាប់គឺមិនគួរចាប់ចងដូចអ្នកប្រព្រឹត្តិបទឧក្រិដ្ឋធ្ងន់ធ្ងរបែបនេះទេ។ លោក លឹង សុផុន៖ «ករណីធម្មតាដែលបងប្អូន មិនមានឯកសារគ្រប់គ្រាន់មិនគួរណាដាក់ច្រវាក់ដល់ថ្នាក់ហ្នឹងទេ។ យើងមើលទៅដូចជា ទោសឧក្រិដ្ឋដូចជាទោសដែលធ្ងន់ពេកហើយ។ យើងមើលទៅមិនគួរដល់ថ្នាក់ហ្នឹងទេ បើយើងត្រឹមតែមិនមានឯកសារគ្រប់គ្រាន់ ឬមិនមានប័ណ្ណការងារត្រឹមត្រូវអីចឹងនោះ»។

សាស្ត្រាចារ្យ និងជាអ្នកប្រឹក្សាយោបល់ផ្នែកច្បាប់លោក ស៊ឹម វិបុល ពន្យល់ករណីនេះ ថាតាមច្បាប់អន្តរជាតិកម្ពុជាជាប្រទេសសាមីមានកាតព្វកិច្ចការពារពលរដ្ឋខ្លួន តាមរយៈការធ្វើកំណត់ទូតទៅប្រទេសថៃ ឬប្តឹងទៅអង្គការអន្តរជាតិរួមទាំងអង្គការសហប្រជាជាតិផងដែរ។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ និងអ្នកនាំពាក្យក្រសួងការបរទេសលោក អាន សុខឃឿន បានទេ នៅថ្ងៃទី៦ ខែឧសភា។ ចំណែកស្ថានទូតខ្មែរប្រចាំប្រទេសថៃ និងស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ក៏មិនឆ្លើយតបសាររបស់អ្នកសារព័ត៌មានអាស៊ីសេរីដែលផ្ញើទៅតាំងពីថ្ងៃទី៤ ខែឧសភា។

បើទោះជាអ្នកនាំពាក្យក្រសួងការបរទេសប្រាប់វិទ្យុបារាំង ផ្សាយជាខេមរភាសា តាំងពីថ្ងៃទី២៩ ខែមេសា ដោយទទួលស្គាល់ថា ពលករដែលសមត្ថកិច្ចថៃដាក់ច្រវាក់នោះ ជាពលករខ្មែរក៏ដោយ ក៏រហូតមកដល់ថ្ងៃទី៦ ខែឧសភា នេះ មិនទាន់ឃើញក្រសួងការបរទេស ឬស្ថានទូតខ្មែរប្រចាំប្រទេសថៃមានប្រតិកម្មណាមួយជាផ្លូវការនោះទេ។ ទាំងនៅលើហ្វេសប៊ុកផេករបស់ក្រសួងការបរទេស និងហ្វេសប៊ុកស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃមិនបាននិយាយពីពលរដ្ឋខ្មែរ ដែលត្រូវសមត្ថកិច្ចថៃចាប់ចងដោយច្រវាក់ជាក្រុមៗនោះទេ។

អ្នកផ្សព្វផ្សាយខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ចាត់ទុកការដាក់ច្រវាក់ពលករខ្មែរនេះ ជាការប្រមាថធ្ងន់ធ្ងរ ដែលរដ្ឋាភិបាលថៃ និងរដ្ឋាភិបាល កម្ពុជាត្រូវមានការឆ្លើយតបចំពោះករណីនេះ។ លោក ស្រ៊ុន ស្រ៊ន៖ «វាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទាំងរដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាលថៃត្រូវទទួលខុសត្រូវ។ មិនមែនជាបន្ទុកតែរដ្ឋាភិបាលថៃទេ ជាធម្មតាទេ យើងចូលក្នុងប្រទេសគេមួយរយៈចុងក្រោយនេះ មានការរើសអើងខ្លាំងក្លារវាងខ្មែរថៃ។ យើងមើលឃើញពីនីតិវិធីនៃការសង្គ្រោះពលរដ្ឋខ្មែរ ក៏អ៊ីចឹងដែរ បើយើងមិនចូលរួមជួយទេ គឺស្មើនឹងរដ្ឋាភិបាលខ្មែរចូលរួមប្រព្រឹត្តិឧក្រិដ្ឋកម្មហ្នឹងជាមួយរដ្ឋាភិបាលថៃ ជាមួយទាហានថៃជាមួយប៉ូលិស និងអាជ្ញាធរថៃដែរ»។

សេចក្តីថ្លែងការណ៍របស់អង្គការសង់ត្រាល់ នៅខែឧសភា ឆ្នាំ២០២៣ បានព្រួយបារម្ភចំពោះស្ថានភាព ពលករខ្មែរដែលបន្តសម្រុក ទៅរកការងារធ្វើនៅប្រទេសថៃទាំងខុសច្បាប់ ខណៈបច្ចុប្បន្នពលករខ្មែរកំពុងធ្វើការនៅក្នុងប្រទេសនោះចំនួន ២លាននាក់ ហើយក្នុងនោះពាក់កណ្តាលធ្វើការងារដោយខុសច្បាប់៕

website_news/2023110505.txt · Last modified: 2023/05/11 07:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki