website_news:2023110902

នាយករដ្ឋមន្ត្រីចេញបញ្ជាដោះស្រាយរឿងតម្លៃក្រៅផ្លូវការក្នុងការធ្វើលិខិតស្នាមតាមព្រំដែន

https://kohsantepheapdaily.com.kh/article/1800734.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ០៩ ខែ កញ្ញា ឆ្នាំ ២០២៣ ម៉ោង ១៣:៥០

រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធដោះស្រាយការធ្វើលិខិតស្នាមផ្សេងៗ នៅតាមច្រកព្រំដែន ដែលមានការយកតម្លៃក្រៅផ្លូវការច្រើន។ ការចេញបញ្ជានេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់កម្មករ និងយោជិក ក៏ដូចជាប្រជាពលរដ្ឋ ដែលចង់ធ្វើដំណើរឆ្លងដែនទៅប្រទេសជិតខាងក្នុងគោលបំណងផ្សេងៗ ឱ្យមានភាពងាយស្រួល ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប១៨,២៦៥នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ក្នុងខេត្តកំពង់ស្ពឺ បានណែនាំឱ្យឧបនាយករដ្ឋមន្ត្រី នេត សាវឿន ធ្វើការ ជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសខេត្តជាប់ព្រំដែន សំដៅធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេស ដោះស្រាយរឿងកម្រៃក្រៅសេវាពាក់ព័ន្ធនឹងការធ្វើលិខិតស្នាម សម្រាប់ការឆ្លងដែនទៅប្រទេសជិតខាង ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសុំប្រគល់ភារកិច្ចបន្តិចដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន សុំធ្វើការជាមួយនឹងគ្រប់ស្ថាប័ន នឹងខេត្តជាប់ព្រំដែនដែលពាក់ព័ន្ធទៅលើគ្រប់ច្រកចេញ-ចូល ខ្ញុំស្តាប់ឮពីប្រជាពលរដ្ឋ ពលករ រឿងតម្លៃក្រៅផ្លូវការនេះច្រើនណាស់ ដែលគាត់ឆ្លងកាត់ត្រូវប្រឈម, ត្រូវរកវិធីនឹងដំណោះស្រាយដើម្បីកុំឱ្យពិបាកដល់បងប្អូនដែលត្រូវឆ្លងកាត់សុំជួយធ្វើនឹងមួយ» ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យឧបនាយករដ្ឋមន្ត្រី នេត សាវឿន ជួយធ្វើការសម្របសម្រួលជាមួយក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ , អគ្គនាយកដ្ឋានគយ និងរដ្ឋករផ្សេងៗ និងបណ្តាស្ថាប័នផ្សេងៗ ដែលពាក់ព័ន្ធជាមួយនឹងខេត្តជាប់ព្រំដែន ដើម្បីធ្វើយ៉ាងណាជួយរកដំណោះស្រាយណាមួយ ជួយសម្រួលដល់ការឆ្លងកាត់របស់ពលករ ដើម្បីកុំឱ្យមានការប្រឈមនឹងការលំបាកលើតម្លៃ ក្នុងការឆ្លងកាត់ព្រំដែននីមួយៗ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា កងកម្លាំងគ្រប់លំដាប់ថ្នាក់ រួមទាំងមន្ត្រីពាក់ព័ន្ធផ្សេងៗ គឺបានខិតខំប្រឹងប្រែងធ្វើការងារណាស់ ក្នុងរយៈពេលកូវីដ១៩ កន្លងមក ដើម្បីធានានូវប្រក្រតីភាពទំនាក់ទំនង ជាមួយនឹងបណ្តាប្រទេសជិតខាង ដែលរួមមានការខិតខំទាំងបណ្តាអាជ្ញាធរខេត្ត ប៉ូលិស អាវុធហត្ថ គយ ដើម្បីសម្រួលនិងគ្រប់គ្រង លើការធ្វើដំណើរឆ្លងកាត់ព្រំដែននេះ ។

សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា នាពេលកន្លងមក កងកម្លាំងគ្រប់លំដាប់ថ្នាក់ រួមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ បានខិតខំធ្វើការងារជាច្រើន តែក៏នៅមានការងារមួយចំនួន ជាពិសេសរឿងពាក់ព័ន្ធនឹងតម្លៃប្រជាពលរដ្ឋឆ្លងកាត់ព្រំដែននេះ សុំធ្វើយ៉ាងណារកដំណោះស្រាយមួយឱ្យមានចេរភាពតែម្តង ដើម្បីជួយដល់ពលករ ដែលធ្វើដំណើរទៅធ្វើការនៅក្រៅប្រទេសឱ្យមានភាពងាយស្រួល ។

website_news/2023110902.txt · Last modified: 2023/09/11 10:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki