website_news:2023111201

កម្ពុជាបណ្ដេញជនជាតិវៀតណាមជាង២៥០នាក់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ

https://www.rfi.fr/km//20231208-utm_medium=social&utm_campaign=telegram&utm_source=shorty ចុះផ្សាយនៅថ្ងៃ៖ 08/12/2023 - 11:50

មានជនជាតិវៀតណាមពាក់ព័ន្ធនឹងការឆបោកតាមអនឡាញដល់ទៅ២៥៧នាក់ត្រូវបានអគ្គស្នងការនគរបាលជាតិកម្ពុជាឃាត់ខ្លួនបានកាលពីសប្ដាហ៍មុន និងត្រូវបានបណ្ដេញឲ្យចេញពីកម្ពុជាក្នុងថ្ងៃទី៧ ខែធ្នូ។ ការបណ្តេញដល់ទៅ ២៥៧នាក់ជាចំនួនដ៏ច្រើនមួយដែលមហាជនបានសាទរ និងសំណូមពរឲ្យបន្តធ្វើដូចភ្លៀងរលឹម។ ចំណាត់ការលើជនឆបោកតាមអនឡាញបានធ្វើឡើង ខណៈដែលកម្ពុជាបានរងការរិះគន់ពីបទបានលាក់ខ្លួន និងផ្តល់ទីតាំងឲ្យជនល្មើសប្រព្រឹត្តការឆបោកតាមអនឡាញ។

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិវៀតណាមជាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញសរុប២៥៧នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា នៅថ្ងៃទី៧ខែធ្នូឆ្នាំ២០២៣។ ពួកគេត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០២៣ ដោយអគ្គស្នងការនគរបាលជាតិ ត្រង់សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិវៀតណាមទាំងនេះ មានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Online Scam) និងបទល្មើសអន្តោប្រវេសន៍ផ្សេងទៀត រួមមានការធ្វើការខុសច្បាប់ដោយគ្មានប័ណ្ណការងារ ការប្រើទិដ្ឋាការខុសគោលបំណង (ការប្រើទិដ្ឋាការទេសចរណ៍ មកធ្វើការងារ) និងការឆ្លងដែនដោយខុសច្បាប់។ ពួកគេត្រូវបានបណ្ដេញចេញតាមច្រកទ្វារអន្តរជាតិបាវិត និងច្រកព្រំដែនអន្តរជាតិម៉ុកបាយ ដោយមានការសហការពីស្ថានទូតវៀតណាម។ ការបណ្ដេញចេញជនជាតិវៀតណាមខុសច្បាប់ក្នុងចំនួនដ៏ច្រើននេះ បានទទួលមតិសាទរពីមហាជនកម្ពុជាដោយមានអ្នកខ្លះបានសំណូមពរឲ្យរដ្ឋាភិបាលបន្តការងារនេះឲ្យសកម្ម និងគ្មានការឃុបឃិតជាមួយក្រុមជនល្មើស។

គួរបញ្ជាក់ថា សំណុំរឿងឆបោកតាមអនឡាញ(Online Scam) គឺជាបញ្ហាដ៏ចម្បង និង រស៊ើបមួយសម្រាប់កម្ពុជា។ តាមការប៉ាន់ប្រមាណមួយរបស់អង្គការសហប្រជាជាតិកាលពីខែសីហា ឆ្នាំ២០២៣ មានមនុស្សយ៉ាងតិចប្រមាណ១០ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជាអាចត្រូវបានដាក់ឲ្យនៅក្នុងស្ថានភាពមួយ ដែលត្រូវបានគេបង្ខំឲ្យប្រព្រឹត្តអំពើឆបោកតាមអនឡាញ។ ការលើកឡើងរបស់អង្គការសហប្រជាជាតិ កាលណោះត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាច្រានចោល និងថាបានធ្វើឡើងដោយគ្មានទឡ្ហីករណ៍ណាមួយច្បាស់លាស់។ តែក្នុងខែវិច្ឆិកាកន្លងទៅ រដ្ឋមន្រ្តីមហាផ្ទៃកម្ពុជាបានទទួលស្គាល់ថា បទល្មើសឆបោកតាមអនឡាញពិតជាបន្តកើតមានមែន ក៏ប៉ុន្តែស្ថិតក្នុងកម្រិតមួយដែលតិចតួចជាងមុន៕

website_news/2023111201.txt · Last modified: 2023/12/11 13:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki