website_news:2023110901

រាជរដ្ឋាភិបាល នឹងធ្វើលិខិតឆ្លងដែនជូនពលករដែលធ្វើការនៅក្រៅប្រទេសដល់ទីកន្លែង

https://btv.com.kh/article/29963 2023/09/09 10:46:11 am

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នឹងធ្វើការសម្របសម្រួលលិខិតឆ្លងដែនដល់បងប្អូនពលករដែលកំពុងធ្វើការនៅក្រៅប្រទេស ឲ្យដល់ប្រទេសដែលពួកគាត់ធ្វើការនៅទីនោះតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើរឡើងចុះ ខណៈគម្រោងនេះនឹងចាប់ផ្តើមធ្វើនៅប្រទេសកូរ៉េមុនគេតែម្តង។

ថ្លែងនៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត ជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៤ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចបានពិភាក្សាគ្នាជាមួយស្ថាប័នពាក់ព័ន្ធរួចខ្លះមកហើយដើម្បី សម្របសម្រួលលិខិតឆ្លងដែន ឬលិខិតស្នាមផ្សេងៗសម្រាប់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស ដើម្បីកុំឲ្យពួកគាត់ជួបការលំបាកក្នុងការចំណាយថវិកាទៅមក ដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចឲ្យមានការបង្កើតការិយាល័យនៅសាមីប្រទេសដែលពួកគាត់កំពុងធ្វើការតែម្តង។

ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានបញ្ជាឲ្យក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ សហការគ្នាជាមួយក្រសួងពាក់ព័ន្ធ រៀបចំបង្កើតអគ្គកុងស៊ុលបន្ថែមទៀត នៅប្រទេសថៃ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅទីនោះ ដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អគ្គកុងស៊ុល ដែលគ្រោងនឹងបង្កើតថ្មីបន្ថែមទៀតនេះ គឺមាននៅទីក្រុងបាងកក និងតំបន់ភាគខាងត្បូងប្រទេសថៃ៕ អត្ថបទ៖ បាន ចក់

website_news/2023110901.txt · Last modified: 2023/09/11 10:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki